- 2018-05-20 04:04:12
- ស្នេហា
កុំបណ្ដោយខ្លួន! បើស្រលាញ់គេម្នាក់ឯង នឹងទទួលការឈឺចាប់បំផុតទាំង៧យ៉ាងនេះ
- 2018-05-20 04:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបណ្ដោយខ្លួន! បើស្រលាញ់គេម្នាក់ឯង នឹងទទួលការឈឺចាប់បំផុតទាំង៧យ៉ាងនេះ
ចន្លោះមិនឃើញ
ស្នេហាមួយដែលលាក់កប់ក្នុងចិត្ត គ្មានរូបរាង គ្មានសំឡេង តែធ្វើឲ្យមនុស្សម្នាក់ចង់ឆ្កួតចង់ជា តែម្នាក់ឯង នោះហើយជាស្នេហាដែលផ្ដល់ឲ្យមនុស្សម្នាក់តែខ្លួនឯង ទាំងគេមិនដឹងអ្វីសោះ។ ពេលដែលជ្រុលចិត្តលើនរណាម្នាក់តែម្ខាង នឹងទទួលអារម្មណ៍ឈឺចាប់ទាំង៧នេះ៖
១. តែងមានអារម្មណ៍ច្រណែន ប្រច័ណ្ឌ ពេលគេនៅក្បែរអ្នកផ្សេង
គ្រប់ពេលឃើញគេនៅក្បែរ ស្និទ្ធស្នាលជាមួយអ្នកផ្សេងតែងលួចខឹង អន់ចិត្ត ច្រណែន ប្រច័ណ្ឌគេតែម្នាក់ឯង ទោះដឹងថាអ្នកទាំងនោះមិនត្រូវជាអ្វីជាមួយនឹងគេក៏ដោយ។ ដឹងតែថាចង់បានគេនៅក្បែរ ទោះមិនមានឋានៈអ្វីក្នុងបេះដូងគេក៏អស់ចិត្តដែរ សំខាន់ពេលនៅក្បែរគេយើងមានក្ដីសុខបំផុត។ អារម្មណ៍មួយទៀត ទោះមិនបានក្បែរគេ តែក៏មិនចង់ឃើញគេនៅជាមួយអ្នកផ្សេងដែរ។
រូបតំណាង
២. អារម្មណ៍ណែនថប់គ្រប់ពេលឃើញគេ
ក្នុងបេះដូងតែងលោតញាប់ពេលឃើញគេ មិនថានៅក្រៅ ឬក្នុងហ្វេសប៊ុក។ អារម្មណ៍ធម្មតាក៏ប្រែទៅជាសោកសៅមួយរំពេច។ តែងចង់បង្ហាញ ចង់ប្រាប់ថា យើងស្រលាញ់គេ តែវាមិនអាច ព្រោះមិនទាន់មានភាពក្លាហានក្នុងការទទួលយកចម្លើយ។ សុខចិត្តមានក្ដីសុខតិចៗពេលឃើញគេ ក៏ប្រសើរជាងបាត់បង់គេ ពេលសារភាពហើយ។ បែបនេះហើយ ទើបជារឿយៗតែខ្សឹកខ្សួលអួលដើមករតែម្នាក់ឯង ទាំងគេមិនដឹងអីសូម្បីបន្តិច។
៣. សែនរំភើបពេលគេនៅក្បែរ តែតែងស្រក់ទឹកភ្នែកគ្រប់ពេលនឹកគេ
ពេលដែលគេមកក្បែរ មកស្និទ្ធស្នាល គឺជាពេលដែលមានក្ដីសុខបំផុត ទោះបីជាមិនត្រូវអ្វីជាមួយនឹងគេ ទោះដឹងថាទង្វើដែលគេធ្វើមកលើយើងមិនលើសពីមិត្តធម្មតា ក៏ទទួលអារម្មណ៍ថាមានភាពកក់ក្ដៅ។ តែពេលនៅឆ្ងាយពីគេ នឹកឃើញគេ ក៏ស្រាប់តែហូរទឹកភ្នែករហាមដូចមនុស្សបាត់បង់ស្នេហា ទាំងការពិតដឹងហើយ មិនត្រូវអ្វីជាមួយនឹងគេឡើយ។
៤. ពេលខ្លះចង់ចេញឲ្យឆ្ងាយពីជីវិតគេ
ពេលដែលចិត្តស្រលាញ់កាន់តែខ្លាំង ក៏កាន់តែឈឺចាប់ខ្លាំងដូចគ្នា។ពេលខ្លះចង់ទៅកន្លែងមួយដ៏ឆ្ងាយ លែងឃើញរូបគេទៀត ចង់ស្គាល់ ចង់ជួបមនុស្សថ្មី ដើម្បីបំភ្លេចគេ។ អារម្មណ៍បែបនេះគឺឈឺខ្លាំងបំផុត ព្រោះតែមិនមានសង្ឃឹមថាគេក៏ស្រលាញ់យើងវិញ ចឹងហើយទើបចង់ចាកចេញឲ្យឆ្ងាយពីជីវិតគេ។ តែចិត្តមួយក៏ចង់ដឹងថា បើយើងចាកចេញទៅ តើគេនឹកយើងដែរទេ?
៥. ផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ផ្សេងទៀត
ពីមនុស្សធ្លាប់តែរីករាយ មិនដែលចេះកើតទុក្ខអ្វីសោះ ក៏ប្រែក្លាយទៅជាមនុស្សស្ងប់ស្ងាត់ ពេលដែលមានវត្តមានគេ ក្នុងបេះដូងយើង។ ពេលខ្លះសួរខ្លួនឯងថា តើធ្វើចឹងដើម្បីអ្វី? ទោះយើងឈឺចាប់ ស្រក់ទឹកភ្នែកដល់អស់ពីខ្លួនទៀតក៏គេមិនដឹងដែរ។ ពេលខ្លះទៀតក៏ផ្លាស់ប្ដូរចរិតខ្លួនឯង ជួនកាលធ្វើដូចកូនក្មេង ហើយតែងព្យាយាមធ្វើល្អដាក់គេ ទោះដឹងថាមិនបានអ្វីមកវិញក៏ព្រមធ្វើ ទាំងរីករាយបំផុត។
៦. តែងចង់ដឹងគ្រប់យ៉ាងពីគេ
ចាប់ផ្ដើមស្រលាញ់គេ យើងក៏ចាប់ផ្ដើមក្លាយជា (FBI) ចង់ដឹងរឿងគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងគេ ហើយក៏ចង់ក្លាយជាអ្នកពាក់ព័ន្ធនឹងគេដូចគ្នា។ ចង់ដឹងទាំងថ្ងៃកំណើត អាហារដែលគេចូលចិត្ត របស់ដែលគេចូលចិត្តប្រើ ចង់ដឹងថាគេនៅឯណា គេកំពុងធ្វើអ្វី គេមានអ្នកថែឬនៅ? ហើយថ្ងៃណាដែលឃើញមានអ្នកណា Tag រូបឲ្យគេក្នុងហ្វេសប៊ុក ក៏ទៅ Search មើលពីម្នាក់នោះទៀត ចង់ដឹងថា មានអីពាក់ព័ន្ធនឹងគ្នាទេ។ នេះហើយជាទម្លាប់ប្រចាំថ្ងៃ របស់មនុស្សដែលស្រលាញ់គេតែម្ខាងតែងធ្វើ ហើយពេលខ្លះក៏កើតទុក្ខ ពេលខ្លះក៏រីករាយ នៅពេលដែលដឹងរឿងអ្វីមួយដែលពាក់ព័ន្ធនឹងគេ។
៧. ពិបាកកាត់ចិត្តបំផុត ទោះព្យាយាមដាក់ចិត្តស្រលាញ់អ្នកផ្សេងក៏មិនអាច
ពេលមួយដែលដឹងថា គ្មានសង្ឃឹមថា គេនឹងមកស្រលាញ់ខ្លួន ជាពេលមួយដែលយើងត្រូវកាត់ចិត្តពីគេ ហើយបើកចិត្តសម្លឹងអ្នកផ្សេង។ តែជាពេលវេលាដ៏ពិបាកបំផុត ព្រោះចិត្តដែលស្រលាញ់លើនរណាម្នាក់ហើយមិនងាយនឹងដកវិញបានទេ ទោះព្យាយាមធ្វើខ្លួនឲ្យរវល់ ព្យាយាមនៅក្បែរអ្នកផ្សេងក៏នៅតែនឹកឃើញគេ។ ពេលថ្ងៃបន់ឲ្យតែយប់អាលនឹងបានគេង ដើម្បីចិត្តបានស្ងប់ខ្លះ ពេលខ្លះក៏តែងស្រក់ទឹកភ្នែកពេលឮចម្រៀងដូចនឹងរឿងខ្លួនឯង។
ឃើញទេស្រលាញ់គេតែម្នាក់ឯង គឺវាឈឺបែបនេះ ពេលដែលយើងកាត់ចិត្តពីគេបានហើយ លើកក្រោយត្រូវស្រលាញ់អ្នកណាដែលគេក៏ស្រលាញ់យើងវិញដែរ ទើបមិនឈឺចាប់៕