- 2017-11-04 00:30:00
- ព័ត៌មាន
គំនូរអង្ករគំនិតថ្មី ច្នៃប្រឌិតដ៏គួរឲ្យទាក់ទាញ របស់អ្នកខេត្តសៀមរាប
- 2017-11-04 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនូរអង្ករគំនិតថ្មី ច្នៃប្រឌិតដ៏គួរឲ្យទាក់ទាញ របស់អ្នកខេត្តសៀមរាប
ចន្លោះមិនឃើញ
នៅក្រោមដំបូលមុខផ្ទះតៀមធ្វើពីឈើមានជញ្ជាំង និងដំបូលស័ង្កសី ស្ដ្រីខ្មែរឥស្លាមមួយរូបកំពុងបង្រៀនក្មេងស្រីៗប្រមាណ ១០នាក់ ឲ្យចេះផ្ចង់អារម្មណ៍ និងយកគ្រាប់អង្ករទៅបិទតាមដៅទឹកប៊ិចដែលបានគូសវាសលើបន្ទះក្ដារកុងផ្លាកេ រំលេចចេញជារូបភាពប្លែកៗ និងគួរជាទីទាក់ទាញ។
ជាវិធីសាស្ដ្រនៃការគូរគំនូរដ៏ប្លែកមួយប្រភេទ ដែលត្រូវការប្រើគ្រាប់អង្ករមានជ្រលក់ពណ៌ផ្សេងៗគ្នាទៅបិទតំរៀបម្ដងមួយគ្រាប់ៗរហូតដល់ចេញទៅជារូបរាងដែលចង់បាន។ នេះជាស្នាដៃដែលកើតឡើងពីការច្នៃប្រឌិតរបស់អ្នកស្រី អាយ អ៊ីសា វ័យ៣១ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។
ជាស្ដ្រីមេម៉ាយមានកូនក្រោមបន្ទុកចំនួន៣នាក់ អ្នកស្រី អ៊ីសា បានចាប់ផ្ដើមរៀនប្រើប្រាស់អង្ករសម្រាប់បិទជាគំនូរតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ អ្នកស្រីឲ្យដឹងថា ជាទូទៅមិនថានៅកម្ពុជាឬនៅប្រទេសផ្សេងៗឡើយ គំនូរភាគច្រើនត្រូវគូរដោយប្រើប្រាស់ជក់ និងថ្នាំពណ៌ប្រហាក់ប្រហែលគ្នា។
ដូច្នេះអ្នកស្រីចង់ប្រើប្រាស់នូវគំនិតច្នៃប្រឌិតថ្មីទៅលើស្នាដៃគំនូររបស់ខ្លួនតាមរយៈការប្រើប្រាស់អង្ករ។ មូលហេតុចម្បងដែលជំរុញឲ្យអ្នកស្រីជ្រើសរើសយកអង្ករមកធ្វើជាធាតុផ្សំសំខាន់ សម្រាប់រំលេចជារូបភាពគំនូរនោះ គឺដោយសារតែគំនិតកើតចេញពីការធ្វើនំទ្រាប។
អ្នកស្រីបញ្ជាក់ថាៈ«ថ្ងៃមួយយាយ គាត់ឲ្យខ្ញុំធ្វើនំទ្រាប ពេលធ្វើទៅខ្ញុំក៏ចាប់ផ្ដើមចាប់អារម្មណ៍ពីលក្ខណៈពិសេសរបស់វា ដូចជាពណ៌របស់នំមានសភាពរលើបល្អ ហើយពេលយើងរោយល្ងពីលើ វាកាន់តែធ្វើឲ្យទាក់ទាញបន្ថែម...មែនទែនទៅអង្ករពិតជាមានផលប្រយោជន៍ច្រើនណាស់ដែលយើងអាចកែច្នៃវាទៅក្នុងសិល្បៈគំនូរបាន»។
មុននឹងចេះប្រើប្រាស់អង្ករធ្វើជាគំនូរ អ្នកស្រី អ៊ីសា ធ្លាប់មានជំនាញរួចជាស្រេចផ្នែកគំនូរលើកែវ ហើយអ្នកស្រីបានពង្រឹងស្នាដៃរបស់ខ្លួនបន្ថែមទៀតតាមរយៈការស្រាវជ្រាវលើបណ្ដាញសង្គមប្រព័ន្ធយូធូប(YouTube) និងការធ្លាប់ឃើញគំនូរប្លែកៗពេលអ្នកអ្នកស្រីទៅក្រៅប្រទេសម្ដងៗ។ អ្នកស្រីត្រូវចំណាយពេលរហូតដល់ទៅ ៥ឆ្នាំដើម្បីអាចគូរគំនូរដោយប្រើប្រាស់អង្ករបានស្ទាត់ជំនាញក្នុងនោះរួមមានទាំងការលាយពណ៌លើអង្ករ និងការប្រើប្រាស់ថ្នាំរក្សាគុណភាពគំនូរអង្ករជាដើម។
ជាទូទៅអង្ករមានតែពីរពណ៌ប៉ុណ្ណោះគឺពណ៌ស និងពណ៌ដំណើបខ្មៅ ហើយវាអាចរក្សាគុណភាពបានប្រមាណ៣ខែប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់គំនូរអង្ករដែលកើតចេញពីការច្នៃប្រឌិតរបស់ អ៊ីសា អាចរក្សាគុណភាពបានរហូតដល់ទៅ១៥ឆ្នាំ។ ម្យ៉ាងទៀតអ្នកស្រី អាចច្នៃអង្ករពណ៌សឲ្យទៅជាពណ៌ផ្សេងៗរហូតដល់ទៅ៣២ពណ៌ផ្សេងៗគ្នាឯណោះ។អ្នកស្រីបញ្ជាក់។
វិចិត្រការិនីរូបនេះបន្ថែមថា មានអង្ករសរុបចំនួន ៥ប្រភេទដែលអ្នកនាងប្រើប្រាស់សម្រាប់ធ្វើជាគំនូរ មានដូចជាអង្ករផ្កាម្លិះ អង្ករនាងមិញ អង្ករដំណើបស និងអង្ករដំណើបខ្មៅជាដើម តែអ្នកស្រីថាខ្លួនចូលចិត្តប្រើអង្ករនាងមិញជាងគេ។
អ្នកស្រីអ៊ីសា មានទីតាំងលក់គំនូរនៅផ្សាររាត្រីអង្គរ និងបើកលក់ចាប់ពីម៉ោង៤រសៀលរហូតដល់ម៉ោង ១១យប់។ ភ្ញៀវដែលចូលទិញគំនូរភាគច្រើនជាជនបរទេស ហើយគំនូររបស់អ្នកស្រីមានតម្លៃចាប់ពី ១៥ដុល្លាសម្រាប់ផ្ទាំងតូច និងថ្លៃជាងនេះអាស្រ័យទៅតាមទំហំ និងការបញ្ជាទិញពីភ្ញៀវ។
បច្ចុប្បន្នស្រីកំពុងបណ្ដុះបណ្ដាលក្មេងប្រុសស្រីសរុបចំនួន ១៥នាក់ ដើម្បីឲ្យពួកគេចេះប្រើប្រាស់អង្កររំលេចជាគំនូរលើបន្ទះក្ដារ។ អ៊ីសា បញ្ជាក់ថា ក្មេងទាំងអស់ក៏ទទួលបានថវិកាខ្លះៗពីស្នាដៃរបស់ខ្លួនដែរ ហើយពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈសិក្សាដោយខ្លួនឯង។
សម្រាប់ថ្ងៃអនាគត ស្ដ្រីខ្មែរឥស្លាមរូបនេះមានមហិច្ឆតាចង់បង្កើតជាមជ្ឈមណ្ឌលមួយដើម្បីបណ្ដុះបណ្ដាលកូនខ្មែរ ឲ្យចេះគូរគំនូរអង្ករកាន់តែច្រើនបន្ថែមទៀត ដើម្បីជាអ្នកបន្ដវេនជំនាន់ក្រោយ៕