- 2017-11-15 07:27:49
- ព័ត៌មាន
អាហារដ្ឋានចម្ការត្រាវ កន្លែងសម្រាកកម្សាន្ដបែបស្រែចម្ការនៅជាយក្រុងសៀមរាប
- 2017-11-15 07:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដ្ឋានចម្ការត្រាវ កន្លែងសម្រាកកម្សាន្ដបែបស្រែចម្ការនៅជាយក្រុងសៀមរាប
ចន្លោះមិនឃើញ
បើនិយាយដល់ខេត្តសៀមរាប ពិតណាស់ប្រជាពលរដ្ឋខ្មែរប្រាកដជានឹងឃើញដល់ប្រសាទបុរាណនានានៅទីនោះ។ ទោះយ៉ាងណា ក្នុងទឹកដីខេត្តមួយនេះមិនត្រឹមតែសម្បូរទៅដោយសម្បត្តិវប្បធម៌នោះទេតែក៏សម្បូរដែរនូវកន្លែងកម្សាន្តកែច្នៃផ្សេងៗទៀត។
កន្លែងកម្សាន្តមួយមានទាំងទេសភាពបែបស្រុកស្រែចម្ការ មានវាលស្រែ និងមានទាំងស្រះទឹកធំៗដែរនោះកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិទៅលំហែកាយមិនចេះដាច់ បើទោះទីនេះទើបបើកដំណើរការបានពីរខែរកដោយ។
លោក យ៉ាន វិវឌ្ឍន៍ ម្ចាស់អាហារដ្ឋានចម្ការត្រាវដែលមានទីតាំងតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានឲ្យដឹងថា លោកបានសម្រេចចិត្តបោះទុនប្រមាណ៣ម៉ឺនដុល្លាអាមេរិក ដើម្បីប្រែក្លាយដីស្រែឪពុកមារបស់លោកទំហំជាង ១ហិកតា ឲ្យទៅជាកន្លែងសម្រាកលំហែកម្សាន្ដ និងស្រស់ស្រូបអាហារបែបស្រុកស្រែចម្ការដែលប្រើប្រាស់ បន្លែ ត្រីសាច់ធម្មជាតិស្រស់ៗគ្មានជាតិគីមីទិញពីប្រជាពលរដ្ឋនៅក្នុងភូមិផ្ទាល់។
លោក វិវឌ្ឍន៍ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នលោកជាបុគ្គលិកក្រុមហ៊ុនឯកជនខាងផ្នែកឌីស្សាញប្លង់អគារ ប៉ុន្ដែលោកបែរជាចាប់ចិត្តនឹងការប្រកបអាជីវកម្មបម្រើសេវាកម្មម្ហូបអាហារ ដែលលោកមិនធ្លាប់មានទាំងមានជំនាញទាល់តែសោះទៅវិញ។
លោកបញ្ជាក់ថាៈ «ដោយសារតែមានចំណូលចិត្តខាងទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ ពេលសំរាកពីការងារផង ខ្ញុំក៍មានគំនិតរៀបចំអាហារដ្ឋានបែបធម្មជាតិនេះឡើងតែម្ដង»។
អាហារដ្ឋានចម្ការត្រាវមិនប្រាកដថាសម្បូរដើមត្រាវនោះទេ លោក វិវឌ្ឍន៍ បញ្ជាក់ថាមូលហេតុដែលលោកសម្រេចចិត្តដាក់ឈ្មោះបែបនេះ ដោយសារតែរុក្ខជាតិត្រាវជាម្ហូបអាហាររបស់ខ្មែរ ហើយបច្ចុប្បន្នពាក្យថា«ញ៉ាំត្រាវៗ»មានអ្នកនិយមប្រើច្រើន ដែលថាសំដៅទៅដល់ការជួបជុំញ៉ាំអាហារ និងជជែកគ្នាលេង។
ម្ចាស់អាហារដ្ឋាន ចម្ការត្រាវ រូបនេះបញ្ជាក់បន្ថែមថា តាំងពីបើកដំណើរការរយៈពេលជាង ២ខែកន្លងមកនេះ មានភ្ញៀវជាតិ និងអន្ដរជាតិដូចជាចិន និងកូរ៉េជាដើមបានមកសម្រាកទទួលទានអាហារបែបខ្មែរនៅកន្លែងនេះជាហូរហែជាពិសេសនៅថ្ងៃចុងសប្ដាហ៍តែម្ដង។
អ្នកស្រី ស្រីមុំ អ្នករស់នៅខេត្តសៀមរាបកំពុងទទួលទានអាហារជុំគ្រួសារនៅអាហារដ្ឋានចម្ការត្រាវ ថ្លែងថា អ្នកស្រីចូលចិត្តមកទទួលទានអាហារនៅទីនេះដោយសារតែម្ហូបធ្វើដោយផ្សំគ្រឿងពីធម្មជាតិទំាងអស់ ហើយបរិស្ថានល្អមានវាលស្រែនៅជុំវិញពេលខ្យល់បក់នំាមកនូវក្លិនស្រូវក្រអូបគួរឲ្យចង់ស្រូបយក។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ធ្លាប់បានឲ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាបនេះ ក្រៅពីទស្សនាប្រាសាទបុរាណនានាភាគច្រើន គឺអ្នកទាំងនោះមានការចាប់អារម្មណ៍ទៅលើទេសភាពវាលស្រែវាលស្រូវ និងអាហារមានគុណភាព និងអនាម័យ។
លោកបានបញ្ជាក់ថា ការរៀបចំឲ្យមានអាហារដ្ឋានម្ហូបខ្មែរមានទេសភាពស្រស់ស្អាតនាតំបន់ជនបទនេះ គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការផ្តល់សេវាជូនភ្ញៀវទេសចរ និងជួយធ្វើឲ្យភ្ញៀវទេសចរស្នាក់នៅកម្ពុជាបានយូរ និងផ្តល់ចំណូលច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។