• 2018-08-20 12:01:00
  • ការអប់រំ

(អនុស្សាវរីយ៍)ដល់​ថ្ងៃ​ប្រឡង អង្គុយ​ៗ​នឹក​ឃើញ​ដល់ "អាជា" វា​បាន​ជួយ​​​ឲ្យ​ខ្ញុំ "ជាប់"

  • 2018-08-20 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះប្រហែល​មិន​មែន​ជា​រឿង​ហួស​ចិត្ត​នោះ​ទេ ប៉ុន្តែជា​អនុស្សាវរីយ៍​មិន​អាច​ភ្លេច​បាន​របស់​លោក​ម្នាក់ ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា "និស្សិត​ស្រែ" ដែល​លោក​និទាន​ពី​មិត្តភ័ក្ដិ​កម្សត់កម្រ​លោក​ម្នាក់ ពាក់​ព័ន្ធ​នឹង​ការ​ប្រឡង​បាក់ឌុប​នេះ។ ដូច្នេះ​តាម​ដាន​ទាំង​អស់​គ្នា៖

«ដាក់​ឲ្យ​ញ៉ុម​មុន​អ៊ី​ ដល់​ម៉ោង​គោរព​ទង់​ជាតិ​ឥលូវ​ហើយ» «ញ៉ុម​មុន​អ៊ី​ៗ» «ឲ្យ​ញ៉ុម​អ៊ី​ ញ៉ុម​ម៉ោ​មុន​គេ» ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ​លាន់ឮ​ទ្រហឹងស្ទើរ​រាល់​ព្រឹក​ ចន្លោះ​ម៉ោង​៦​និង​៥​០​នាទី​ នៅ​រោង​នំ​ក្នុង​សាលា​បឋម​សិក្សា​មួយ​។ ខ្ញុំ​កំពុង​អង្គុយ​ញ៉ាំ​បាយ​​ស្រូប​មួយ​ចាន​ ផ្ដុំ​ដោយ​សាច់​ជ្រូក​ចៀន​ និង​ពង​ទា​ក្រឡុក អម​ដោយ​ជ្រក់​ត្រសក់​ចំណិត​ពណ៍​បៃតង​ស្រស់។​ អំឡុង​ឆ្នាំ​៩៩​ បាយ​មួយ​ចាន​ពេញ​នេះ​ តម្លៃ​ត្រឹម​តែ​៧០០​៛​ប៉ុណ្ណោះ។​   ក្រលេក​ទៅ​តូប​មួយ​ទៀត​ ​អា​ជា​មិត្ត​ភក្តិ​ជាប់​ផ្ទះ​ខ្ញុំ​ កំពុង​ឈរ​រេរា​មើល​ចំនី​ក្នុង​ថាស​។​ មួយ​សន្ទុះ​ធំ​ ​វា​រើស​បាន​នំ​មួយ​កញ្ចប់​ គឺ​នំ​ក្ដាម​ដ៏​ពេញ​និយម។​ ខ្ញុំ​ញ៉ាំ​បាយ​អស់​ លើក​កា​ផឹក​ទឹក​តែ​ ​ដាក់​ក្នុង​ធុង​រួម​ធំ​មួយ​ រួច​ដើរ​តាម​ក្រោយ​អាជា​ ដែល​កំពុងបោះ​ជំហាន​ទៅ​ថ្នាក់​វា​បណ្ដើរ​ ហែក​នំ​ញាត់​មាត់​​បណ្ដើរ។​  

រូបតំណាង

ខ្ញុំ​ដើរ​ទៅ​ក្បែរ​​ រួច​សួរ​ថា​៖​ «អាជា​ ម៉េច​ព្រឹក​ៗ​អញ​អត់​ដែល​ឃើញ​ហ្អែង​ស៊ីបាយ​ស្រូប​ចឹង?» អាជា​ទំពារ​នំ​អស់​ រួច​តប​មកទាំង​មុខ​ស្ងួត៖​ «អញ​អត់​មាន​លុយ​ទេ​ មក​រៀន​មួយ​ព្រឹក​ម៉ែ​អញ​ឲ្យ​តែ​២០០៛​ទេ»   ខ្ញុំ​ឮ​ហើយ​ងក់​ក្បាល​ រួច​ក៏​បែក​ផ្លូវ​ទៅ​ថ្នាក់​រៀង​ៗ​ខ្លួន។​ មិន​ប្រាប់​​ម៉េច​នឹង​ដឹង​ ថា​វា​មាន​លុយ​ចាយ​តិច​យ៉ាង​នេះ។​ គ្រួសារ​អាជា​មាន​បង​ប្អូន​៧​នាក់​ ក្នុង​នោះ​៦​នាក់​សុទ្ធ​តែ​នៅ​រៀន​ ជីវភាព​មិន​សូវ​ធូរធារ​ទេ ចំណែកគ្រួសារ​​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​មាន​ធំដុំ​​ដែរ​ គ្រាន់​តែប្រសើរ​​​ជាង​បន្តិច​ ព្រោះ​ម្ដាយ​ខ្ញុំ​ជា​អ្នក​លក់ដូរ ហើយមាន​បង​ប្អូន​តែ​៣​នាក់។​ ខ្ញុំ​ចាប់​ផ្ដើម​មាន​ចិត្ត​អាណិត​វា​យ៉ាង​ខ្លាំង​ ហើយ​​ចង់​ជួយ​វា។ ​   ត្រលប់​ពី​រៀន​វិញ​ ខ្ញុំ​មាន​គំនិត​មួយ​ដើម្បី​រក​ចំណូល​បន្ថែម​ គឺ​ច្របាច់​ដៃជើង​ ឬ​ក៏​ដក​សក់​ស្កូវ​ឲ្យ​យាយ​ ប្ដូរ​នឹង​លុយ​៥០០៛ក្នុង​មួយ​ថ្ងៃ។​ យាយ​គាត់​យល់​ព្រម​ តាម​សំណើរ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ធ្វើ​ការងារ​នេះ​រៀងរាល់​ថ្ងៃ​ តែ​ពេល​ខ្លះ​ខ្ជិល​មួយ​ពេលពីរ​ពេល​ ក៏​យាយ​នៅ​តែ​បើក​លុយ​ឲ្យ។

រូប​តំណាង

តាំង​ពី​បានចំណូល​ ពី​ជំនួញ​ជាមួយ​យាយ​ខ្លួន​ឯង​មក​ ខ្ញុំ​ និង​អាជា​អង្គុយ​បាយ​ទល់​មុខ​គ្នា​រាល់​ព្រឹក​ មុន​ចូល​រៀន។​ ទង្វើ​នេះ​ ត្រូវ​បាន​ធ្វើ​ជា​ប្រចាំ​រហូត​ដល់​ដាច់​ឆ្នាំ​សិក្សា​ ហើយ​ក៏​ជា​ពេល​ដែល​ខ្ញុំ​ខាន​បាន​ប៉ាវ​ អាជា​ ទៀត​ដែរ​ ដោយ​ហេតុ​ថា​ រៀន​វេន​ខុស​គ្នា​ ស្រប​ពេល​ជីវភាព​គ្រួសារ​របស់​វា​ គ្រាន់​បើ​ជាង​មុន​បន្តិច​។​ យ៉ាង​នេះ​ក្ដី​ ខ្ញុំ​ក៏​មិន​ភ្លេចទម្លាប់​ចាស់ដែរ​ ព្រោះ​រាល់​ថ្ងៃ​ព្រហស្បតិ៍​ពួក​យើង​បាន​ជួប​គ្នា​ពេល​ពលកម្ម ហូប​អី​ជាមួយ​គ្នា​។   ៩​ឆ្នាំ​លឿន​ដូច​ភរ ក្នុង​ឆ្នាំ​២០០៩​ អាជា​ បាន​បញ្ចប់​ជីវិត​ជា​សិស្ស​ត្រឹម​ថ្នាក់​ទី​១១​ រួច​ចូលរោងការ​ជាមួយ​មនុស្ស​ដែល​វា​ពេញ​ចិត្ត​ជាយូរ​មក​ហើយ​ បើ​ទោះ​ជា​មិនមាន​វត្តមាន​ឪពុក​របស់​វា​ក្ដី។​ ចំណែក​ខ្ញុំ​វិញ​ ចូល​ដល់​ថ្នាក់​ទី​១២​ល្មម​ ជា​ពេល​ត្រូវ​ឡើង​ជ្រញ់​តតាំង​ដណ្ដើម​យក​ក្រដាស​មួយ​សន្លឹក​ ដែល​មាន​លុយ​ក៏​មិន​អាច​ទិញ​បាន​ គឺ​សញ្ញាប័ត្រ​បាក់​ឌុប។​     ព្រឹក​ថ្ងៃ​ទី​៣​នៃ​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០០៩​ ជា​ព្រឹក​ដ៏​តានតឹង​បំផុត​សម្រាប់​សិស្ស​ទាំងអស់​ ព្រោះ​ចំវិញ្ញាសា​គណិត​វិទ្យា។​ ខ្ញុំ​ និង​មិត្ត​ភក្តិ​ ស៊េរី​ពួក​មួយ​អាទិត្យ​ស្គាល់​ថ្នាក់​២​ថ្ងៃ​ ទូរសព្ទ​រក​កន្លែង​ជុំ​គ្នា​តាម​ទម្លាប់​ មុន​ចេញ​ទៅ​មណ្ឌល​ប្រលង។​ កាល​ពី​យប់​ គីឡូ​មិន​ដែល​ចូល​រៀន​សំងំ​ចាំ​ស្ដាប់​ព័ត៌មាន​បែក​វិញ្ញាសា​ មួយ​យប់​ហើយ​នៅ​ផ្ទះ​អាថា​ ចំណែក​ខ្ញុំ​ទៅ​មិន​កើត​ទេ​ ដោយសារ​ម៉ែ​ឃាត់​លែង​ឲ្យ​ទៅ​ បន្ទាប់​ពី​ដេក​ចាំ​វិញ្ញាសា​ផ្សេង​ៗ​២​យប់​កន្លងទៅ​ តែ​អត់​បាន​ផល​អី។

រូប​តំណាង

កំពុង​រេរង់​នៅ​មុខ​ផ្ទះ​អាថា​ ជាមួយ​អា​ក្លើ​២​-៣នាក់​ ស្រាប់តែ​ អាជា​ ជិះ​ម៉ូតូ​កាត់​មុខ​ ហើយ​ងាក​មក​ស្រែក​ដាក់​ខ្ញុំ៖​«អានេះ​អញ​រក​ហ្អែង​នៅ​ផ្ទះ​អត់​ឃើញ​។​ នៅ​ចាំ​ហ្នឹង​ហើយ​ អញមកវិញ​ឥលូវ​ហើយ​ អញ​មាន​វិញ្ញាសា​គណិត​បែក»   ខ្ញុំ​ឮ​ហើយ​ តែ​មិន​បាន​យក​ពាក្យ​វា​ទុក​ក្នុង​ចិត្ត​ទេ​ ដោយ​គិត​ថា៖​ «អញ​ដេក​ចាំ​២​យប់​ហើយ​ គ្មាន​ឃើញ​បែក​ស្អី​មួយផង​ ហ្អែង​ទៅ​រក​បាន​មក​ពី​ណា» ម្យ៉ាង​ទៀត​ ឮ​មិត្តភក្តិ​ខ្ញុំ​និយាយថា​ អា​ជា​ យក​មក​លក់​ឲ្យ​ពួក​វា​តាំង​ពី​យប់​ម្ល៉េះ តែ​ពួក​វា​មិន​ទិញ។   កៀក​ម៉ោង​ចូល​ប្រលង​ ពួក​ខ្ញុំ​ក៏​ចេញ​ម៉ូតូ​ទៅ​ហូប​បាយ​ស្រូប​ផ្ទះ​អ៊ុំ​ហយ​ ក្បែរ​របង​វិទ្យាល័យ។​ ទើប​ញាត់បាយ​ចូល​​មាត់​បាន​២​ស្លាប​ព្រា​ ស្រាប់​តែ​ដៃ​មួយ​កាន់​ក្រដាស​រ៉ាម​បត់​ជា៤​មួយ​ដុំ​ រុល​មក​កៀន​ខ្លួន​​ខ្ញុំ​ ខ្ញុំ​ងាក​ទៅ​ឃើញ​ អាជា​ វា​ប្រាប់ថា​ ដាក់​ជាប់​ខ្លួន​ទៅ​ធានាត្រូវ​៩០​ភាគរយ។​ ខ្ញុំ​ទទួល​ពី​វា​ មិន​ទាំង​បាន​អរគុណ​ផង​ វា​ចេញ​ទៅ​បាត់​ទៅ ខណៈ​ក្នុង​ចិត្ត​នៅ​តែ​មិន​ជឿ​ទាល់​តែ​សោះ។​   ចូល​ដល់​ក្នុង​បន្ទប់​ប្រលង​ ខ្ញុំ​បែក​ញើស​ថ្ងាស​ជោក។​ មិនមែន​ថា​ វិញ្ញាសា​ចេញ​មិន​ចំ​ចំណុច​ដែល​ខ្ញុំ​ចេះ​ទេ​​ គឺ​ខ្ញុំ​មិន​ចេះ​សោះ​តែ​ម្ដង។​ ៣០​នាទី​ដើរ​ទៅ​ផុត​ ក្រដាស​សំណេរ​របស់​ខ្ញុំ​នៅ​សស្អាត​ដដែល​ គ្មាន​រំខាន​ដោយ​ស្រមោល​ទឹក​ប៊ិច​សូម្បី​បន្តិច។​ ងាក​ឆ្វេង​ ងាកស្ដាំ​ ងាក​ក្រោយ​ ឃើញ​គេ​ឈ្ងោក​សរសេរ​លាន់​ ក៏​ចាប់​ផ្ដើម​នឹក​ដល់​ពាក្យ​ឪពុក​ម្ដាយ​និយាយ​ តាំង​ពី​ចូល​ថ្នាក់​ទី​៧​មក​ម្ល៉េះ។​ «កូន​អើយ​ខំរៀន​ខំ​សូត្រ​ គ្មាន​អ្នក​ណា​ជួយ​បាន​ ក្រៅ​ពី​ខ្លួន​ឯង​ទេ»។

រូប​តំណាង

ខ្ញុំ​​ច្របូក​ច្របល់​​ដូច​យក​អារម្មណ៍​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ទឹក​ក្រលុក​ តែ​គុណបុណ្យ​ជួយ​ នឹក​ឃើញ​ដល់​ក្រដាស​មួយ​ដុំ​នៅ​ក្នុង​ហោប៉ៅ​ ដែល​ អាជា​ ហុច​ឲ្យ​នៅ​ហាង​បាយ។ បង្ហើប​ថ្នម​ៗ​ ភ្នែក​វិល​៣៦០​ដឺក្រេ​ ដូច​ដែល​អ្នក​អាន​ទាំងអស់​ធ្លាប់​ធ្វើ​ពេល​ប្រលង​ ខ្ញុំ​ប្រែ​ទៅ​ជា​ញ័រ​សាច់​ទទ្រើក​។​ លំហាត់​លេខ​១​ធំអំពី​លីមីត​​ ត្រូវ​ដល់​ទៅ​២​ក្នុង​ចំណោម​ លំហាត់​តូចៗ​៣​ ចំណែក​អា​ផ្សេង​ទៀត​ ចូល​ទាំងអស់​អត់​មាន​ខុស​អី​មួយ​ខ្ទង់។   ដូច​ធ្លាប់​ដឹង​ហើយ​ អ្នក​មិន​សូវ​ចូលរៀន​ មិនមែន​មាន​ន័យ​ថា​ ចម្លង​យឺត​ ឯណា។​ ត្រឹម៤៥​នាទី​ ​​ខ្ញុំសម្រេច​ប្រតិបត្តិ​ការ​ឈ្ងោក​កត់​មិន​ងើប​ដោយ​ជោគជ័យ​ ដូច​ Copy & Paste ក្នុង​កុំព្យូទ័រ។ ចេញ​ពី​បន្ទប់​ប្រលង​ ខ្ញុំ​ដើរ​ដូច Morinho ដឹក​នាំ​ Chelsea លើកពាន​ Premier League ​​ថ្មី​ៗ។   ប្រលង​ចប់​​ ស្អែក​ឡើង​ខ្ញុំមក​ភ្នំពេញ​ភ្លាម​ ព្រោះ​មិន​ទាន់​ទុក​ចិត្ត​ថា​មុខ​វិជ្ជា គណិត​វិទ្យា​ អាច​យោង​ រូប គីមី និង​ជីវ​វិទ្យា ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​នោះ​ រួច​ឬអត់។​ ថ្ងៃ​ចេញ​លទ្ធផល​ ម្ដាយ​ខ្ញុំ​ទូរសព្ទ​មក​ប្រាប់​ថា៖​ «មក​ផ្ទះ​មក​ កូន​ឯង​ជាប់​ហើយ​ និទ្ទេស D​ បាន​ជាង​៧៥​ក្បៀស»។ ខ្ញុំ​អរ​ស្ទើរ​ហោះ​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ក្រដាស​មួយ​ដុំ​ដែល​ខ្ញុំ​គិត​ថា​មិន​បាន​ការណ៍​ ជួយ​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​បាន​ដូច​នេះ​សោះ​​។​ មក​ដល់​ផ្ទះ​ភ្លាម​ ខ្ញុំ​ទៅ​រក​ អាជា​ ភ្លាម​។ មិន​មែន​រក​ធ្វើ​អី​ទេ​ គឺ​ដឹក​វា​ទៅផឹក​ទាល់​ វេរ​ផ្លូវ​រៀង​ខ្លួន ជា​ការ​តប​ស្នង​។​   មក​ទល់​ពេល​នេះ​ អាជា​ មាន​កូន​៣​នាក់​ហើយ ប្រុស​ទាំង​៣​។​ ទៅ​លេង​ស្រុក​ជួប​វា​ម្ដង​ៗ​ ខ្ញុំ​មិន​ភ្លេច​ទេ​រឿង​កាហ្វេ​គុយទាវ​ជាមួយ​វា​ តែ​ឥលូវ​រាង​ធ្ងន់​ជាង​មុន​បន្តិច​ ដោយ​សារ​បាយ​ស្រូប​មួយ​ចាន​៧០០៛​ លែង​មាន​ទៀត​ហើយ​ ហាហាហា។​   គិតៗ​ទៅ​ ពាក្យ​ចាស់​និយាយ​មិន​សូវ​ខុស​ទេ​ ខំ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​ មិន​យូរ​មិន​ឆាប់​ អំពើ​ល្អទាំងនោះ​នឹង​ត្រលប់​មក​រក​យើង​វិញ។​ ផ្ទុយ​ទៅ​វិញ​ ក៏​សុំ​ផ្ដាំ​ទៅ​យុវជន​ជំនាន់​ថ្មី​ថា​ ត្រូវ​ប្រឹងប្រែង​សិក្សារៀនសូត្រ​ កុំ​រំពឹង​លើ​សំណៅ​ឯកសារ​ ព្រោះ​វា​ជួយ​យើង​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ​។​ ស្រប​ពេល​អាស៊ាន​ចាប់​ផ្ដើម​ធ្វើ​សមាហរណកម្ម​ ទីផ្សារ​ការងារ​នឹង​កាន់​តែ​ចង្អៀត​ ​ដែល​ទាមទារ​ឲ្យ​យើង​មាន​សមត្ថភាព​ ចំណេះ​ដឹង ចំណេះ​ធ្វើ​ខ្ពស់​ ទើប​អាច​ប្រជែង​នឹង​ប្រជាជន​ក្នុង​តំបន់​បាន។   ចាប់​ផ្ដើម​ធ្វើ​អំពើ​ល្អ​ពី​ថ្ងៃ​នេះ​ ដើម្បី​សង្គម​កម្ពុជា​ពោរពេញ​ដោយសេចក្ដី​ល្អ។ «អាជា»​ ឈ្មោះ​នេះ​នឹង​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ជានិច្ច។​   ដោយ៖ និស្សិត​ស្រែ

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់