• 2018-05-28 04:36:05
  • ស្នេហា

ស្រលាញ់គេម្នាក់ឯងទាំងគ្មានសង្ឃឹមឈឺណាស់! ៥វិធីនេះទើបអាចកាត់ចិត្តពីគេបាន

  • 2018-05-28 04:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លួច​ស្រលាញ់​នរណា​ម្នាក់ ពេល​ខ្លះ​អាច​ជំរុញ​ឲ្យ​យើង​ហ៊ាន​សារភាព​ប្រាប់​គេ នៅ​ពេល​ដែល​គេ​ឲ្យ​សញ្ញា​ណា​មួយ​ថា គេ​ក៏​ចាប់​អារម្មណ៍​យើង​ដែរ ហើយ​ក៏​អាច​ជោគជ័យ​បាន។ តែ​មួយ​ទៀត​ គឺ​ការ​លួច​ស្រលាញ់​នរណា​ម្នាក់ ដែល​គេ​ហាក់​នៅ​ឆ្ងាយ​ពី​យើង ហើយ​ក៏​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ គ្មាន​ផ្លូវ គ្មាន​សង្ឃឹម នោះ​ហើយ​ជា​រឿង​ដែល​លំបាក​បំផុត ព្រោះ​មិន​ហ៊ាន​ប្រឈម​ការ​ពិត គឺ​ការ​ពិត​ដែល​គេ​មិន​បាន​ស្រលាញ់​យើង​វិញ​ទេ។ តទៅនេះសូមបង្ហាញវិធីដកចិត្តពីគេវិញ ដូចខាងក្រោម៖

រូបតំណាង

១. កុំ​មើល​ឃើញ​តែ​ចំណុច​ល្អ​របស់​គេ​ពេក

ពេល​ដែល​ស្រលាញ់​​នរណា​ម្នាក់​ងប់​ហើយ គឺ​លែង​មើល​ឃើញ​ពី​ចំណុច​អាក្រក់​របស់​គេ ក្នុង​កែវ​ភ្នែក​យើង​គេ​ល្អ​គ្រប់​យ៉ាង។ ពេល​ខ្លះ​យើង​សាក​គិត​ពី​ចំណុច​អាក្រក់​របស់​គេ​ខ្លះ ក៏​អាច​សម្រាល​ចិត្ត​ស្រលាញ់​ទៅ​លើ​គេ​បាន​ខ្លះ​ដែរ។ នេះ​មិន​មែន​មាន​ន័យ​ថា ប្រែ​ចិត្ត​ស្រលាញ់​ទៅ​ស្អប់​គេ​ទេ តែ​មាន​ន័យ​ថា កុំ​ងប់ងុល​នឹង​គេ​ខ្លាំង​ពេក ជួន​កាល​មាន​មនុស្ស​ល្អ​ជាង​គេ​រាប់​ដង​ទៀត​ គ្រាន់​តែ​យើង​មិន​ព្រម​បើក​ចិត្ត​ខ្លួន​ឯង នៅ​ឆ្កួត​វង្វេង​តែ​ជាមួយ​មនុស្ស​ម្នាក់​ហ្នឹង​តែ​ប៉ុណ្ណោះ។

២. បើ​ដឹង​ថា​ខ្លួន​ឯង​កំពុង​ឈឺ​ព្រោះ​គេ​ហើយ កុំ​ព្យាយាម​អោប​ក្រសោប​វា​ទៀត

ស្រលាញ់​គេ​ម្នាក់​ឯង វា​គឺ​ជា​កំហុស​របស់​ខ្លួន​ឯង​មួយ​ហើយ ព្រោះ​គ្មាន​នរណា​មក​បង្ខំ​យើង​ទេ តែ​កំហុស​ធំ​ជាង​នេះ​ទៀត​នោះ គឺ​យក​ខ្លួន​ឯង​ទៅ​ត្រាំត្រែង​ជាមួយ​រឿង​ដែល​គ្មាន​សង្ឃឹម ​បន្ត​ទៅ​មុខ​ទៀត។ កុំ​ព្យាយាម​រំលឹក​ពី​ពាក្យ​សម្ដី កាយ​វិការ និង​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​គេ​ពេក ព្រោះ​វា​គ្មាន​បាន​អី​ក្រៅ​ពី​ស្រក់​ទឹក​ភ្នែក​អត់​អំពើ។

ព្យាយាម​ដក​ខ្លួន​ចេញ​ពី​គេ ដោយ​ងាក​មក​ធ្វើ​អ្វី​ដែល​នាំ​យើង​សប្បាយ​ចិត្ត ហើយ​កុំ​ព្យាយាម​គិត​ពី​គេ ពេល​ដែល​អារម្មណ៍​ធម្មតា​ហើយ​កុំ​ព្យាយាម គិត​ពី​គេ​នាំ​ឲ្យ​សោកសៅ​ទៀត។ ការ​ឈឺចាប់​នឹង​អូស​បន្លាយ​កាន់​យូរ​បើ​នៅ​តែ​មិន​ព្រម ដក​គេ​ចេញ​ពី​ខួរ​ក្បាល តែ​បើ​ព្យាយាម​គិត​អ្វី​ដែល​ចាំ​បាច់​ជាង​​គិត​ពី​គេ វា​ក៏​អាច​ធ្វើ​ឲ្យ​ភ្លេច​គេ​បាន​ទាំង​មិន​ដឹង​ខ្លួន។

៣. កុំ​សូវ​តាមដាន ហើយ​ចង់​ដឹង​រឿង​ទាក់ទង​នឹង​គេ​ទៀត

តើ​វា​មាន​ប្រយោជន៍​អ្វី ដែល​ត្រូវ​ដឹង​ឮ​ពី​គេ​ទៀត ពេល​ដឹង​ហើយ​តើ​យើង​បាន​អី​មក​វិញ​ក្រៅ​ពី​ខូច​ចិត្ត តូច​ចិត្ត? តើ​បំភ្លេច​គេ​បាន​របៀប​ម៉េច​បើ​យើង​នៅ​តែ​ព្យាយាម​តាមដាន ​កកូរកកាយ រឿង​ដែល​ពាក់ព័ន្ធ​នឹង​គេ​រាល់​ថ្ងៃ​បែប​នេះ? បើ​ដឹង​ច្បាស់​ថា វា​មិន​អាច​ទៅ​រួច​ហើយ​ គួរ​ឈប់​ចង់​ពាក់ព័ន្ធ​នឹង​គេ​ទៀត គេ​ចង់​ទៅ​ណា​ ធ្វើ​អ្វី​នៅ​ជាមួយ​អ្នក​ណា ស្រលាញ់​អ្នក​ណា ឈប់​ខ្វល់​ទៅ វា​គ្មាន​បាន​អី​ត្រឡប់​មក​វិញ​ទេ។

រូបតំណាង

៤. ព្យាយាម​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជាង​នេះ

សួរ​ថា​បាន​អី​មក​វិញ ទើប​ទៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​មនុស្ស ​គ្មាន​យើង​ក្នុង​បេះ​ដូង​គេ​ផង។ គួរ​ចំណាយ​ពេល​ផ្ដោត​លើ​អ្វី​ដែល​វា​សំខាន់​សម្រាប់​យើង​បន្ត​ទៀត ហើយ​កុំ​ទៅ​ភ័យ​ព្រួយ​រឿង​គូ​នឹង​ពេក គង់​តែ​នឹង​ជួប​អ្នក​ដែល​ស្រលាញ់​យើង ដោយ​មិន​ចាំបាច់​ហត់​ចិត្ត​ទៅ​ឈឺចាប់​ផង។ ដក​ខ្លួន​ពី​ភព​ដ៏​ខ្មៅ​ងងឹត​នេះ ហើយ​មក​ចាប់​ផ្ដើម​ទំព័រ​ជីវិត​ថ្មី ជួប​អ្វី​ដែល​ថ្មី អ្វី​ដែល​ធ្វើ​ឲ្យ​យើង​រីក​រាយ ក៏​អាច​ភ្លេច​គេ​បាន​យ៉ាង​ងាយ។ ពេល​នោះ​យើង​ប្រាកដ​ជា​ហួស​ចិត្ត​នឹង​ខ្លួន​ឯង ពេល​រំលឹក​ពី​អតីត​កាល​មិន​គួរ​ណា​ឆ្កួត​ដល់​ម្ល៉ឹង​សោះ។

៥. ងាក​មក​ក្បែរ​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​វិញ

ទទួល​ស្គាល់​ថា ពេល​ឆ្កួត​នឹង​ស្រលាញ់​នរណា​ម្នាក់​ហើយ ធ្វើ​ឲ្យ​យើង​ភ្លេច​គិត​ពី​មនុស្ស​ជុំវិញ​ខ្លួន ដែល​សុទ្ធ​ជា​មនុស្ស​ល្អៗ។ យើង​យល់​ថា​ខ្លួន​ឯង​ឯកា គ្មាន​អ្នក​ណា​សំខាន់​ជាង​ ក្រៅ​ពី​គេ​ម្នាក់​នោះ​ឡើយ។ តែ​យើង​គួរ​ឈាន​ថយ​មួយ​ជំហាន​ហើយ​សួរ​ខ្លួន​ឯង​មុខ​កញ្ចក់​វិញ​ថា បើ​គេ​មិន​ត្រូវ​ការ​យើង​ទោះ​យើង​ធ្វើ​ល្អ​១០០០​ដង​ទៀត​ក៏​គេ​មើល​មិន​ឃើញ​ដែរ តើ​យើង​បន្ត​ទៀត​ដើម្បី​អី?

គួរ​ក្រឡេក​មក​មើល​គ្រួសារ មិត្ត​ភក្ដិ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​យើង ហើយ​អ្នក​ទាំង​នោះ​ហើយ​ជួយ​ឲ្យ​យើង​លែង​ខ្វល់​ពី​ម្នាក់​នោះ​បាន​ក្នុង​ថ្ងៃ​ណា​មួយ។ ពេល​ខ្លះ​អាច​ឲ្យ​យើង​គិត​ថា មិន​ចាំបាច់​មាន​ស្នេហា​ក៏​អាច​ឲ្យ​ជីវិត​យើង​រីករាយ​បាន​ដែរ។

សូម​បញ្ជាក់​ថា ៥​ចំណុច​ខាង​លើ​នេះ គឺ​សប្បាយ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​យុវវ័យ​ធ្លាប់​ឆ្លង​កាត់​បញ្ហា​នេះ ចំនួន​៥​រូប។ ពួក​គេ​សុទ្ធ​តែ​បាន​លើក​ឡើង​ចំណុច​ស្រដៀង​ៗ​គ្នា ដើម្បី​ដក​ចិត្ត​ពី​មនុស្ស​ម្នាក់​ដែល​គ្មាន​សង្ឃឹម​ អាច​បន្ត​ទៅ​មុខ។ ៥​ចំណុច​ខាង​លើ​នេះ គឺ​ជា​ការ​សម្រិត​សម្រាំង​មតិ​ជា​ច្រើន​ដើម្បី​រួម​បញ្ចូល​គ្នា ក្នុង​ចែក​រំលែក​ដល់​ប្រិយមិត្ត​អ្នក​អាន អាច​ដក​ស្រង់​ជា​បទពិសោធន៍​បាន៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់