• 2017-12-13 10:07:48
  • ព័ត៌មាន

ឱកាសកម្រ​មាន មិនចូលរួមច្បាស់ជាស្តាយក្រោយ ក្រ​សួង​រៀបចំ​ពិព័រណ៍​គ្រឿង​អលង្ការមាសបុរាណខ្មែរ

  • 2017-12-13 10:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ដ្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ដឹង​ថា ​ក្រសួង​​នឹង​​រៀប​ចំការ​តាំង​ពិព័រណ៍​ពិសេស​មួយ​មាន​រយៈបីខែ​នៅសារមន្ទីរ​ជាតិ​ភ្នំពេញ​ ​​​ដើម្បី​បង្ហាញ​ពី​គ្រឿង​​អលង្ការ​ដែល​ទើ​ប​​ទទួល​បាន​ពី​ប្រទេស​អង់​គ្លេស​ និង​គ្រឿង​មាស​ប្រាក់​មួយ​ចំនួនទៀត​ ជូន​ដល់សាធារណ​ជនបាន​​ទស្សនា។

​ថ្លែង​នៅក្នុងពិធី​ប្រគល់​ និង​ទទួល មកុដ​មាស និង​វត្ថុបុរាណ​មួយចំនួន​ នៅ​អាជ្ញាធរជាតិ​អប្សរា កាលពីថ្ងៃទី១២​ ខែ​ធ្នូ ឆ្នាំ២០១៧​ លោក​ គង់ វី​រៈ ប្រធាន​នាយកដ្ឋាន​​សារមន្ទីរ​នៃក្រសួងវប្បធម៌ ​ឲ្យ​ដឹង​​ថា ក្រសួង​​កំពុង​ប្រ​មែ​ប្រមូល​គ្រឿង​អលង្កា​រ​​ដែល​ធ្វើពីមាស និង​ប្រាក់​ជា​ច្រើន​ប្រភេទ​ មាន​ដូច​ជា​ចិញ្ចៀន ​ក្រវិល និង​មកុដ​ជាដើម​​ ដែល​មាន​អាយុ​​កាល​ចាប់តាំង​ពីសម័យបុរេប្រវត្តិ​​ ដល់​សម័យ​ក្រោយ​អង្គរ​ ​ដាក់​តាំង​បង្ហាញ​​​ក្នុងពិព័រណ៍ពិសេស​​មួយ​។

(គ្រឿងអលង្ការដែលទើបទទួលពី​ប្រទេសអង់គ្លេសកាលពី​ដើមខែនេះ ដែលគ្រោងនឹង​ដាក់តាំងពិព័រណ៍ជា​សាធារណៈ)

លោក​បន្ត​ថា​ពិព័រណ៍នេះធ្វើឡើង​ក្រោម​ប្រធាន​បទ​ «ការ​​ប្រើប្រាស់​មាស​នៅក្នុង​​សិល្បៈខ្មែរ​»។ ពិព័រណ៍​នេះ​គ្រោង​ធ្វើ​ឡើង​រយៈពេល​បីខែដោយ​​ត្រូវ​សម្ពោធ​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី៤ ​ខែមករា ឆ្នាំ២០១៨ ​ខាង​មុខ ​​នៅ​សាល​ពិព័រណ៍​មិន​អចិន្ដ្រៃ​យ៍​នៃសារមន្ទីរជាតិ​។​ នេះបើតាម​ប្រ​ភពដដែល។​

លោក​ គង់ វីរៈ បញ្ជាក់​បន្ថែមថាៈ «តាម​ពិត​ទៅ​​ក្រសួង​វប្បធម៌​មាន​គោល​ដៅ​សំខាន់​ក្នុងការ​ដាក់​តាំង​បង្ហាញ​គ្រឿង​អលង្ការ​មាស​បំពាក់​​លើ​រូបចម្លាក់ ដែល​យើង​ទើប​ទទួល​បាន​ពី​ប្រទេស​អង់​គ្លេស​ជូន​ដល់​មហា​ជន​ទស្ស​នា​ ប៉ុន្ដែ​យើង​មិនអាច​ដាក់​តាំង​តែគ្រឿង​អលង្ការ​តែ​មួយមុខ​​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​យើង​ខិត​ខំប្រមែ​ប្រមូល​គ្រឿង​អលង្ការ​ជាច្រើន​មុខ​ទៀត​ដើម្បី​តាំង​បង្ហាញ​រួមគ្នា​ក្នុង​ពេល​តែ​មួយ​ ជាក់ស្ដែង​ដូចជា​គ្រឿងអលង្ការ​ជាភ្នួង​សក់​មាស​ មាន​អាយុកាលតាំង​​ពី​ស.វទី១២ ដែល​យើង​ទើប​ទទួល​បាន​ពីអាជ្ញាធរ​អប្សរា​នេះ​​ក៏យើង​ត្រូវ​យក​ទៅ​បង្ហាញ​ក្នុងពិព័រណ៍នេះដែរ»។​

(មកុដ​មាស​ដែលក្រសួង​វប្បធម៌ទទួលពី​អាជ្ញាធរជាតិអប្សរាកាលពីម្សិល​មិញ ក៏គ្រោង​ដាក់​តាំង​ពិព័រណ៍ជា​សាធារណៈ)

លោក​ឲ្យដឹង​ដែរ​ថា គ្រឿង​អលង្ការ​​ដែល​ក្រសួង​វប្បធម៌​ជ្រើ​ស​យក​មកតាំង​ពិព័រណ៍​មានប្រភព​មក​ពី​កំណាយ​នានា​​នៅ​ក្នុង​ប្រទេស​ ជាពិសេស​កំណាយ​នៅ​ភូមិវិហារ និង​ភូមិ​បិតមាស ​ខេត្តព្រៃវែង​។

ប្រធាន​នាយកដ្ឋានសារ​មន្ទីរ​រូបនេះរំពឹង​ថា នឹង​មានភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ច្រើនម៉ឺននាក់​នឹង​ចូល​ទស្ស​នា​ពិព័រណ៍គ្រឿង​អលង្ការ​មាស​នេះ ព្រោះ​ថា​ចាប់​ពីខែមករា​​ដល់​ខែមីនា​ ជារដូវ​សម្បូរ​ភ្ញៀវ​ទេសចរ ហើយ​នេះ​ក៏ជាលើកទីមួយ​ដែរ​ដែល​មាន​ការតាំងពិព័រណ៍បែបនេះ៕​

អត្ថបទដោយ៖ រស់ សុជាតិ​

មតិយោបល់