• 2017-11-29 02:39:29
  • ព័ត៌មាន

របររត់រទេះសេះនៅ​មាន​មួយៗ អាច​នឹង​បាត់​បង់ ដោយសារ​គ្មាន​អ្នក​បន្ត​វេន

  • 2017-11-29 02:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេល​បច្ចុប្បន្ននេះ​របរ​រត់​រទេះសេះ​ហាក់​មិន​សូវ​ពេញ​និយម​ដូច​កាល​ទសវត្សរ៍ឆ្នាំ​១៩៩០​នោះ​ទេ​ តែ​យ៉ាងណា​របរនេះ​នៅ​តែមាន​នៅឡើយ​នៅ​តាម​បណ្តា​ស្រុក​ ឬខេត្ត​មួយ​ចំនួន​។

បើ​និយាយ​ពី​របររត់រទេះសេះនេះ ​ដោយ​សារតែ​មធ្យោបាយ​ដឹង​ជញ្ជូន​មាន​ច្រើន​ប្រភេទ​ធ្វើ​ឲ្យ​របរនេះ​​មិនសូច​រក​ចំណូល​បាន និង​មិនមាន​អ្នក​ចាប់អារម្មណ៍​បន្ត​ការងារនេះនោះទេ។ ពោលគឺ​មាន​តែ​អ្នក​វ័យ​ចំណាស់​ដែល​ធ្លាប់ប្រ​កប​របរនេះ​ប៉ុណ្ណោះ​ដែលនៅ​តស៊ូ​ជាមួយ​របរ​នេះ។

(លោក នន់ គង់ អ្នក​ប្រ​កប​របររត់រទេះសេះ​តាំងពី​ឆ្នាំ​១៩៩៣)

លោក នន់​ គង់ វ័យ​៦៨​ឆ្នាំ រស់​នៅ​ឃុំគ្រាំងស្បូវ ស្រុកឈូក ខេត្ត​កំពត ឲ្យ​ដឹងថា​លោក​បាន​ប្រ​កប​របរ​រត់​រទេះសេះ​នេះ​តាំងពី​ឆ្នាំ១៩៩៣ ដែល​ពេល​នោះ​លោក​ថា​ប្រ​ជា​ពល​រដ្ឋ​និយម​ជិះ​រទេះសេះ​នេះ​ណាស់។ និយម​ជិះ លោក​ថា​ដោយ​សារតែ​ពេល​នោះ​ប្រ​ជាពល​រដ្ឋមិន​សូវ​មាន​ម៉ូតូ​ឬ​កង់​ច្រើន​ដូច​ពេលនេះ​នោះទេ។

លោក​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​មិត្ត​រួបអាជីព​របស់​លោក​ជាច្រើនបាន​បោះបង់​របរនេះ ដោយ​ងាកទៅ​ធ្វើការ​ផ្សេង​វិញ ដោយ​ជឿងថា​រកបាន​កម្រៃច្រើនជាង។

(រទេះសេះ​បញ្ឈរទុក​រង់ចាំ​ដឹក​អ្នក​ដំណើរ)

លោក​បន្តថាៈ « សម័​យ​ឥឡូវ​គេ​មិន​ចង់​របរ​នេះ​ទេ គេ​ថា​អ្នក​ដែល​ប្រកប​របរ​នេះ​ជាមនុស្ស​យ៉ាប់ ​គេ​ធ្វើ​សំណង់​ គេ​រក​ការងារ​ម៉ាង​៧-៨ម៉ោង អីវិញ​»។ លោក​ឲ្យ​ដឹងទៀតថា​ក្នុង​ភូមិរបស់​លោក​ដែល​ធ្លាប់​តែ​មាន​អ្ន​រក​របរនេះ​ច្រើន​នោះ បច្ចុ​ប្បន្ន​នៅ​មាន​តែបី​គ្រួសារ​សារ​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ទាំងស្រុក​ឈូក​វិញ​លោក​ថាក៏មាន​​មិន​លើស​ពី១០គ្រួសារ​ដែរ។

(លោក នន់​ គង់ កំពុង​រៀបចំសេះ និង​រទេះ​ត្រៀម​ចេញ​ដំណើរ)​

បើ​និយាយ​ពីចំណូល​វិញ​លោក​ថា​ក្នុង​មួយ​ថ្ងៃ​លោក​រកបាន​តែ​មួយ​ម៉ឺន​រៀល ឬ​លើសនេះ​តិចតួច​ប៉ុណ្ណោះ តែថា​បើ​នៅ​ពេល​ណា​មាន​គេ​ពឹងពាក់​ឲ្យ​ដឹង​ឥវ៉ាន​ច្រើន​លោក​អាច​រកបាន​រហូត​ដល់​បីម៉ឺន​រៀល។ ក្រៅពីនេះ​លោក​ថា​យូរៗម្តង​មាន​ជន​បរទេស​ម៉ៅ​រទេះសេះ​លោក​ជិះ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ទំនប់ទឹក​មួយ​ចំនួន​ក្នុង​ស្រុក​ឈូក​នេះ ដោយ​មួយ​ថ្ងៃ​លោក​អាច​ទទួលបាន​កម្រៃ​ប្រាំ​ម៉ឺន​រៀល។​

ចំពោះ លោក នន់ គង់ លោក​នឹង​ប្រ​កប​របរនេះ​រហូតទាល់តែ លោក​ធ្វើ​ការ​លែង​កើត ដោយ​លោក​លើក​ហេតុ​ផល​ថា​របររត់រទេះសេះ​ចំណាយ​ថ្លៃ​ចំណាយ​តិច​ មិន​ដូច​រត់​ម៉ូតូ​ដែលត្រូវ​ចំណាយ​ថ្លៃសាំង​ច្រើន​នោះទេ និង​ម្យ៉ាង​លោកថា​លោក​មាន​អនុស្សាវរីយ៍​ច្រើនជាមួយ​របរនេះ​។​

(លោក នន់ គង់ កំពុងចង់​ឥវ៉ាន់​​របស់​អ្នក​ដំណើរ​របស់​លោក​)​

លោក​ ​បញ្ជាក់ថាៈ « សេះ​ស្រួល​ណាស់ ​មិន​អស់​សាំង​ដូច​ម៉ូតូ ​ឯចំ​ណី​វា​ស្អី​ក៏​វាស៊ី​ដែរ​ គោ​ស៊ីស្មៅ​កើត​ សេះក៏​ស៊ី​កើត​ ជ្រូក​ស៊ីទឹក​បាយ​ទឹក​កន្ទក់​កើត ​សេះ​ក៏វា​ស៊ីកើត​ សំខាន់​ឧស្សាហ៍​លាង​ទឹក​វាបន្តិច​ ដូច​ក្របី​អ៊ីចឹង»។​

បើ​តាម​លោក នន់ គង់ របរ​នេះ​នឹងអាច​បាត់បង់​នៅ​ថ្ងៃខាង​មុខ​ដោយ​ថា​ក្មេង​ជំនាន់​ក្រោយ​មិន​ចូល​ចិត្ត​របរ​នេះ សូម្បីតែ ចៅ​របស់​លោក​ក៏​ដោយ និងម្យ៉ាង​លោក​ថា​របរនេះ​រកចំណូលបាន​តិច​ផង​ដែរ៕

អត្ថបទដោយ៖ គីម សាយ

មតិយោបល់