• 2024-04-14 02:33:47
  • ព័ត៌មាន

ហេតុអ្វី​បាន​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​នៅ​ខែ​មេសា?

  • 2024-04-14 02:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពាក់​កណ្ដាល​ខែ​មេសា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ដូច​ជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ ក៏​ដូច​ជា​ខេត្ត​យូណាន ប្រទេស​ចិន តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌា នេប៉ាល់ និងស្រីលង្ការ បាន​នាំ​គ្នា​ប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី។ ស្រប​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ហែង ការ​អបអរ​ពិធី​ឆ្នាំ​ថ្មី​ភាគ​ច្រើន​ធ្វើ​ឡើង​ក្រោម​ការ​លេង​ជះទឹកនៅ​ប្រទេស ឬ តំបន់​ដែល​បាន​រៀបរាប់​ខាង​លើ។

ការ​ចូល​ឆ្នាំ​នៅ​ខែ​មេសា ជា​ការ​អបអរ​ឆ្នាំ​ថ្មី​រាង​យឺត​បន្តិច បើ​ប្រៀបធៀប​នឹងការ​ចូល​ឆ្នាំរបស់​ប្រពៃណី​ផ្សេងៗ​ទៀត​ដូចជា ប្រទេស​លោក​ខាង​លិច ដែល​ចូលឆ្នាំ​នៅ​ខែ​មករា និង​ពិធី​បុណ្យ​ចូលឆ្នាំ​ចន្ទគតិ ឬ គេ​ស្គាល់​ថា​ចូល​ឆ្នាំ​ចិន ដែល​ចូល​ឆ្នាំ​នៅ​ចុង​ខែ​មករា ឬ ដើម​ខែ​កុម្ភៈ។

មនុស្ស​ភាគ​ច្រើន​អាច​មាន​ភាព​ងឿងឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ស្រុក​ខ្មែរ និង​ប្រទេស​មួយ​ចំនួន​ចូល​ឆ្នាំ​នៅ​ខែ​មេសា ដែល​ជា​ខែ​ដ៏​ក្ដៅ​សម្រាប់​ប្រទេស​ទាំង​នេះ។

បើ​តាម​ការ​ពន្យល់​តៗ​គ្នា​របស់​ខ្មែរ​ ការ​ចូល​ឆ្នាំ​នៅ​ខែ​មេសា ឬ ខែ​ចេត្រ​គឺ​ដោយសារ​តែ​ ខ្មែរ​យើង​ទុក​ពេល​ច្រូត​ស្រូវ ខណៈ​ពេល​ដែល​ស្រូវទុំ​នៅ​អំឡុង​ខែ​វិច្ឆិកា ឬ ខែ​ធ្នូ។

យ៉ាងណាមិញ បើ​តាម​ការ​ពន្យល់ពី​វប្បធម៌​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ីទក្សិណ ការ​ចូលឆ្នាំ​នៅ​ខែ​មេសា​នេះ ក៏​ព្រោះ​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​វប្បធម៌​ស្រដៀង​គ្នា បាន​ទទួល​ឥទ្ធិពល​ពី​ជនជាតិ​ឥណ្ឌា​កាន់​សាសនា​ហិណ្ឌូ។ ជនជាតិ​ឥណ្ឌា​ទាំង​នេះ​បាន​ប្រកាន់​ខ្ជាប់​នូវ​ប្រតិទិន​មួយ​ ដែល​គេ​ហៅ​ថា ប្រតិទិនហិណ្ឌូ ឬ ប្រតិទិន​ចំហៀង​ព្រះអាទិត្យ។ បើ​តាម​ប្រតិទិន​នេះ ឆ្នាំ​ថ្មី​កើត​ឡើង នៅ​ពេល​ដែល​ព្រះអាទិត្យ​វិល​ចំ​នឹង​ប្រជុំ​ផ្កាយ Aries។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ជុំវិញ​មាន​ប្រពៃណី​ និង​វប្បធម៌​ផ្សេងៗ​ទៀត ដែល​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខុសៗ​គ្នា ទៅ​តាម​ការ​ប្រកាន់​ខ្ជាប់​នូវ​ប្រតិទិន និង​ការ​កំណត់​របស់​ជនជាតិ​នីមួយៗ៕

ប្រភព៖ Asia Carolinas

អត្ថបទ៖ សេរី មង្គល

មតិយោបល់