- 2018-05-29 08:15:29
- ស្នេហា
បុរសឥណ្ឌាស្នេហ៍ស្រីស៊ុយអែត លក់ខ្ទេចខ្ទី ទិញកង់ជិះជិត ១ម៉ឺនគីឡូដីទៅជួបនាង ចុងក្រោយ...
- 2018-05-29 08:15:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសឥណ្ឌាស្នេហ៍ស្រីស៊ុយអែត លក់ខ្ទេចខ្ទី ទិញកង់ជិះជិត ១ម៉ឺនគីឡូដីទៅជួបនាង ចុងក្រោយ...
ចន្លោះមិនឃើញ
កាលពី ៤០ឆ្នាំមុន រឿងស្នេហាដ៏ស្រស់បំព្រងមួយបានកើតឡើង រវាងវិចិត្រករជនជាតិឥណ្ឌា និងនារីស៊ុយអែតវ័យក្មេងម្នាក់។ បន្ទាប់ពីជម្នះរាល់ឧបសគ្គទាំងឡាយ គូស្នេហ៍ទាំង ២នាក់នេះនៅតែរស់នៅជាមួយគ្នា រហូតមកដល់សព្វថ្ងៃ។
ខាងក្រោមនេះគឺជារឿងរ៉ាវស្នេហារបស់ពួកគេ៖
លោក Pradyumna Kumar Mahanandia បានកើតនៅក្នុងភូមិដាច់ស្រយាលមួយ ក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៤៩។ ហោរាសាស្ត្រម្នាក់បានធ្វើការទស្សន៍ទាយ បន្ទាប់ពី Kumar ចាប់កំណើតថា លោកត្រូវរៀបការជាមួយនារីម្នាក់ ដែលរស់នៅសែនឆ្ងាយ ហើយមានតារានិករឈ្មោះ Taurus និងជាម្ចាស់ព្រៃមួយកន្លែងទៀតផង។
លោក Kumar បាននិយាយថា «ខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងទំនាយ ហើយឥឡូវនេះដឹងថាអ្វីគ្រប់យ៉ាង ត្រូវបានគ្រោងទុកនៅលើផែនដីនេះរួចជាស្រេច»។
រឿងរ៉ាវស្នេហារបស់ពួកគេបានកើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៥។ នៅពេលនោះ Kumar គឺជាវិចិត្រករនៅតាមផ្លូវម្នាក់ក្នុងប្រទេសឥណ្ឌា។ ស្របពេលនោះដែរ នារីវ័យក្មេងដ៏ស្រស់ស្អាត មានកែវភ្នែកពណ៌ខៀវម្នាក់ ឈ្មោះ Charlotte Von Schedvin បានឲ្យលោកគូររូបនាង។
លោក Kumar និយាយថា «នៅពេលនាងបង្ហាញខ្លួននៅមុខជើងទ្រគំនូររបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាស្រាលខ្លួនអស់រលីង។ ពាក្យពេចន៍មិនអាចគ្រប់គ្រាន់សម្រាប់បង្ហាញពីអារម្មណ៍នេះបានឡើយ»។
វិចិត្រករតាមផ្លូវរូបនេះបន្តថា «កែវភ្នែករបស់នាងខៀវ ធំ និង មូលស្អាតណាស់។ ខ្ញុំមានអារម្មណ៍ថា នាងមិនមែនកំពុងសម្លឹងមើលខ្ញុំឡើយ គឺសម្លឹងមើលខាងក្នុងខ្លួនខ្ញុំ ដូចជាម៉ាស៊ីនឆ្លុះអេកូអីចឹង»។
ទោះបីជាយ៉ាងណា ដោយសារតែមានអារម្មណ៍ភ័យអរពេក លោក Kumar មិនអាចគូររូបនារីក្នុងក្ដីសុបិនរបស់ខ្លួនបានឡើយ ដូច្នេះក៏សុំឲ្យនាង Charlotte មកម្ដងទៀតនៅថ្ងៃក្រោយ។
«នាងត្រលប់មកវិញ ៣ដង ហើយខ្ញុំក៏បានគូររូបនាង ៣សន្លឹកដែរ។ នៅលើកទី៣នោះ ខ្ញុំមានអារម្មណ៍ថា នាងពិតជាមនុស្សស្រីដែរខ្ញុំតាមរកមែន»។ លោក Kumar និយាយ។ មិនយូរប៉ុន្មាន លោកថែមទាំងបានដឹងថា នាងមានតារានិករឈ្មោះ Taurus , ជាម្ចាស់ព្រៃ និង ចេះផ្លុំខ្លុយ ដូចអ្វីដែលទំនាយបាននិយាយពិតមែន។
មិនបង្អង់យូរ លោក Kumar បានប្រាប់នាង Charlotte ថា «អ្នកនឹងក្លាយជាប្រពន្ធរបស់ខ្ញុំ។ យើងត្រូវបានកំណត់ឲ្យជួបគ្នា»។
នាង Charlotte ដែលទើបតែមានអាយុ ១៩ឆ្នាំនៅពេលនោះ មិនភ័យខ្លាចចំពោះការសារភាពត្រង់ៗបែបនេះឡើយ ហើយថែមទាំងបានផ្ដល់ឱកាសឲ្យលោក Kumar ថែមទៀតផង។ ពួកគេបានចំណាយពេល ២-៣សប្តាហ៍ជាមួយគ្នា មុនពេលនាង Charlotte ត្រលប់ទៅកាន់ប្រទេសស៊ុយអែតវិញ។
រឿងរ៉ាវស្នេហារបស់ពួកគេ មិនបានបញ្ចប់ត្រឹមនោះឡើយ។ បន្ទាប់ពីបែកគ្នាអស់រយៈពេល ១ឆ្នាំកន្លះ វិចិត្រករវ័យក្មេង និងមានការប្ដេជ្ញាចិត្តរូបនេះ បានលក់អ្វីគ្រប់យ៉ាងដែលខ្លួនមាន ដើម្បីយកលុយទិញកង់មួយគ្រឿង។ ជាមួយនឹងសោហ៊ុយតិចតួច រួមទាំងការជួយពីមនុស្សចិត្តល្អប៉ុន្មាននាក់នៅតាមផ្លូវ អាចឲ្យលោក Kumar ធ្វើដំណើររហូតដល់ទៅ ៩ ៦០០ គីឡូម៉ែត្រ ដើម្បីស្កាត់ជួបនាង Charlotte។
រហូតមកដល់ពេលនេះ Kumar និង Charlotte បានរៀបការ និងរស់នៅជាមួយគ្នា អស់រយៈពេលជាង ៤០ឆ្នាំមកហើយ និងមានកូនចំនួន ២នាក់ទៀតផង។ ស្នេហារបស់ពួកគេក៏នៅតែរឹងមាំដូចពីមុនអីចឹង៕