- 2017-12-05 00:00:00
- ព័ត៌មាន
រមណីយដ្ឋានថ្មី នៅខេត្តកំពត ឃើញហើយចង់ទៅកម្សាន្ត
- 2017-12-05 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានថ្មី នៅខេត្តកំពត ឃើញហើយចង់ទៅកម្សាន្ត
ចន្លោះមិនឃើញ
បើនិយាយពីខេត្តកំពតវិញ ទាំងអ្នកទេសចរជាតិ និងអន្តរជាតិត្រូេះចំណាយពេលមិនតិចថ្ងៃទេដើម្បីទៅលេងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
ទន្ទឹមនឹងនោះក៏មានដែរកន្លែងកម្សាន្តថ្មីៗត្រូវបានបង្កើតជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការេអ្នកទេសចរ។ ជាក់ស្តែងដូចជាតំបន់កម្សាន្តមួយឈ្មោះថា «ដូងទេរ» ដែលជារមណីយដ្ឋានថ្មីមួយដែលទើបបានបង្កើតឡើង តែមិនទាន់បើកដំណើរការជាផ្លូវការនៅឡើត។
«កន្លែងខ្ញុំចាប់ផ្តើមបើកឲ្យភ្ញៀវចូលទស្សនាកាលពីថ្ងៃអុំទូកទី១ គ្រាន់តែបើកឲ្យភ្ញៀវឲ្យស្គាល់កន្លែងសិនប៉ុណ្ណោះ...ឯការសម្ពោធជាផ្លូវការនឹងធ្វើឡើងឆាប់ៗនេះមុនបុណ្យសមុទ្រមកដល់ បន្ទាប់ពីយើងបំពាក់ឧបករណ៍កម្សាន្តរួចរាល់»។ នេះបើតាមការឲ្យដឹងពីលោក ខែម សុវណ្ណ អ្នកគ្រប់គ្រងដូងទេរនេះ។
ដូងទេរមានទីតាំងនៅជាប់នឹងព្រែកកំពត ដោយមានការតុបតែងជារបៀបជនបទ មានសម្ភារៈជារបស់ក្នុងស្រុកដូចជា ឈើ ឫស្សី ស្បូវ ជាដើម ដើម្បីស៊ីគ្នាជាមួយធម្មជាតិបៃតងតាមមាត់ព្រែក។ លោកសុវណ្ណលើកឡើងថាៈ «Conceptនៅទីនេះ គឺយើងចង់បង្កើតកន្លែងទេសចរណ៍មួយដែលអ្វីៗធ្វើពីធម្មជាតិប្រើប្រាស់របស់របរក្នុងស្រុកនេះទាំងអស់»។
រមណីយដ្ឋានដែលយកឈ្មោះតាមដូងដុះប្របមាត់ព្រែកនេះ ត្រូវបានកែច្នៃឲ្យមានឆ្នេរខ្សាច់វែងល្មមមួយ ដូចទៅនឹងសមុទ្រដែរ ដែលអ្នកទៅកម្សាន្តអាចមានអារម្មណ៍ថាហាក់ដូចជាបានទៅលេងនៅសមុទ្រអ៊ីចឹងដែរ។
បើនិយាយពីឧបករណ៍កម្សាន្តវិញដូងទេរមានដូចជា ទោង បាល់ខ្យល់ ទូកខាយ៉ាក ក្តាររំអិល ក្បូន ហើយនាពេលខាងមុខរមណីយដ្ឋានខាងលើក៏នឹងបង្កើតជាបឹងកាឡូ ដើម្បីអាចឲ្យភ្ញៀវស្នាក់នៅបានផងដែរ។
លោក សុវណ្ណ លើកឡើងថា បើនៅរដូវផ្លែឈើវិញ លោកថាមានផ្លែឈើធម្មជាតិក្នុងតំបន់នេះផ្ទាល់ ដូចជានៅខែមករា និងខែកុម្ភៈ ដំណាំផ្លែឈើចាប់ផ្តើមផ្លែផ្កា មានធូរ៉េន ម៉ាក់ប្រេងម៉ាក់ប្រាង មង្ឃុត សាវម៉ាវ ក្រូចថ្លុងជាដើម ដែលអាចឲ្យភ្ញៀវទស្សនា និងបរិភោគផ្លែឈើធម្មជាតិបាន។ ក្រៅពីមានសេវាកម្សាន្តដោយឧបករណ៍ផ្សេងៗដូងទេរក៏មានសេវាកម្មផ្សេងទៀតដូចជាម្ហូបកុម៉្មង់ ភេសជ្ជៈ កន្លែងជប់លៀង ឬកម្មវិធីផ្សេងៗ។
គួរបញ្ជាក់ថា ដូងទេរមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ មានចម្ងាយ៧គីឡូម៉ែត្រពីក្រុងកំពត ឬហួសវត្តស្នំប្រាំពីរប្រមាណជា១គីឡូម៉ែត្រ និងមានប៉ាណូបង្ហាញផ្លូវនៅខាងស្តាំដៃទិសដៅក្រុងកំពត-ទឹកឈូ៕