• 2019-04-29 03:23:32
  • ព័ត៌មាន

ក្ដៅ​ខ្លាំង​ពេក​! វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ចំណាយ​ថវិកា​​៤លានរៀល​ទិញ​កង្ហារ​ដាក់​ក្នុង​បន្ទប់​​រៀន

  • 2019-04-29 03:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង វិទ្យាល័យ​មួយ​​​​​នៅ​ខេត្ត​បាត់ដំបង​​​​​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៤លាន​រៀល​​ ដើម្បី​ទិញ​កង្ហារ​បំពាក់​ក្នុង​បន្ទប់​​រៀន​។ វិទ្យាល័យ​មាន​ឈ្មោះ​ថា វិទ្យាល័យ​សង្កែ​​​ស្ថិត​​ក្នុង​ឃុំ​​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។

លោក​ ទង កន នាយក​វិទ្យាល័យ​សង្កែ​ បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​មាន​​ការ​លំបាក​ក្នុង​ការ​រៀន​ និង​បង្រៀន​ ​ទើប​គណៈ​គ្រប់​គ្រង​សម្រេច​បំពាក់​កង្ហារ​ក្នុង​បន្ទប់​រៀន​ ដែល​មាន​ចំនួន​ ៨៥​កង្ហារ ហើយ​១​បន្ទប់​ចំនួន​៥ ដែល​សម្រាប់​សិស្ស៤ និងគ្រូ១។

លោក កន លើក​ឡើង​ទៀត​​ថា​ ថវិកា​ទាំងអស់​បាន​​​មកពី​សប្បុរស​ជន និង​ថវិកា​ដំណើរ​ការ​សាលា​រៀន។

អញ្ចឹង​កន្លង​មក​អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ការ​សិក្សា​របស់​សិស្ស​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា ជាពិសេស​នៅ​ពេល​ថ្ងៃ។​ ថវិកា​នេះ​យើង​មិន​បាន​ប្រមូល​ពី​សិស្ស​ទេ គឺ​បាន​មក​ពី​ការ​ចូលរួម​របស់​សប្បុរសជន និង​ថវិកា​សាលា​ ហើយ​ករណី​ដាច់​ភ្លើង​ញឹកញាប់​យើង​មាន​គម្រោង​ទិញ​ម៉ាស៊ីន​ភ្លើង​នៅ​ពេល​ដាច់​ភ្លើង​ម្តងៗ”។

យ៉ាង​ណា​មិញ​ លោក​បាន​បន្ថែម​​ថា បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​មិន​បណ្ដាល​​ឱ្យ​មាន​បញ្ហា​សិស្ស​សន្លប់​ទេ និង​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ទាំងអស់​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អាកាសធាតុ​ក្តៅ​ដើម្បី​សុខភាព​របស់​សិស្សានុសិស្ស និង​លោក​គ្រូ-អ្នក​គ្រូ។ អគារ​​ត្រូវ​បំពាក់​កង្ហរ​មាន​១៧ អគារ ខណៈ​សាលា​មាន​សិស្ស​ចំនួន ៨០៤ នាក់។   ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្នុង​សប្ដាហ៍​នេះ បានសម្រេច​កែ​សម្រួល​ម៉ោង​សិក្សា​នៅ​គ្រា​ដែល​​អាកាសធាតុ​ក្ដៅ​ខ្លាំង​ឡើង​លើស​ពី ៤០អង្សារ​ ដើម្បី​បង្ការ​បញ្ហា​មួយ​ចំនួន​ ដែល​អាច​កើត​ឡើង​ជាយថាហេតុ។ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន ក្រសួង​អប់រំ​បាន​ស្នើ​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​ចាត់ចែង​សម្រួល​ម៉ោង​សិក្សា​របស់​សិស្ស ដោយ​ចូល​រៀន​នៅ​ពេល​ព្រឹក​ម៉ោង ៧៖០០នាទី និងចេញម៉ោង ១០៖៣០នាទី។

ចំណែក​ពេល​រសៀល​វិញ​ចូល​រៀន​នៅ​ម៉ោង ១៣៖៣០នាទី និង​ចេញ​នៅ​ម៉ោង ១៥៖០០នាទី

ការ​កែ​សម្រួល​ម៉ោង​សិក្សា​របស់​សិស្ស​នេះ នឹង​ត្រូវ​អស់​សុពលភាព​នៅ​ពេល​ផុត​រដូវ​ក្ដៅ​ខ្លាំង

យោង​តាម​សេចក្ដី​ប្រកាស​ដដែល​នេះ មូល​ហេតុ​ដែល​ក្រសួង​សម្រេច​កែ​សម្រួល​ម៉ោង​សិក្សា​របស់​សិស្ស​ជា​បណ្ដោះ​អាសន្ន​នេះ ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ការ​ទប់ស្កាត់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេងៗ​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស និង​គ្រូ ការ​ប៉ះពាល់​ដល់​គុណភាព​រៀន និង​បង្រៀន​ និង​ការ​បំពេញ​ការងារ​របស់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេស​កុមារ​តូចៗ។ កម្ពុជា​កំពុង​ទទួល​រង​នូវ​បាតុភូត «អ៊ែល​នីណូ» ដែល​បង្ក​ឱ្យ​អាកាសធាតុ​ក្ដៅ​ខ្លាំង។

នៅ​កម្ពុជា​សីតុណ្ហភាព​កំពុង​មាន​កម្រិត​កម្ដៅ​ហក់​ដល់ ៤២​អង្សារសេ ខណៈ​របាយការណ៍​មួយ​បង្ហាញ​ថា នៅ​វៀតណាម​កើន​ដល់ ៤៣ អង្សា និង ប្រទេស​មីយ៉ាន់ម៉ា​មាន​រហូត​ដល់ ៤៤ អង្សា។ បញ្ហា​កើន​កម្ដៅ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ បាន​បង្ក​ជា​បញ្ហា​យ៉ាង​ច្រើន​នៅ​កម្ពុជា។ បញ្ហា​ដែល​កំពុង​កើត​ឡើង​គឺ​បញ្ហា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ខ្វះខាត​ដល់​ប្រជាពលរដ្ឋ ព្រោះ​វារី​អគ្គិសនី​ស្ទើរ​គ្រប់​កន្លែង​កំពុង​ខ្វះ​ទឹក។ ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាកសិករ កុំ​ប្រញាប់​ធ្វើ​ស្រែ​វស្សា​លឿន​ពេល​ព្រោះ​រដូវ​ប្រាំង​នៅ​ឆ្នាំ​នេះ​អាច​អូស​បន្លាយ​យូរ៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី