• 2018-11-30 12:01:00
  • ជំនឿ

តា សល្យ និង​ខ្មោច​នៅ​ជិត​ប៉ុស្ដិ៍​យាម

  • 2018-11-30 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ជា​ថ្មី​ជាមួយ​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" ដែល​សប្ដាហ៍​នេះ​វិល​ទៅ​រឿង​ខ្មោច​វិញ​ម្ដង បន្ទាប់​ស្ងាត់​បាត់​ច្រើន​សប្ដាហ៍។

បាទ ខ្ញុំ​មាន​រឿង​មួយ​ចង់​ចូល​រួម​ជាមួយ​បង​ប្អូន​ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត"។ ដើម​ឡើយ​ខ្ញុំ​គឺ​ជា​និស្សិត​ស្នាក់​នៅ​វត្ត​បុទុម កាល​ពី​អំឡុង​ឆ្នាំ ២០០៨ ដោយ​ស្នាក់​នៅ​តូប​ជាប់​របង​ខាង​ជើង​វត្ត។ នៅ​ខាង​ក្រៅ​របង មាន​ប៉ុស្ដិ៍​ប៉ូលិស​មួយ ដែល​មាន​បង​ៗ​ប៉ូលិស​ចំនួន ៤នាក់​យាម​ការពារ​ផ្ទះ​ភ្ញៀវ​ជា​ជនជាតិ​បរទេស តែ​ខ្ញុំ​ភ្លេច​ថា​ជា​ជនជាតិ​អ្វី​ទៅ​ហើយ។ ពួក​គេ​យាម​ឆ្លាស់​វេន​គ្នា ៦ម៉ោង​ម្នាក់​ក្នុង​១​ថ្ងៃ ពោល​គឹ ២៤​ម៉ោង មិន​ឲ្យ​ដាច់​ទេ។

រូប​តំណាង

នៅ​ខាង​ក្នុង​ផ្ទះ​ជន​បរទេស​នោះ គេ​មាន​ធ្វើ​ជា​រោង​មួយ មាន​ជញ្ជាំង​ក្ដារ​កម្ពស់​ប្រមាណ​១ម៉ែត្រ​កន្លះ​ពី​ដី(មិន​ដល់​ដំបូល នៅ​សល់​ចន្លោះ​ពី​ជញ្ជាំង​ទៅ​ដំបូល​ប្រមាណ ២តឹក) សម្រាប់​ឲ្យ​បង​ប៉ូលិស​ដេក​សម្រាក​ប្រាណ ​បន្ទាប់​ពី​ចប់​ម៉ោង​យាម។ និយាយ​ពី​ខ្ញុំ ដោយ​សារ​តែ​នៅ​ជិត​គ្នា រៀងរាល់​ថ្ងៃ ខ្ញុំ​តែង​តែ​ទៅ​អង្គុយ​ជជែក​លេង​ជាមួយ​ពួក​គាត់​ពី​នោះ​ពី​នោះ មិន​ថា​យប់ មិន​ថា​ថ្ងៃ។ សំខាន់ ទំនេរ​ពេល​ណា ទៅ​ពេល​នោះ។

អង្គុយ​ជជែក​គ្នា​យូរ​ៗ​ទៅ ខ្ញុំ​ចាប់​អារម្មណ៍​ថា ពួក​គាត់​មិន​ទម្លាប់​ដេក​នៅ​ក្នុង​រោង​ដែល​គេ​ធ្វើ​ទុក​ឲ្យ​នៅ​ខាង​ក្នុង​របង​នោះ​ឡើយ ពោល​គឺ​ឲ្យ​តែ​ចប់​ម៉ោង​យាម ទោះ​ម៉ោង​ប៉ុន្មាន ២-៣ ទៀប​ភ្លឺ​ក៏​ដោយ ក៏​ពួក​គាត់​សុខ​ចិត្ត​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ដែរ។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​សួរ​ពួក​គាត់​បញ្ហា​នេះ បង​ប៉ូលិស​ម្នាក់​ឈ្មោះ រ៉ា ប្រាប់​ថា ជា​ការ​ពិត ដែល​ពួក​គាត់​មិន​ដេក​នៅ​កន្លែង​នោះ​ទេ។ "អ៊ឺ...រោង​នេះ​អ្ហី គ្មាន​នរណា​ហ៊ាន​ដេក​ទេ ក្រៅ​តែ​ពី​តា​សល្យ ខ្មោច​លង​រាល់​តែ​យប់​ឲ្យ​តែ​ដេក"។

ថ្ងៃ​ខ្លះ ខ្ជិល​ជិះ​ម៉ូតូ​ទៅ​ទាំង​យប់ គាត់ សុខ​ចិត្ត​លើក​ប៉ៅអ៊ី​មក​ដេក​នៅ​ខាង​ក្រៅ​បង​ជាប់​ប៉ុស្តិ៍​យាម ក៏​មិន​ដេក​នៅ​ក្នុង​រោង​ខាង​ក្នុង​របង​នោះ​ដែរ។ បង​ប៉ូលិស រ៉ា ប្រាប់​ថា អ្នក​ណា​ក៏​ធ្លាប់​ត្រូវ​ខ្មោច​លង​ដែរ ក្នុង​រោង​នោះ។ "នៅ​ថ្ងៃ​មួយ​នៅ​ពេល​ចូល​មក​យាម​ដំបូង ខ្ញុំ​បាន​ចូល​ទៅ​ដេក ពេល​ដេក​ជិត​លក់​ទៅ​ហើយ ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​មនុស្ស​កំពុង​ឈរ​​សម្លឹង​មក​ខ្ញុំ​ពី​ក្រៅ​រោង​តាម​ចន្លោះ​ខាង​លើ​នៃ​ជញ្ជាំង និង​ដំបូល...និយាយ​ប្រាប់​ប្អូន​ឯង​ដល់​ត្រង់​ហ្នឹង មើល​នែ​បះ​រោម(គាត់​លាត់​ដៃ​អាវ​ឲ្យ​មើល) ភ្លាម ខ្ញុំ​ក៏​បើក​ភ្នែក ស្រាប់​តែ​ឃើញ​ក្បាល​មនុស្ស​ខ្មៅ​ស្ទង់ ខំ​បើក​ភ្នែក​មួយ​គូ​ធំ​ អើត​មើល​មក​ខ្ញុំ ខ្ញុំ​ស្រែក​សួរ​ថា នរណា​គេ!។ កែវ​ភ្នែក​នោះ ក៏​បិទ​ភ្លឹប​បាត់​ពន្លឺ ខ្ញុំ​ចេញ​មក​ក្រៅ អត់​ឃើញ​មាន​នរណា​សោះ"។

រូប​តំណាង

បង រ៉ា បន្ត​ថា ក្រោយ​ពី​មិន​ឃើញ​មាន​នរណា​នៅ​ក្បែរ​រោង​ដេក​សោះ គាត់​ក៏​ដើរ​ចេញ​មក​ក្រៅ សួរ​មិត្ត​រួម​ការងារ ថា​មាន​ដើរ​ទៅ​ជិត​រោង​ដេក​ទេ។ បង​ប៉ូលិស សារឹម ឆ្លើយ​ថា "អត់​ទេ...ហ្នឹង​បែប​ឃើញ​អី​ហើយ​មែន​ទេ...អីចឹង​ហើយ រោង​ហ្នឹង​គ្មាន​នរណា​ដេក​បាន​ទេ ក្រៅ​ពី​តា​សល្យ"។ បង សារឹម ប្រាប់​ថា គ្រប់​គ្នា​សុទ្ធ​តែ​ជួប ដូច​គាត់ ម្ដង​នោះ ពេល​ដេក​កំពុង​លក់​ស្រួល ស្រាប់​តែ​មាន​សំឡេង​ដាស់​ឲ្យ​ភ្ញាក់ គ្រាន់​តែ​បើក​ភ្នែក ឃើញ​ខ្មៅ​ស្ទុង​ឈរ​ឆ្ដុប​នៅ​ចុង​ជើង គាត់​ស្រែក​ឡើង​ផ្អើល​គេ​ទាំង​យប់។ ក្រោយ​ពី​ដឹង​រឿង បង រ៉ា បាន​រើ​ភួយ​ខ្នើយ មក​ដេក​ជិត​ប៉ុស្តិ៍​ខាង​ក្រៅ​វិញ។

និយាយ​ពី​តា សល្យ គាត់​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ប៉ូលិស​ទាំង​៤​នាក់​នោះ។ ថ្ងៃ​មួយ ខ្ញុំ​បាន​ចាំ​ស្កាត់​ទៅ​ជួប​សួរ​គាត់​ពី​បញ្ហា​ខាង​លើ។ គាត់​ក៏​ឆ្លើយ​ថា មិន​ខុស​ទេ រោង​នេះ​ខ្មោច​លង​ណាស់ គាត់​ក៏​ធ្លាប់​ជួប​ដែរ ប៉ុន្តែ​បញ្ហា​ត្រង់​ថា គាត់​គ្មាន​ជម្រើស ទើប​ដាច់​ខាត​ត្រូវ​ប្រឈម​មុខ​នឹង​ខ្មោច​រាល់​រាត្រី។ "ផ្ទះ​អញ​នៅ​ឆ្ងាយ​ណាស់​អាវ៉ា ឯ​អង្គ​ស្នួល​ឯណោះ ទៅ​មិន​កើត​ទេ...មាន​តែ​ដេក​ហ្នឹង។

រូប​តំណាង

តា សល្យ ក៏​ប្រាប់​ទៀត​ថា គាត់​ក៏​ខ្លាច​ដូច​គ្នា ប៉ុន្តែ​ការ​ដែល​សុខ​ចិត្ត​ដេក​ក្នុង​រោង​នោះ ទី​១ ដោយ​សារ​ផ្ទះ​ឆ្ងាយ​ដូច​ប្រាប់​ខាង​លើ ទី​២ នៅ​ខាង​ក្រៅ​វាល​ៗ​ពេក គាត់​សម្រាន្ត​មិន​លក់។ គាត់​ថា ដំបូង​ៗ គាត់​ជួប​រឿង​ដូច​អ្នក​ផ្សេង​អីចឹង គឺ​ពេល​ខ្លះ ដេក​ៗ ស្រាប់​តែ​ឃើញ​សក់​ធ្លាក់​ពី​លើ​ដំបូល​មក ពេល​ខ្លះ​ឃើញ​ស្រមោល​ខ្មៅ​មួយ​​ដើរ​កាត់​ចុង​ជើង​ជា​ដើម។ ប៉ុន្តែ​ក្រោយ​ៗ​មក គាត់​ថា គាត់​ដឹង​វិធី។

រូប​តំណាង

"អា​ក្អូន​ឯង ឃើញ​អញ​យូរ​មួយ​ថង់​មក​រាល់​ថ្ងៃ អ្ហែង​ដឹង​ទេ គឺ​ស្រា​ស"។ តា​សល្យ តែង​តែ​យូរ​ស្រា​ស​កន្លះ​លីត្រ​ៗ មក​រាល់​ថ្ងៃ ដូច្នេះ​ហើយ ឲ្យ​តែ​ជិត​ចប់​ម៉ោង​យាម គាត់​ចាប់​ផ្ដើម​ផឹក លុះ​ចប់​ម៉ោង​យាម គាត់​ស្រវឹង​ល្មម។ "អញ​ផឹក​ឲ្យ​ស្រវឹង ហើយ​ដេក​លក់​បាត់ ស្រវឹង​លក់​បាត់...អ្ហែង(ខ្មោច)​ចង់​មក​លង​អី​លង​ទៅ អញ​មិន​ខ្វល់ ព្រោះ​អញ​មិន​ដឹង​ហាហា(តា​សល្យ​សើច)”។ ម្យ៉ាង​របស់​គាត់​ដែរ...!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី