- 2017-11-01 23:20:00
- ព័ត៌មាន
សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា
- 2017-11-01 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា
ចន្លោះមិនឃើញ
បដិមា ព្រះពុទ្ធ រូប ប្រមាណ ១ពាន់ អង្គ មានគ្រប់ទំហំ និងសណ្ឋាននៃកាយវិការក្នុងសភាពស្ងៀមស្ងាត់ កំពុងអន្ទងដួងចិត្ត និងចាប់ចងក្រសែភ្នែកភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទស្សនាយ៉ាងផ្ចិតផ្ចង់ជាមួយនឹងការស្ញប់ស្ញែងអំពីស្នាដៃសិល្បៈចម្លាក់របស់បុព្វបុរសខ្មែរ។
បដិមាទាំងនេះមានអាយុកាលចាប់តាំងពីមុនសម័យអង្គរដល់សម័យក្រោយអង្គរ ហើយត្រូវបានដាក់តាំងនៅក្នុងវិចិត្រសាលឯក ព្រះពុទ្ធបដិមាមួយពាន់អង្គ ដែលជាផ្នែកដ៏សំខាន់មួយនៃសារមន្ទីរជាតិអង្គរ។
សារមន្ទីរជាតិអង្គរ ជាមជ្ឈមណ្ឌលវប្បធម៌បេតិកភណ្ឌដ៏ធំមួយក្នុងខេត្តសៀមរាប និងបានបើកទ្វារទទួលភ្ញៀវទេសចរចូលទស្សនា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ សារមន្ទីរនេះនឹងផ្សព្វផ្សាយអំពីវប្បធម៌-អរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរបស់សាមន្ទីរមួយនេះ។
លោក សេង កុម្ភៈ ប្រធានផ្នែកថែរក្សាសមច្ច័យ(ថែរក្សា)នៃសារមន្ទីរជាតិអង្គរបានឲ្យដឹងថា សារមន្ទីរនេះបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ២ម៉ឺនម៉ែត្រក្រឡា និងមានបែងចែកជា ៨វិចិត្រសាលធំៗ។ លោកបញ្ជាក់ថា សារមន្ទីរជាតិអង្គរជាកន្លែងផ្ដល់ចំណេះដឹងអំពីអរិយធម៌ខ្មែរដល់ភ្ញៀវទេសចរ មុននឹងអ្នកទាំងនោះទៅទស្សនាដល់ប្រាសាទផ្ទាល់។
បច្ចុប្បន្នសារមន្ទីរជាតិអង្គរមានដាក់តាំងបង្ហាញរូបបដិមា និងចម្លាក់នានាសរុបជាង ១៣០០រូប។ លោក សេង កុម្ភៈ ឲ្យដឹងថា បដិមាទាំងនេះត្រូវបាននាំយកមកពីអភិរក្សដ្ឋានអង្គរ និងសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។
វិចិត្រសាលនីមួយៗរបស់សារមន្ទីរជាតិអង្គរត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ ក្នុងនោះរួមមានវិចិត្រសាលឯកព្រះពុទ្ធបដិមា ១ពាន់អង្គ វិចិត្រសាលអរិយធម៌ខ្មែរ ជំនឿសាសនា វិចិត្រសាលទាក់ទងនឹងអង្គរវត្ត អង្គរធំ ព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យ សិលាចារិក និងសម្លៀកបំពាក់សម័យបុរាណខ្មែរជាដើម។
លោកស្រី Leonie Andrews មន្ដ្រីចូលនិវត្តន៍ជនជាតិអូស្ដ្រាលី កំពុងផ្ចង់អារម្មណ៍គូសរូបព្រះពោធិសត្វមួយអង្គក្នុងវិចិត្រសាលឯក បានឲ្យដឹងថា វិចិត្រសាលនេះពិតជាមានលក្ខណៈល្អវិចិត្រ។ លោកស្រីបានដើរកម្សាន្ដនៅច្រើនប្រទេសមកហើយ ក៏ប៉ុន្ដែលោកស្រីមិនធ្លាប់ឃើញការដាក់តាំងបង្ហាញរូបបដិមារដ៏ច្រើនបែបនេះឡើយ។ លោកស្រីបន្ថែម។
ចំពោះតម្លៃសំបុត្រចូល ទស្សនាវិញគឺមានតម្លៃបីដុល្លារសម្រាប់ភ្ញៀវជាតិ និង១២ដុល្លារសម្រាប់ភ្ញៀវបរទេស។ ក្នុងមួយថ្ងៃមន្ត្រីរបស់សារមន្ទីរថាមានអ្នកចូលទស្សនាប្រហែលជា៤០០នាក់ក្នុងនោះមានជនជាតិ ចិន ជប៉ុន និងកូរ៉េ ជាដើម៕