• 2019-04-10 02:47:15
  • ការអប់រំ

តើ​ខ្មែរ​យើង​ចាប់​ផ្ដើម​ប្រើ​នាម​ត្រកូល​តាំង​ពី​ពេល​ណា​?

  • 2019-04-10 02:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ត្រកូល​គឺ​ជា​នាម ឬ​ឈ្មោះ ដែល​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រមាណ​ជា ២០០ ឆ្នាំ​មក​នេះ បាន​ប្រើ​ជា​ទូទៅ​ភ្ជាប់​នៅ​ខាង​ដើម​ឈ្មោះ​របស់​សាមី​ខ្លួន​ម្នាក់ៗ នៅ​ពេល​ត្រូវ​សរសេរ ឬ​ហៅ​ជា​ផ្លូវ​ការ​។ នាម​ត្រកូល នៅ​ក្នុង​សង្គម​ខ្មែរ ជា​ទូទៅ​ត្រូវ​បាន​គេ​យក​ឈ្មោះ​របស់​ឪពុក ឬ​តា ឬ​រហូត​ដល់​តា​ទួត ក៏​មាន​ដែរ​។ នាម​ត្រកូល​ជា​គ្រឿង​បញ្ជាក់​ពី​សេចក្ដី​ថ្លៃថ្នូរ​នៃ​បុគ្គល​ម្នាក់ៗ​ថា ជា​អ្នក​មាន​ពូជ​ពង្ស​សាវតារ​ត្រឹមត្រូវ​ផង ពីរោះ​ស្ដាប់​ផង និង​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​កាន់​តែ​សុក្រឹត​ផង​។

១. សង្កេត​លើ​ឯកសារ​ប្រវត្តិសាស្ត្រ

សំណេរ​ជា​ច្រើន ដែល​បាន​បន្សល់​ទុក​តាំង​ពី​មុន​សម័យ​អង្គរ រហូត​ដល់​សម័យ​ក្រោម​អាណាព្យាបាល​បារាំង ហើយ​សំណេរ​របស់​អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត ដែល​បាន​រៀបរាប់​ពី​ឈ្មោះ​ព្រះរាជា មន្ត្រី និង​រាស្ត្រ គេ​សង្កេត​ពុំ​ឃើញ​មាន​ភ្ជាប់​នាម​ត្រកូល​ជា​មួយ​នឹង​ឈ្មោះ​ទេ​។ ជាក់​ស្ដែង​ព្រះ​បាទ​អង្គ​ដួង ដែល​មាន​នាម​សម្រាប់​រាជ​ហៅ​ដោយ​ខ្លី​ថា ហរិ​រក្ស​រាមា​ឥស្សរា​ធិបតី ព្រះ​រាជនត្តា​ព្រះ​អង្គ​តន់ បុត្រា​ព្រះ​អង្គ​អេង ព្រះ​នាម​ព្រះ​អង្គ​មាន​ត្រឹម​តែ ដួង ប៉ុណ្ណោះ ពុំ​មែន​តន់ ដួង ឬ​អេង ដួង​នោះ​ឡើយ​។ កាល​ពី​រាជ​ព្រះ​បិតា​ព្រះ​អង្គ គឺ​ព្រះ​អង្គ​អេង មាន​មន្ត្រី​ថ្នាក់​ទី​មួយ ដែល​មាន​ឈ្មោះ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​កាល​នោះ ក៏​អត់​បាន​ប្រើ​នាម​ត្រកូល​ដែរ ដូចជា លោក​មូ លោក​ស៊ូ និង​លោក​បែន​ជា​ដើម​។ ព្រះរាជបុត្រារបស់ព្រះបាទអង្គដួងទាំង៣អង្គា គឺ ព្រះ​អង្គ​ម្ចាស់​ស៊ីវត្ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម និង​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ក៏​ពុំ​បាន​ប្រើ​នាម​ត្រកូល​ដែរ​។

២. ការ​ចាប់​ផ្ដើម​ប្រើ​នាម​ត្រកូល​របស់​ខ្មែរ

លោក​បណ្ឌិត វង់ សុធារ៉ា  សាស្ត្រាចារ្យ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ី​អាគ្នេយ៍ បាន​កត់​សម្គាល់​យ៉ាង​សង្ខេប និង​ដោយ​ទូលំទូលាយ​ថា សង្គម​ខ្មែរ​ចាប់​ផ្ដើម​ប្រើ​នាម​ត្រកូល​នៅ​ក្នុង​សម័យ​អាណានិគម​បារាំង។

នៅ​ក្នុង​ឯកសារ​សំណេរ​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​បាន​ដឹង​ថា ព្រះ​បាទ​នរោត្តម មាន​ព្រះ​ឱរស (កូនប្រុស ) ចំនួន ២៧ ព្រះអង្គ និង​ព្រះ​រាជ​ធីតា ៣៤ អង្គ​ដោយ​រាយ​ព្រះ​នាម​ផ្ដើម​ដោយ​អក្សរ​កាត់ «ន.» ដូចជា ព្រះ​អង្គ​ម្ចាស់ ន. កម្ពុជារាជសុដាដួង (១៨៥០ ដល់ ១៩១៣) និង​ព្រះ​អង្គ​ម្ចាស់ ន. ភួងកម្ពុជារតន (១៨៥៥ ដល់ ១៩១៣) ជាដើម ដែល​អក្សរ «ន.» ទំនង​សំដៅ​ដល់ «នរោត្តម»។

ចាប់​ពី​ពេល​នេះ​ហើយ ដែល​គេ​ឃើញ​មាន​សំណេរ​ឯកសារ​ខ្មែរ​មាន​ភ្ជាប់​ជា​មួយ​នាម​ត្រកូល ឬ គេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ខ្មែរ​បាន​ចាប់​ផ្ដើម​ប្រើ​នាម​ត្រកូល​ភ្ជាប់​មក​ជា​មួយ​ឈ្មោះ​នៅ​ក្នុង​សំណេរ​ឯកសារ គឺ​នៅ​ក្នុង​អំឡុង​រជ្ជកាល​ព្រះ​បាទ នរោត្តម។ ខ្មែរ​យើង​និយម​ប្រើ​នាម​ត្រកូល​ខាង​បិតា ច្រើន​ជាង​ខាង​មាតា ហើយ​ច្រើន​តែ​យក​ឈ្មោះ​ជីតា​ធ្វើ​ជា​នាម​ត្រកូល​ច្រើន​ជាង​នាម​របស់​ឪពុក។

ព្រះ​បាទ​នរោត្តម ១៨៦០​-​១៩០៤ រូបភាព វីគីភីឌា

យោង​តាម​អនុក្រឹត្យ​ ស្ដីពី​អត្រានុកូលដ្ឋាន មាត្រា ១៨ ការ​កំណត់​នាមត្រកូល​របស់​កូន អាច​ធ្វើឡើង​បាន​ ៣យ៉ាង៖

ទី​១​-​អាច​យក​ត្រកូល​ ដែល​ក្រុម​គ្រួសារ​កំណត់​យក​តាំង​ពី​ដូនតា​យូរលង់​មក​ហើយ​ក៏បាន

ទី​២​-​អាច​យក​ឈ្មោះ​ជីតា​ខាង​ឪពុក​មក​ដាក់​ជា​នាម​ត្រកូល​ក៏​បាន

ទី​៣​-​ឬ​ក៏​អាច​យក​ឈ្មោះ​របស់​ឪពុក មក​ដាក់​ជា​នាម​ត្រកូល​ក៏បាន

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់