• 2018-10-26 12:01:00
  • ជំនឿ

នៅ​តូច​ៗ អោយ​តែ​ចាស់​ៗ​ជុំ​គ្នា​និយាយ​រឿង​ខ្មោច ចូល​ចិត្ត​ស្ដាប់​ណាស់ ស្រាប់​តែ​ថ្ងៃ​មួយ!

  • 2018-10-26 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ...ជួប​គ្នា​ទៀត​ៗ "នឹក​ឡើង​ហួស​ចិត្ត" ច្រើន​សប្ដាហ៍​ហើយ ភ្លេច​ត្រចៀក​រឿង​ខ្មោច​មែន​ទេ? ឥឡូវ​មក​ដល់​វិញ​ទៀត​ហើយ! តោះ...ស្ដាប់​មិត្តភ័ក្ដិ​យើង​ទាំង​អស់​គ្នា!

សូម​ជម្រាប​សួរ​បង​ប្អូន​ទាំង​អស់...ខ្ញុំ​មាន​រឿង​មួយ​កាល​នៅ​តូច​ៗ...អូហ៍​ភ្លេច​ប្រាប់​ឈ្មោះ ខ្ញុំ​បាទ​ឈ្មោះ ចិត្រា រស់​នៅ​ ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ។ រំលឹក​ទៅ​អតីតកាល ដែល​ខ្ញុំ​បាទ​មាន​វ័យ ប្រមាណ​ជា ៩-១០ ឆ្នាំ ឥឡូវ​២៩​ឆ្នាំ​ហើយ ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​ខ្លាច​ខ្មោច​បំផុត តែ​ក៏​ជឿ​ថា​បង​ប្អូន​ជា​ច្រើន​ក៏​ដូច​គ្នា​ដែរ​មែន​អត់!!!

រូប​តំណាង

ខ្ញុំ​ទើប​លែង​ខ្លាច​ពេល​អាយុ ក្បែរ ២០​ឆ្នាំ​ទៅ​ហើយ​ទេ...នៅ​ពេល​នោះ​ជា​ពេល​ដែល ការ​រស់​នៅ​ក្នុង​ភូមិ​មាន​ភាព​ជិត​ស្និទ្ធ​ណាស់ ត្បិត​ថា​បច្ចេកវិទ្យា​មិន​រីក​ចម្រើន តាម​ភូមិ មាន​ផ្ទះ​តែ​២-៣ ប៉ុណ្ណោះ​ដែល​មាន​ទូរទស្សន៍ ទូរសព្ទ​ក៏​គ្មាន ហ្វេសប៊ុក មិន​ដឹង​នៅ​ឯណា។ អីចឹង​ការ​កម្សាន្ត​នា​ពេល​នោះ គឺ​ពុក​ម៉ែ​បង​ប្អូន​តាម​ភូមិ និយម​ជួប​ជុំ​ជជែក​គ្នា​លេង​ពី​នេះ​ពី​នោះ​អីចឹង​ទៅ​ក្រោយ​ពេល​បាយ​ល្ងាច។

មិន​ដូច​ឥឡូវ បាយ​ហើយ​ចាប់​កាន់​ទូរសព្ទ​រៀង​ខ្លួន នៅ​តែ​ក្នុង​ផ្ទះ ក្នុង​បន្ទប់ មើល Facebook, Tik Tok... អីចឹង​ទេ។ វិល​មក​សាច់​រឿង​យើង​វិញ ដោយ​សារ​កាល​ណោះ មាន​តែ​ផ្ទះ​ខ្ញុំ​មាន​ទូរទស្សន៍​ស​ខ្មៅ​មួយ​គ្រឿង អីចឹង​ល្ងាច​ៗ​ឡើង ពូ​មីង​ជិត​ខាង​តែង​មក​ជំនុំ​គ្នា ឬ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ខ្ញុំ​ហើយ។ ទីតាំង គឺ​នៅ​ក្រោម​ដើម​ទឹក​ដោះ​គោ​មុខ​ផ្ទះ​ខ្ញុំ​នោះ​ឯង។

ដោយ​ឡែក​ខ្ញុំ ត្បិត​ថា​ខ្លាច​ក៏​ពិត​មែន ប៉ុន្តែ​អោយ​តែ​ចាស់​ជុំ​គ្នា​និយាយ​រឿង​ខ្មោច​អី ចូល​ចិត្ត​ណាស់ គឺ​ត្បុរ​ក្បាល​ទៅ​នៅ​កណ្ដាល​ហ្វូង​ហ្មង។ ថ្ងៃ​មួយ ក្នុង​ការ​ជួប​ជុំ ឪពុក​ខ្ញុំ​គាត់​បាន និយាយ​រឿង​គាត់​ជិះ​កង់​ត្រឡប់​មក​ពី​ធ្វើ​ផ្ទះ​គេ​វិញ​ជួប​ខ្មោច។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ករណី ក្រឡាប់​ឡាន​ដឹក​អង្ករ​មួយ នៅ​ក្នុង​ភូមិ​ខ្ញុំ ហើយ​ឪពុក​ខ្ញុំ គាត់​បាន​ទៅ​ជួយ​គេ គាស់​ឡាន​យក​អង្ករ និង​ខ្មោច​ចេញ។

កាល​ណោះ មាន​មនុស្ស​ស្លាប់​២​នាក់ ដោយ​សារ​ឡាន​ក្រឡាប់​ចូល​ប្រឡាយ​ទឹក ហើយ​បាវ​អង្ករ​​សង្កត់​ពី​លើ​ឈ្លក់​ទឹក។ ឪពុក​ខ្ញុំ​គាត់​បាន ជួយ​គេ​រហូត​ចប់​ចុង​ចប់​ដើម...លុះ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ខ្មោច​ទាំង​ពីរ​នោះ មក​លេង​ពុក​ខ្ញុំ​ហ្មង។ ពុក​គាត់​និយាយ​ប្រាប់​គ្នា​គាត់​ថា ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើ​ផ្ទះ​គេ​នៅ​ភូមិ​ជិត​គ្នា មក​ដល់​កន្លែង​ឡាន​ដឹក​អង្ករ​ក្រឡាប់​ពី​ថ្ងៃ​មុន គាត់​មាន​អារម្មណ៍​ថា កង់​របស់​គាត់​ដូច​ធ្ងន់ តឹង​ធាក់​មិន​ចង់​ទៅ​មុខ...ហើយ​គាត់​ក៏​ងាក​ក្រោយ ស្រាប់​តែ​ឃើញ​ខ្មោច​ទាំង​ពីរ​នាក់​ថ្ងៃ​មុន​នៅ​លើ​ចង្ក្រាន​កង់​ខាង​ក្រោយ។

រូប​តំណាង

ពុក​គាត់​ថា ភ្ញាក់​ព្រើត... “យី​មក​ពី​អង្កាល់​ណា...ទៅ​កុំ​មក​លេង​អញ...ថ្ងៃ​មុន អញ​ហ្នឹង​ហើយ អ្នក​ជួយ​លើក​ពួក​ឯង​ចេញ​ពី​ក្នុង​ទឹក...ទៅ ទៅ​ឲ្យ​ឆ្ងាយ!” ពុក​គាត់​និយាយ​ទៅ​ខ្មោច​ទាំង​ពីរ ព្រោះ​ពុក​អត់​ចេះ​ខ្លាច​ខ្មោច​ទេ តាំង​ពី​ដើម។ និយាយ​ប៉ុណ្ណឹង...កង់​គាត់​ស្រាប់​តែ​ធូរ​ឡើង​វិញ ងាក​ក្រោយ​ម្ដង​ទៀត គាត់​ឃើញ​ខ្មោច​ទាំង​ពីរ ដើរ​ស្ទុយ​ដោយ​មាន​ទទូរ​មុង​ផង ឆ្លង​ផុត​ផ្លូវ ហើយ​បាត់​ក្នុង​ទី​ងងឹត​ទៅ ព្រោះ​ពេល​ស្លាប់​នោះ ពុក​បាន​យក​មុង​ទៅ​គ្រប​លើ​សាកសព​ទាំង​ពីរ​ក្រោយ​យក​ចេញ​ពី​ទឹក។

ខ្ញុំ​ឯណេះ ឡើង​ព្រឺ​សម្បុរ​នៅ​កណ្ដាល​វង់...តែ​មិន​ហ៊ាន​មាត់​ក​ទេ...បន្តិច​មក​ស្រាប់​តែ​ពុក​ឧទាន​ឡើង "អា​អូន​ឯង...អ្ហែង​ឡើង​ទៅ​លើ​ផ្ទះ យក​ថ្នាំ​ឲ្យ​ពុក​តិច ពុក​ចង់​ភ្លេច​លេប​ថ្នាំ"។ ខ្ញុំ​ភ្ញាក់​ក្រញាង លើ​ផ្ទះ​ងងឹត​ឈឹង...ខ្លាច​ពុក​ផង ខ្លាច​ខ្មោច​ផង គ្មាន​ជម្រើស​ក៏​បង្ខំ​ចិត្ត​ទៅ មិន​មាន​ឲ្យ​ពុក​ដឹង​ថា​ខ្ញុំ​ខ្លាច​ខ្មោច​ទេ។

ពេល​ឡើង​ដល់​លើ បើក​ទ្វារ​ខ្វាក...ខ្ញុំ​ស្រាប់​តែ​ស្រែក​វ៉ាស់... “ខ្មោច...ពុក...ខ្មោច...!”។ ពេល​នោះ ខ្ញុំ​ឃើញ​អ្វី​មួយ​ស​ស្ទង់​ៗ​នៅ​លើ​ធ្នឹម​ផ្ទះ...ពុក​ខ្ញុំ ឯណោះ​ស្រែក "ខ្មោច​ស្អី​អ្ហែង...!”។ ជាមួយ​នឹង​សំឡេង​ស្រែក ខ្ញុំ​រត់​ចុះ​តាម​កាំ​ជណ្ដើរ​មិន​គ្រប់​កាំ​ឡើយ ហក់​ព្រូស​មក​ដល់​ដី...ពុក​មក​ដល់ ហើយ​កាន់​ពិល​នាំ​ខ្ញុំ​ទៅ​លើ​ផ្ទះ​វិញ។

រូប​តំណាង

គាត់​បញ្ចាំង​ពិល​ទៅ​លើ...ឃើញ​ក្បាំង​ម៉ូតូ​ពណ៌​ស​របស់​ម៉ូតូ​គប់​ទឹក​សមុទ្រ ដែល​ពុក​គាត់​យក​ទៅ​ពាក់​ទុក​លើ​នោះ ឯ​ម៉ូតូ​លក់​ឲ្យ​គេ​បាត់​ហើយ។ ពុក​ក៏​សើច... “ហា ហា អា​នេះ​ខ្លាច​ខ្មោច​តើ​វ៉ី"។ ងា​មក​ពូ​មីង​នៅ​លើ​គ្រែ​ក្រោម​ដើម​ទឹក​ដោះ​មុខ​ផ្ទះ​ឯណោះ​វិញ ក៏​សើច​គិល... “អាហ្នឹង​ហើយ មិន​ទៅ​ដេក ម៉ោ​អង្គុយ​ស្ដាប់​ចាស់​ៗ និយាយ​រឿង​ខ្មោច រៀង​នៅ​អ្ហែង!!!

ខ្ញុំ​បាន​ត្រឹម​ហួស​ចិត្ត និង​អស់​សំណើច​ខ្លួន​ឯង​ដែរ អ្នក​ណា​មិន​ស្រែក បើ​អារម្មណ៍​កំពុង​ដិត​នឹង​រឿង​ខ្មោច​ទទូរ​មុខ​លង​ពុក​ផង ស្រាប់​តែ​បើក​ទ្វារ ឃើញ​ស​ស្ទុង​ៗ​នៅ​លើ​ធ្នឹម​ផ្ទះ​អីចឹង...បើ​មិន​ស្រែក ទើប​ចម្លែក។ ហើយ​ពុក​ខ្ញុំ​ឯណោះ ដូច​ខ្វះ​កន្លែង​ទៅ...ភ័យ​មួយ​ពេល​នោះ មិន​ដឹង​ខាត​អាយុ​ប៉ុន្មាន!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី