• 2018-08-24 12:01:00
  • ជំនឿ

ដើរ​ទៅ​ស្រែ​រំលង​អាធ្រាត្រ ជួប​ខ្មោច​តា សឹម

  • 2018-08-24 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុត​ពី​រឿង​ដើរ​ រាំ​វង់​យប់ ដែល​ខ្ញុំ​ចែក​រំលែក​កាល​ពី​ពេល​មុន។ ថ្ងៃ​នេះ ខ្ញុំ សុខុម ចែក​រឿង​ខ្មោច​លង​នៅ​វាល​ស្រែ​ម្ដង។ ដូច​ខ្ញុំ​ធ្លាប់​ប្រាប់ ខ្ញុំ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ ប៉ុន្តែ​ទៅ​ណា​ក៏​ដោយ​ជួប​តែ​ខ្មោច​ដែរ​ពេល ចាស់​ៗ​និយាយ​ថា ដោយ​សារ​ខ្ញុំ​នេះ មាន​ក្រយៅ​ខ្មោច​លង។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា អា​ក្រយៅ​ចង្រៃ​ឆ្កួត​យ៎​នោះ នៅ​កន្លែង​មួយ​នៃ​រាង​កាយ​ខ្ញុំ​ទេ។ សាច់​រឿង​របស់​ខ្ញុំ​មាន​ដូច​ត​ទៅ៖

ថ្ងៃ​មួយ​នា​រដូវ​វស្សា​ចូល​មក​ដល់ ជា​ពេល​ដែល​​ប្រជា​កសិករ​ខ្មែរ​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចម្ការ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​​ពុក​បាន​ហៅ​​ខ្ញុំ​ឱ្យ​ទៅ​ស្រែ​ជា​មួយ​ គាត់​​ដើម្បី​ដើរ​ទប់​ទឹក​នៅ​តាម​ភ្លឺ​ស្រែ។ យប់​ងងឹត​ឈឹង​ពុក​ទឹម​គោ​ចេញ​ទៅ​ស្រែ ខ្ញុំ​ដើរ​​តាម​​ក្រោយ ​​ហើយ​ពេល​នោះ​ក៏​​មាន​​ភ្លៀង​រលឹម​ស្រិចៗ​ផង ផ្សំ​នឹង​ផ្គរ​រន្ទៈ​ផូងផាំង​ផង។

ខ្ញុំ​ចេះ​តែ​នឹក​ក្នុង​ចិត្ត​ថា កំពុង​តែ​ដេក​លក់​ស្រួល​ផង​ពុក​អ្ហើយ ពុក​ចេះ​ដាស់​ខ្ញុំ​មក​ទាំង​ភ្លៀង​អីចឹង​កើត។ តោះ ចិត្ត​មិន​ចង់ ក៏​មិន​ហ៊ាន​តវ៉ា​ដែរ ព្រោះ​ពុក​ខ្ញុំ​កាច និង​មិន​សូវ​និយាយ​ច្រើន​ទេ។ ឪពុក​របស់​​ខ្ញុំ​គាត់​​​ក្រោក​​ពី​យប់​បែប​នេះ​ព្រោះ​​ស្រែ​ដែល​ត្រូវ​ទៅ​ ភ្ជួរ​នោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​១០​គីឡូម៉ែត្រ​ឯណោះ ណា​​មួយ​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៀត។

ដើរ​បាន​​តែ​មួយ​សន្ទុះ​ ដូច​ជា​ភ្លេច​ខ្លួន ក៏​បាត់​ឪពុក​​​​ឈឹង ខ្ញុំ​គិត​​ថា​ប្រហែល​ជា​គាត់​​ទឹម​គោ​​ទៅ​មុន​បាត់​ហើយ​មើល​ទៅ​ក៏​បន្ត​ ដំណើរ​ទៅ​មុខ​​ទៀត​ដែរ។ ភ្លៀង​រលឹម​បាន​រាំង​ទៅ​វិញ​ ប៉ុន្តែ​ខ្យល់​បាន​បោក​បក់​ជា​ខ្លាំង​អម​ដោយ​សំឡេង​ឆ្កែ​លូ​ចេញ​ពី​ផ្ទះ​ របស់​អ្នក​ភូមិ។ ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​នោះ​គ្មាន​មនុស្ស​ណា​ទាន់​ចេញ​ពី​ភូមិ​ទេ ណា​មួយ​នៅ​តាម​ដង​ផ្លូវ​​សុទ្ធ​តែ​ព្រៃ​ព័ទ្ធ​ជុំ​វិញ។

មួយ​សន្ទុះ​ក្រោយ​មក មាន​បុរស​ម្នាក់​ពាក់​អាវ​ខ្មៅ ខោ​ខ្មៅ​​បាន​ដើរ​តាម​​ពី​ក្រោយ​ប្រហែល​ជា​១០​ម៉ែត្រ។ ខ្ញុំ​មើល​មិន​ច្បាស់​ថា​ជា​អ្នក​ណា​ទេ​ព្រោះ​យប់​ងងឹត តែ​​ខ្ញុំ​គិត​ថា​រូបរាង​ដូច​ឪពុក​របស់​ខ្ញុំ។ឃើញ​ដូច្នេះ ខ្ញុំ​ក៏​បាន​ស្រែក​ថា “អ្ហាក! ពុក​ម៉េច​បាន​ដើរ​តាម​ពី​ក្រោយ​ខ្ញុំ​ទៅ​វិញ ក្រែង​មិញ​ពុក​ទឹម​គោ​ទៅ​មុន​ខ្ញុំ​បាត់​ហើយ​តា​អី ចុះ​ឯណា​គោ​របស់​យើង​ពុក!”។

ទោះ​ជា​ខ្ញុំ​សួរ​យ៉ាង​ណា​​ក៏​បុរស​​ដែល​ខ្ញុំ​ហៅ​ថា​ពុក​នោះ​មិន​បាន​ឆ្លើយ ​តប​ទេ ហើយ​តែង​​ដើរ​តាម​ពី​ក្រោយ​​មិន​ព្រម​ដើរ​មុខ​ខ្ញុំ​សោះ​ទេ។ ខ្ញុំ​ចេះ​តែ​ដើរ​ទៅ​មុខ​រហូត​ដោយ​មិន​ងាក​ក្រោយ​ឡើយ។ រឿង​ដែល​ចម្លែក​សម្រាប់​ខ្ញុំ​នៅ​ពេល​ដល់​ស្រែ​ឪពុក​របស់​ខ្ញុំ​បាន​ភ្ជួរ​ រាស់​ដី​ស្រែ​បាន​ប្រមាណ​ជា​៥​ទៅ​៦​ជុំ​ទៅ​រួច​​ហើយ ខ្ញុំ​បាន​ស្រែក​សួរ​ឪពុក​ខ្ញុំ​ថា​ “ពុក…ពុក​ឯង​មក​ដល់​ស្រែ​តាំង​ពី​ពេល​ណា?”។

ពុក​របស់​ខ្ញុំ​បាន​ឆ្លើយ ​ថា “​ពុក​មក​ដល់​ជាង​កន្លះ​ម៉ោង​ហើយ ឯង​នៅ​ឯ​ណា​ម៉េច​បាន​ដើរ​យឺត​ម្ល៉េះ”។ ខ្ញុំ​តប​ថា “​ចុះ​អ្នក​ណា​គេ​ដើរ​ពី​ក្រោយ​ខ្ញុំ​មិញ មិន​មែន​ពុក​ទេ?”។ ពុក​ខ្ញុំ​បាន​តប​វិញ​​ថា “​ឆ្កួត...​​អាណា​ដើរ​ពី​ក្រោយ​អ្ហែង ទៅ​ៗ…​កុំ​ឆ្កួត...​ទៅ​ទប់​ភ្លឺ​ស្រែ​ទៅ”។ ខ្ញុំ​​បាន​យក​ដៃ​អេះ​ក្បាល ហើយ​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ហេតុការណ៍​កើត​ឡើង។

លុះ​ព្រឹក​ឡើង ពុក​ខ្ញុំ​ប្រាប់​ថា ប្រហែល​ជា​តា សឹម លង​ខ្ញុំ​ហើយ ព្រោះ​តា សឹម បាន​ក្រឡាប់​រទេះ​គោ​សង្កត់​ឈ្លក់​ទឹក​ស្លាប់​នៅ​កន្លែង​នោះ។ ពុក​គាត់​ថា ភ្លាម​ៗ​គាត់​មិន​ប្រាប់ ព្រោះ​បារម្ភ​ខ្ញុំ​ខ្លាច ឬ​ភ័យ...តាំង​ពី​ពេល​នោះ​មក ពុក​មិនដែល​ដាស់​ខ្ញុំ​ទៅ​ស្រែ​ទេ ដោយ​សុខ​ចិត្ត​ទៅ​តែ​ម្នាក់​ឯង​រហូត៕

អត្ថបទ៖ ទារិកា

មតិយោបល់