• 2018-06-07 08:37:12
  • ស្នេហា

មនុស្សប្រុសហ៊ានចោលនារីម្នាក់មិនមែនសុទ្ធតែអាក្រក់ ព្រោះតែទង្វើច្រំដែល៥យ៉ាងនេះហើយ

  • 2018-06-07 08:37:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​ដែល​ហ៊ាន​ចាកចោល​នារី​ម្នាក់ ឬ​គេ​ហ៊ាន​ក្បត់​ទៅ​រក​អ្នក​ផ្សេង​មិន​មែន​សុទ្ធ​តែ​ជា​ប្រុស​សាវា​ មនុស្ស​អាក្រក់ អាត្មានិយម​នោះ​ទេ។ ជួន​កាល​បុរស​ដែល​ធ្លាប់​តែ​ជា​មនុស្ស​ល្អ​ម្នាក់ អាច​ក្លាយ​ជា​មនុស្ស​ចិត្ត​ដាច់​បំផុត ព្រោះ​តែ​គេ​លែង​ទទួល​យក​បាន​នូវ​ទង្វើ​ច្រំដែលៗ​ដូច​ខាង​ក្រោម​នេះ៖

១. មិន​ដែល​ជឿជាក់​លើ​ស្នេហា​ដែល​គេ​មាន

ស្នេហា​សំខាន់​បំផុត គឺ​ការ​ជឿជាក់​លើ​គ្នា ជឿ​លើ​ទង្វើ កាយ​វិការ ដែល​ផ្ដល់​ឲ្យ​គ្នា។ ទទួល​ស្គាល់​ថា មនុស្ស​ស្រី​អាច​មាន​ក្ដី​ស្រលាញ់​ខ្លាំង​លើសលប់ ជាង​ភាគី​ខាង​បុរស ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ដែល​ចិត្ត​ច្រើន សង្ស័យ​ច្រើន ជួន​កាល​ក្លាយ​ជា​មនុស្ស​លែង​មាន​ហេតុផល។ រី​ឯ​បុរស​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​រង់ចាំ​តែ​បកស្រាយ ព្រោះ​តែ​ការ​សង្ស័យ​រាប់រយ​ជំពូក​របស់​មនុស្ស​ស្រី​ទៅ​វិញ។

ទង្វើ​ដដែលៗ ការ​ចោទ​ប្រកាន់ សង្ស័យ​គ្មាន​ហេតុផល ដែល​ផ្ទុយ​ខុស​ពី​ការ​ពិត​នេះ​ហើយ ដែល​ធ្វើ​គេ​ហត់​ចិត្ត។ គេ​នឹង​មាន​អារម្មណ៍​ស្នេហា​ដែល​គេ​ផ្ដល់​ឲ្យ​នារី​ម្នាក់​ហាក់​គ្មាន​តម្លៃ ការ​ខិតខំ​របស់​គេ​ដើម្បី​នារី​ម្នាក់ ទទួល​បាន​មក​វិញ​តែ​ការ​សង្ស័យ។

២. ចង់​ឲ្យ​គេ​ផ្លាស់​ប្ដូរ​គ្រប់​បែប​យ៉ាង​ដើម្បី​ខ្លួន

ប្រសិន​បើ​ស្រលាញ់​គ្នា គឺ​ត្រូវ​ទទួល​ទាំង​ចំណុច​ល្អ និង​ចំណុច​មិន​ល្អ​របស់​គូ​ស្នេហ៍ ហើយ​ព្យាយាម​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ម្នាក់​បន្តិច ដើម្បី​ក្ដី​ស្នេហា​មួយ។ នារី​ខ្លះ ចង់​ឲ្យ​បុរស​ដែល​ខ្លួន​ឯង​ស្រលាញ់ ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​នាង ដើម្បី​ក្ដី​សុខ​ខ្លួន​ឯង រហូត​ក្លាយ​ជា​មនុស្ស​អាត្មា​និយម​ទៅ​វិញ។ ពេល​ខ្លះ​គេ​ចង់​រស់​នៅ​ជា​ជីវិត​របស់​គេ ហើយ​គេ​ចង់​មាន​ស្នេហា​មួយ ដែល​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក។ គេ​ក៏​មាន​អារម្មណ៍​ចេះ​ហត់ ហើយ​គេ​ក៏​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​ព្យាយាម​យល់​ពី​គេ​វិញ​ដូច​គ្នា មិន​មែន​ឲ្យ​តែ​មិន​ធ្វើ​អ្វី​តាម​ចិត្ត​នាង​ចង់​បាន ហើយ​មក​ចោទ​ប្រកាន់​ថា គេ​មិន​ស្រលាញ់​នាង​នោះ​ទេ។

៣. គេ​ហត់​នឹង​លួងលោម​គ្រប់​ពេល

គេយល់​ព្រម​ធ្វើ​ចាញ់​នាង គេ​យល់​ព្រម​ឲ្យ​នាង​ក្ដិច​នាង​ខាំ ក៏​ព្រោះ​តែ​គេ​ស្រលាញ់ ទោះ​បី​ជា​ពេល​ខ្លះ​គេ​ក៏​ដឹង​ថា មិន​មែន​ជា​កំហុស​របស់​គេ​ក៏​ដោយ តែ​គេ​ព្រម​ឲ្យ​នាង​ឈ្នះ។ តែ​បើ​ធ្វើ​ដូច​នេះ ស្នេហា​មួយ​អាច​ដើរ​បាន​យូរ​អង្វែង​ដែរ​ទេ? ចុះ​បើ​គេ​ហត់​នឹង​លួង នោះ​ស្នេហា​នឹង​ត្រូវ​បញ្ចប់​ទៅ​ហើយ​ទេ​អី។ ស្នេហា​មួយ​អាច​ដើរ​ទៅ​មុខ លុះ​អស់​ជីវិត​រៀង​ខ្លួន គឺ​ទាមទារ​ឲ្យ​ភាគី​ទាំង​សង្ខាង​មាន​ភាព​ចាស់​ទុំ មាន​ហេតុផល​ច្បាស់​លាស់ យក​ចិត្ត​គេ​ដាក់​ចិត្ត​ខ្លួន​ឯង។ បើ​ថ្ងៃ​ណា​មួយ​គេ​ចាកចេញ​ពី​នាង ក៏​ព្រោះ​គេ​លែង​ទទួល​យក​បាន​នូវ​ភាព​ក្មេង​ខ្ចី​របស់​នាង​នោះ​ហើយ។ ​

៤. គេ​មាន​អារម្មណ៍​ថា​នាង​មិន​ដែល​មាន​ក្ដី​សុខ​ពេល​មាន​វត្ត​មាន​គេ​ក្នុង​ជីវិត​នាង

តាំង​ពី​មាន​នាង​ចូល​ក្នុង​ជីវិត​របស់​គេ គេ​តែង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​នាង​មាន​ក្ដី​សុខ។ តែ​យូរ​ទៅ​គេ​តែង​តែ​ឃើញ​នាង​យំ នាង​ពិបាក​ចិត្ត នាង​ខ្វល់​ខ្វាយ ដោយ​គ្មាន​ហេតុផល នាង​កើត​ទុក្ខ​ដោយ​សារ​ក្នុង​គំនិត​មាន​តែ​រឿង​អវិជ្ជមាន។ គេ​មាន​អារម្មណ៍​ថា អ្វី​ៗ​ដែល​ធ្វើ​ចំពោះ​នាង មិន​អាច​រក​ក្ដី​សុខ​ឲ្យ​នាង​បាន​ឡើយ ហើយ​ក៏​គ្មាន​អ្វី​មក​កែ​ប្រែ​ចិត្ត​គំនិត​នាង ឲ្យ​មើល​គេ​ក្នុង​ផ្លូវ​ល្អ​បាន​ដែរ។

ពេល​ខ្លះ​គេ​គិត​ថា បើ​វត្ត​មាន​គេ​ក្នុង​ជីវិតនាង ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​បែប​នេះ តើ​គេ​គួរ​តែ​នៅ​បន្ត ឬ​ចាកចេញ​ ដើម្បី​នាង​អាច​ទៅ​រក​បុរស​ដែល​ល្អ​ជាង​ខ្លួន? បើ​នាង​ពិត​ជា​ស្រលាញ់​គេ​មែន ហើយ​មិន​ចង់​បាត់បង់​គេ សូម​នាង​បើក​ចិត្ត​មើល​ចំណុច​ល្អ​របស់​គេ​ខ្លះ​ផង។

៥. គេ​ក៏​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះដែរ

មិន​ថា​គេ​នៅ​កន្លែង​ធ្វើ​ការ ទៅ​ជួប​មិត្ត​ភក្ដិ ឬ​នៅ​ជាមួយ​គ្រួសារ នាង​តែង​តែង​ចង់​ឲ្យ​គេ​ខល ផ្ញើសារ​ ហើយ​ពេល​ខ្លះ នាងទាមទារ​ឲ្យ​បុរស​ដែល​ខ្លួន​ឯង​ស្រលាញ់ នៅ​ក្បែរ​នាង​គ្រប់​ពេល ទើប​នាង​សុខ​ចិត្ត។ បែប​នេះ​គេ​មិន​មែន​ហៅ​ថា ស្នេហា​នោះ​ទេ តែ​ជា​លក្ខណៈ​ចង់​ក្លាយ​ជាកម្ម​សិទ្ធិ​ផ្ដាច់​មុខ​ហើយ។ ការ​ស្រលាញ់​គ្នា មិន​ចាំបាច់​ទាល់​តែ​នៅ​ក្បែរ​គ្នា​២៤​ម៉ោង និយាយ​ទូរសព្ទ ផ្ញើ​សារ​រក​គ្នា គ្រប់​ទីកន្លែង​ទេ សំខាន់​ក្ដី​ស្រលាញ់​ដែល​មាន​នៅ​ក្នុង​ចិត្ត​គឺ​មាន​តម្លៃ​បំផុត មិន​អាច​កាត់​ថ្លៃបាន។

គេ​កើត​មក​ជា​បុរស មិន​មែន​កំណត់​មក​ថា ​សម្រាប់​តែ​ធ្វើ​គ្រប់​យ៉ាង ដើម្បី​តែ​នារី​ទេ គេ​មាន​កាតព្វកិច្ច មាន​ការងារ មាន​ឪពុក​ម្ដាយ បង​ប្អូន​មិត្ត​ភក្ដិ ដូច​តែ​នាង​អ៊ីចឹង។ នាង​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​គេ​មែន តែ​មិន​មែន​ជា​ម្ចាស់​ជីវិត​គេ មាន​សិទ្ធ​គ្រប់​គ្រង​គេ​ទាំង​ស្រុង​បាន​ឡើយ។

សរុប​មក​វិញ ស្នេហា​មួយ​ដែល​អាច​កាន់​ដៃ​គ្នា រហូត​ដល់​ជីវិត​ចុង​ក្រោយ​បាន គឺ​អាស្រ័យ​លើ​ភាគី​ទាំង​សង្ខាង។ ស្នេហា​មួយ​ដែល​មានតែ​ភាព​ស្រស់​បំព្រង និង​សេចក្ដី​សុខ មិន​មែន​ជា​កាតព្វកិច្ច​ភាគី​ខាង​នារី ឬ​ភាគី​ខាង​បុរស​ឡើយ តែ​អ្នក​ទាំង​ពីរ​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​ក្នុង​រឿង​ស្នេហា។ ស្នេហា​មួយ​ដែល​ត្រូវ​រង្គោះរង្គើ​មិន​មែន​សុទ្ធ​តែ​បង្ក​មក​ពី​ខាង​ប្រុស ក៏​មិន​ប្រាកដ​ថា​គ្មាន​កំហុស​ពី​ខាង​នារី​ដែរ។ ដូច្នេះ​ការ​យល់​ពី​គ្នា ការ​លើក​លែង គឺ​សំខាន់​ជាង​អ្វី​ទាំង​អស់​ក្នុង​ជីវិត​គូស្នេហ៍។

សូមបញ្ជាក់ថា ៥ចំណុចខាងលើនេះ គឺជាការចែករំលែកបទពិសោធន៍របស់បុរសមួយចំនួន តាមសារអេឡេចត្រនិកជាមួយក្រមការងារ Sabay ចំនួន៥រូប ហើយបានលើកឡើងស្រដៀងៗគ្នា ដូចខាងលើនេះ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់