• 2019-02-09 03:11:36
  • ចរាចរណ៍

សាលា​រាជធានី​ ប្រកាស​រៀប​ចំ​សណ្ដាប់​ធ្នាប់​ចិញ្ចើម​ផ្លូវ ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​ចាប់​ពី​ផ្លូវ​ព្រះ​នរោត្តម​រហូត​ដល់​​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ​

  • 2019-02-09 03:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​​ធ្វើការ​កែ​លម្អ​សោភ័ណភាព និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​សងខាង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចាប់​ពី​មហាវិថី​ព្រះ​នរោត្ដម ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួង ស្រេង។

សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បាន​ប្រាប់​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម​ និង​គ្រប់​ស្ថាប័នរដ្ឋ-ឯកជន​ទាំង​អស់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចាប់​ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុង​ខណ្ឌ​ដូន​ពេញ ខណ្ឌ​៧មករា ខណ្ឌ​ទួល​គោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ ឲ្យ​បាន​ជម្រាប​ថា កន្លង​មក​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​ថា ចិញ្ចើម​ផ្លូវ​សាធារណៈ​សងខាង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ចាប់​ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ដោយ​សារ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​ប្រើប្រាស់​ធ្វើ​ជា​ទីតាំង​លក់ដូរ ធ្វើ​ចរាចរណ៍​លើ​ការីឡា​ និង​មួយ​ចំនួន​ទៀត​បាន​រៀប​ចំ​ក្រាល​ការីឡា​លក្ខណៈ​ឯកជន និង​ជួសជុល​នៅ​ពេល​ដែល​រង​ការ​ខូចខាត​ម្ដង​ៗ​ដោយ​ខ្លួន​ឯង មិន​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ ធ្វើ​ឲ្យ​ចិញ្ចើម​ផ្លូវ​មាន​កម្រិត​កម្ពស់​មិន​ស្មើ​គ្នា បណ្ដាល​ឲ្យ​បាត់​សោភណភាព​ ព្រម​ទាំង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ។

សកម្មភាព​មន្រ្តី​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​កាល​ពី​ពេល​កន្លង​មក​

ឯកឧត្តម​ ឃួង ស្រេង បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ទៀត​ថា ដើម្បី​កែ​លម្អ​សោភ័ណភាព​ និង​រៀប​ចំ​សណ្ដាប់​ធ្នាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​សង​ខាង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ចាប់​ពី មហាវិថី​ព្រះ​នរោត្តម​ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ក្នុង​ទិសដៅ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​ផង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​គម្រោង​ក្រាល​ការីឡា​ថ្មី ការីឡា​សម្រាប់​ជន​ពិការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​រៀប​ចំ​​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​ស៊ុំ​ដើម​ឈើ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

រូបភាព​ឯកសារ ដែល​ក្រុម​មន្រ្តី​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​កាល​ពី​ពេល​កន្លង​មក

អាស្រ័យ​ហេតុ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​​ម្ចាស់​អាជីវកម្ម​ និង​គ្រប់​ស្ថាប័ន​រដ្ឋ​-ឯកជន​ទាំង​អស់​ដែល​មាន​ទីតាំង​ចាប់​ពី​មហាវិថី​ព្រះ​នរោត្តម​​ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ត្រូវ​រុះរើ​សំណង់​ទាំង​ឡាយ​ណា​ដែល​សាងសង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​គេហដ្ឋាន​ ឬ​ទីតាំង​ស្ថាប័ន​-ឯកជន ដើម្បី​ឲ្យ​ការ​អនុវត្ត​គម្រោង​ខាង​លើ​នេះ ដំណើរការ​ទៅ​ដោយ​រលូន​ស្រប​តាម​ផែន​ការ​ដែល​បាន​កំណត់​ទុក។

សេចក្ដី​ជូន​ដំណឹង​ក៏​បាន​ប្រាប់​ទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ-អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្ដាប់​ធ្នាប់​ក្នុង​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខាង​លើ​នេះ ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

សូម​អាន​ សេចក្ដីជូន​ដំណឹង​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី