• 2018-05-25 03:36:20
  • សុខភាព

ថ្មី! ចង់ជក់បារីនៅទីសាធារណៈ ឬនៅហាងនានា ត្រូវត្រៀមលុយ១កញ្ចប់ឲ្យហើយទៅ

  • 2018-05-25 03:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចេញ​អនុក្រឹត្យ​ថ្មី ដើម្បី​ផាក​ពិន័យ​ដល់​ជន​ណា​ដែល​ជក់​បារី​នៅ​តាម​ទីសាធារណៈ ឬ​នៅ​តាម​ភោជនីយដ្ឋាន តំបន់​ហាម​ឃាត់​នានា និង​នៅ​តាម​សណ្ឋាគារ​ជាដើម​។  នេះ​បើ​តាម​រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ វេជ្ជបណ្ឌិត អ៊ឹង ភីរុន ​ថ្លែង​កាល​ពី​ម្សិល​មិញ​នេះ។

រូបភាព៖ ក្រសួងសុខាភិបាល

ក្រសួង​សុខាភិបាល រួម​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ដែល​មាន​ក្រុម​ធិការកិច្ច​៥០០​នាក់ នឹង​ធ្វើ​ការ​ទៅ​លើ​ច្បាប់​អនុក្រឹត្យ​នេះ។ តាម​ប្រសាសន៍​របស់​លោក​​វេជ្ជ​បណ្ឌិត​បាន​ឲ្យ​ដឹង​ថា ជន​ណា​ដែល​ជក់​បារី​នៅ​ទីសាធារណៈ និង​នៅ​តាម​តំបន់​ហាម​ឃាត់​នឹង​ត្រូវ​ផាក​ពិន័យចំនួន​២​ម៉ឺន​រៀល។ បើ​ជន​ណា​ជក់​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​នឹងត្រូវ​ផាក​ពិន័យ​១​គុណ​នឹង​២ ស្មើ​នឹង​៤​ម៉ឺន​រៀល​តែ​ម្ដង។

យ៉ាង​ណា​ក្ដី​ចំពោះ​កាល​បរិច្ឆេទ​ ក្នុង​ចេញ​អនុក្រឹត្យ និង​ចុះ​ផាក​ពិន័យ​ផ្ទាល់ នៅ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​នោះ​ទេ។ បច្ចុប្បន្ន​ក្រសួង​សុខាភិបាល រួម​នឹង​ដៃ​គូ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ​យ៉ាង​សស្រាក់សស្រាំ​។

​ដោយ​ឡែក​កាល​ពី​ថ្មី​ៗ​នេះ ក្រុម​យុវជន​កម្ពុជា​បាន​ស្នើរាជរដ្ឋា​ភិបាល​បង្កើន​ពន្ធ​បន្ថែម​​លើ​បារី​ឲ្យ​បាន​រហូត​ដល់ ​៧០ភាគរយ​ ពោល​គឺ​ធ្វើឲ្យ​តម្លៃ​បារី​ទាប​បំផុត​ចាប់ពី ៦ ០០០រៀល ទៅ១០ ០០០រៀល ក្នុង​មួយ​កញ្ចប់ ​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការជក់បារី។​​ សំណើនេះ​ធ្វើ​ឡើង​​ផ្អែក​តាម​លទ្ធផល​ស្ទង់ មតិ​របស់​ក្រុម​យុវជន​កាលពីឆ្នាំ២០១៧​ ក្រោម​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ដេប៉ាតឺម៉ង់ចិត្តវិទ្យា​នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពិថ្ងៃទី ២២ ឧសភា ២០១៨។

​លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា ការដំឡើងថ្លៃនេះ ​គឺជាមធ្យោបាយដ៏សំខាន់អាចធ្វើឱ្យអ្នកជក់បារីមួយចំនួនពិចារណាឈានទៅកាត់បន្ថយការជក់បារី និងឈប់ជក់បារី ដោយសារតែបារីកាន់តែមានតម្លៃថ្លៃ។

រូបតំណាង

​លោក ស្រី សុជាតិ អនុប្រធានការិយាល័យអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែពិចារណាក្នុងការតំឡើងពន្ធបារី នេះបន្ថែមទៀត ប៉ុន្តែការតំឡើងនេះក៏ត្រូវពឹងផ្អែកទៅលើចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោកថា ប្រសិនបើកាលណាពន្ធត្រូវបានតំឡើងនោះ តម្រូវការ ប្រើប្រាស់បារីនឹងថយចុះ ខណៈដែលការសិក្សាបានឱ្យដឹងថា បើគ្រាន់តែតំឡើងពន្ធត្រឹម តែ ១០ភាគរយ នោះអាចកាត់បន្ថយការប្រើប្រាស់បារីចាប់ពី២ភាគរយ ទៅ៨ភាគរយ នៃចំនួន អ្នកប្រើប្រាស់សរុបទំាងអស់ជាង២លាននាក់។

យោងតាមរការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្នផលិតផលបារីក្នុងទីផ្សារកម្ពុជានៅមានតម្លៃទាប ដោយជា មធ្យមត្រឹមតែ១ ០០០រៀល ក្នុងមួយកញ្ចប់ ចំពោះតម្លៃបារីថោក និងតម្លៃ៥ ០០០រៀល ចំពោះបារីថ្លៃ។ ក្នុង​មួយ​ឆ្នាំ​ ចំណាយសម្រាប់​ការ​ទិញ​បារី​​មាន​ប្រមាណ ២០០ លានដុល្លារ​អាមេរិក​ រួមទាំងចំណាយ​ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ ការ​បាត់បង់​កម្លាំង​ពលកម្ម​ ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​ថ្នាំជក់​មាន​ប្រមាណ ១៦,៧​ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ដោយឡែក​ប្រសិនបើ​ប្រជាជន​ ឈប់​ជក់បារី​ទាំង​ស្រុង​បាន​នោះ កម្ពុជា​នឹង​ចំណេញ​ថវិកា​ដល់​ទៅ​ជាង ៣០០លានដុល្លារអាមេរិក។ នេះ​បើ​តាម​ប្រសាសន៍ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ  អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​ ធ្លាប់អះអាង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់