• 2019-03-30 07:32:32
  • ព័ត៌មាន

១​លើ​១​លាន​ករណី កូន​ភ្លោះ​របស់​នារី​ម្នាក់​មាន​ឪពុក​២​ផ្សេង​គ្នា

  • 2019-03-30 07:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្វើតេស្ត DNA បង្ហាញ​ថា​កូនភ្លោះ​របស់​នារី​ម្នាក់​មាន​ឪពុក​​២​ផ្សេង​គ្នា ដែល​កូន​១​គឺ​ជា​របស់​នាង​និង​ប្តី រីឯ​កូន​១​ទៀត​គឺ​ជា​កូន​ដែល​នាង​មាន​​ផ្ទៃពោះ​ជាមួយ​បុរស​ផ្សេង​ទៀត ហើយ​នេះ​គឺ​ជា​​រឿង​កម្រ និង ចម្លែក​បំផុត​ របស់​នាង​ក្នុង​ការ​មាន​ផ្ទៃពោះ​ទ្វេដង "១​លើ​១​លាន​ករណី"។ នេះ​បើ​តាម The Sun ទើប​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

រូបតំណាង

លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង នៅ​ពេល​ម្តាយ​របស់​កូន​ភ្លោះ​ខាង​លើ ​ដែល​មិន​បញ្ចេញ​ឈ្មោះ មក​ពី​ទីក្រុង​ស៊ាម៉េន ( Xiamen) ខេត្ត​ហ៊្វូជៀន​ភាគ​ខាង​កើត​ប្រទេស​ចិន ​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្លូវ​ច្បាប់​ដើម្បី​​ចុះ​បញ្ជី​ក្នុង​សៀវភៅ​គ្រួសារ​ពួកគេ។

យោង​តាម​កាសែត​ក្នុង​ស្រុក Strait Herald បាន​ឱ្យ​ដឹង​ថា​ឪពុក​របស់​កូនភ្លោះ​មាន​ការ​​ងឿង​ឆ្ងល់​ជា​យូរ​មក​ហើយ​​ពី​មូលហេតុ​ដែល​កូន​ភ្លោះ​របស់​គាត់​មិន​ដូចគ្នា មិន​ដូច​​គ្នា​តាំង​ពី​ ភ្នែក មាត់​ ច្រមុះ និង ទារក​មួយ​ក្នុង​ចំណោម​នោះ​ក៏​មិន​ដូច​គាត់​ដែរ។

ក្រោយ​ធ្វើតេស្ត DNA​ នារី​នោះ​បាន​សារភាព​ថា​នាង​​ធ្លាប់រួមរក្ស​ស្នេហ៍​១​រាត្រី​ជាមួយ​បុរស​​មិន​ធ្លាប់​ស្គាល់​គ្នា​ម្នាក់​មែន (one-night stand)។

ប្រភព​ខាង​លើ​​ដក​ស្រង់​សម្តី​របស់​ឪពុក​ទារក​នោះ​ថា "​ខ្ញុំ​នៅ​តែ​ចង់​ចិញ្ចឹម​កូន​របស់​ខ្ញុំ ប៉ុន្តែ​កូន​១​ទៀត​របស់​អ្នក​ផ្សេង ខ្ញុំ​មិន​ត្រូវការ​ចិញ្ចឹម​ទេ"។

ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយ​ថា​វា​គឺ​ជា​ករណី​ដ៏​កម្រ​មួយ នៅ​ពេល​ដែល​ស៊ុត​២​​ឬ​ច្រើន​​បញ្ចេញ​នៅ​ក្នុង​វដ្ត​តែ​១​ ហើយ​ត្រូវ​បាន​បង្កាត់​ដោយ​មេ​ជីវិត​ឈ្មោល​ពី​ឪពុក​ផ្សេង​គ្នា ហើយ​ថា​នាង​ប្រហែល​ជា​រួមភេទ​ជាមួយ​បុរស​ទាំង​២​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ករណី​កម្រ​នេះ​ត្រូវ​បាន​ចុះផ្សាយ​ ជា​សាធារណៈ​ដោយ​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ការិយាល័យ Fujian Zhengtai នៅ​ក្នុង​ទីក្រុង Xiamen។

អ្នកស្រី​ Zhang ប្រធាន​ការិយាល័យ​បាន​និយាយ​ថា "ពួកគេ​គឺ​ជា​កូន​ភ្លោះ​ឪពុក​ផ្សេង​គ្នា" ហើយ​អ្នកស្រី​បន្ត​ថា បញ្ហា​ប្តី​ប្រពន្ធ​នេះ​ទុក​ឲ្យ​ពួកគេ​ដោះស្រាយ​ដោយ​ខ្លួន​ឯង៕

ប្រភព៖ thesun ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី