• 2018-08-12 02:16:08
  • សុខភាព

ចង់ឲ្យមេជីវិតឈ្មោលកើតឡើង បុរសៗមិនគួរមើលរំលងអាហារទាំងនេះឡើយ

  • 2018-08-12 02:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់ចំនួនមេជីវិតឈ្មោល និងរបបអាហារ ឬអាហារដែលអ្នកទទួលទាន។ អាហារមួយចំនួនអាចជួយបង្កើនចំនួនមេជីវិតឈ្មោល និងទឹកកាមបាន។ ខាងក្រោមនេះគឺជាអាហារផ្តល់សុខភាពខ្លះៗ ដែលត្រូវបានគេដឹងថា អាចជួយបង្កើនចំនួនមេជីវិតឈ្មោល៖

ចេក

ផ្លែចេកត្រូវបានគេរកឃើញថា ជួយសម្រួលដល់អ័រម៉ូនភេទ និងបង្កើនចំណង់ផ្លូវភេទរបស់បុរស ដោយសារតែអង់ស៊ីមមួយឈ្មោះ Bromelain។ ជាមួយគ្នាដែរ ផ្លែចេកសម្បូរទោដោយវីតាមីន A, B1 និង C ដែលនឹងជួយបង្កើនមុខងាររបស់មនុស្សប្រុសលើការផលិតមេជីវិតឈ្មោល។

សូកូឡាខ្មៅ

សូកូឡាខ្មៅអាហារផ្តល់សម្រើបផ្លូវភេទដ៏ខ្លាំងមួយដែលផ្ទុកទៅដោយសារធាតុ L-Arginine។ នេះគឺជាអាស៊ីតអាមីណេមួយប្រភេទដែលត្រូវបានគេដឹងថា ជួយបង្កើនចំនួនទឹកកាម ព្រមទាំងភាពខ្លាំងក្លានៃការឈានដល់ចំណុចកំពូល។ តែចូរចាំថា មិនត្រូវញ៉ាំច្រើនពេកទេ ព្រោះងាយនឹងធ្វើឲ្យធាត់ឡើងទម្ងន់បាន ហើយវាមិនគ្រាន់តែបន្ថយចំនួនអ័រម៉ូនភេទប្រុសទេ តែក៏បន្ថយចំនួនមេជីវិតឈ្មោលដែរ។

ស៊ុត

ស៊ុតសម្បូរទៅដោយវីតាមីន E និងប្រូតេអ៊ីន ដែលត្រូវបានគេចាត់ទុកថា ជួយដល់ការផលិតរបស់មេជិវិតឈ្មោលប្រកបដោយសុខភាពល្អក្នុងពងស្វាស។ ជាមួយគ្នានេះដែរ ស៊ុតត្រូវបានគេជឿថា ជួយការពារកោសិកាមេជីវិតឈ្មោលពីឥទ្ធិពលគ្រោះថ្នាក់របស់រ៉ាឌីកាលសេរីបាន។

ខ្ទឹមស

ខ្ទឹមសត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំក្នុងការព្យាបាលបញ្ហារាងកាយដូចជា បញ្ហានៃការបង្ករោគនៅផ្លូវដង្ហើមជាដើម។ ក្រៅពីនេះ ខ្ទឹមសក៏ជួយបង្កើនចំនួនមេជិវិតឈ្មោល និងសម្រើបផ្លូវភេទដ៏មានប្រសិទ្ធភាពដែរ។ ខ្ទឹមសផ្ទុកទៅដោយសារធាតុមួយឈ្មោះថា Allicin ដែលជួយពង្រឹងដល់លំហូរឈាមទោសរីរាង្គភេទបុរស ដូច្នេះវានឹងបង្កើនចំនួនទឹកកាម និងការផលិតមេជីវិតឈ្មោលដែរ។

អយស្ទើ

អយស្ទើគឺជាប្រភពនៃជាតិស័ង្គសីដ៏ល្អបំផុតសម្រាប់បុរស ក្នុងការជួយផលិតមេជីវិតឈ្មោល។ ការញ៉ាំអយស្ទើកាន់តែច្រើនកាន់តែជម្រុញដល់សមត្ថភាពមានកូន។ ប្រភពផ្សេងៗទៀតនៃជាតិស័ង្គសីដែរនោះគឺគ្រាប់ល្ពៅ សាច់មាន់ លាសសមុទ្រ និងបង្កង។

ស្ពៃស្ពីណាច់

បន្លែពណ៌បៃតងដូចជាស្ពៃស្ពីណាច់ជាប្រភពដ៏ល្អមួយនៃអាស៊ីតហ្វូលិក។ តើអ្នកមានដឹងទេថា កាលណាចំនួនអាស៊ីតហ្វូលិកក្នុងខ្លួនមានតិចអាចធ្វើឲ្យកើនឡើងចំនួនមេជីវិតឈ្មោលដែលខូចរូបរាងកាន់តែច្រើនដែរទេ ដូចជា មានកន្ទុយពីរ ឬក្បាលពីរជាដើម។ រឿងនេះក៏ធ្វើឲ្យមេជីវិតឈ្មោលផ្ទុកទៅដោយក្រូម៉ូសូមមិនធម្មតាកាន់តែច្រើន ដែលផ្តល់ការពិបាកកាន់តែខ្លាំងលើការបង្កកំណើតជាមួយមេជីវិតញី។ មួយវិញទៀត ទោះបីជាមេជីវិតឈ្មោលទាំងនេះអាចបង្កកំណើតជាមួយមេជីវិតញីក៏ដោយ ក៏ឱកាសនៃការកើតកូនមកខូចអវៈយវៈ ក៏មានខ្ពស់ដែរ៕

ប្រភព ៖ health.com.kh

មតិយោបល់