• 2019-05-17 05:06:57
  • ស្នេហា

កូនស្រី! ពេលស្រលាញ់នរណាម្នាក់ កូនកុំយកត្រចៀកស្ដាប់ ត្រូវយកភ្នែកមើលឱ្យច្រើន

  • 2019-05-17 05:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ស្នេហា​ អ្នក​ណា​ក៏​ត្រូវ​ឆ្លង​កាត់។ ពេល​នេះ​កូន​ធំ​ហើយ កូន​នឹង​ត្រូវ​ឆ្លង​កាត់​ដូច​គ្នា។ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់ ពេល​ស្រលាញ់​យើង​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ ផ្អែមល្ហែម​ដូច​គ្នា តែ​ពេល​បែក​បាក់ បើ​អ្នក​រឹង​មាំ គេ​អាច​បន្ត​រស់​បន្ត​ទៀត​ដោយ​មិន​បាក់​ទឹក​ចិត្ត​ឬ​ខូច​ចិត្ត​រយៈ​ពេល​យូរ។ ប៉ុន្តែ​សម្រាប់​អ្នក​ទន់​ជ្រាយ នឹង​ត្រូវ​ចំណាយ​ពេល​ជីវិត​យូរ​ខ្លាំង​ណាស់​ដើម្បី​ព្យាបាល​របួស​បេះដូង​នេះ ឬ​អ្នក​ខ្លះ​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​ទៀត​ផង។

ម៉ាក់​​មាន​រឿង​ខ្លះ​ចង់​ផ្ដែផ្ដាំ​ដល់​កូន មុន​នឹង​ទទួល​ថា​ បុរសណា​ម្នាក់​គឺ​ជា Mr. Right សម្រាប់​កូន អាច​កាន់​ដៃ​កូន​បន្ត​ដំណើរ​ជីវិត​ ពេល​ដែល​លែង​មាន​ម៉ាក់​នៅ​ក្បែរ​នោះ។

ចុចអាន៖ ពាក្យបងស្រីផ្ដាំ! មុនដាក់ចិត្តស្រលាញ់បុរសណាម្នាក់ សូមអូនចាំពាក្យទាំងនេះក្នុងចិត្ត

១. កូន​ត្រូវ​ចាំ​ថា ​ការ​រើស​បុរស​ម្នាក់​ដែល​ស្រលាញ់​កូន​ស្មោះ​ មិន​មែន​ជា​ការ​ជ្រើស​រើស​​ឱ្យ​ត្រូវ​ស្ដង់ដារ​ណា​មួយ​ទេ។ គេ​មិន​បាច់​ខ្ពស់​​សង្ហា​តាម​ស្ដង់ដារ​ម៉ូដែល គេ​ក៏មិន​បាច់​ឡូយ​ឆាយ​តាម​ស្ដង់​ដារ​កូន​អ្នក​មាន​ក៏​បាន ព្រោះ​ទោះ​បី​គេ​មាន​លុយ​ច្រើន​យ៉ាង​ណា ពូកែ​យ៉ាង​ណា ឡូយ​សង្ហា​យ៉ាង​ណា ឆ្លៀវឆ្លាត​យ៉ាង​ណា ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​យ៉ាង​ណា តែ​បើ​គេ​មិន​ស្រលាញ់​កូន អ្វីៗ​ដែល​គេ​មាន​នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។

២. ដូច​​ដំបូន្មាន​របស់​ពេទ្យ​វិកល​ចរិត​ធ្លាប់​ទូន្មាន​អ្នក​ធ្លាប់​ខូច​ចិត្ត​រឿង​ស្នេហា​ថា "មិន​ថា​យើង​ស្រលាញ់​គេ​យ៉ាង​ណា​ទេ ក្នុង​រឿង​ស្នេហា​អ្នក​ទាំង​ពីរ​ត្រូវ​តែ​សកម្ម​ទាំង​ពីរ​នាក់ ​មិន​មែន​ម្នាក់​សកម្ម តែ​ម្នាក់​ទៀត​អកម្ម​នោះ​ទេ!” បើ​កូន​ពាក្យ​ "សកម្ម" និង​ "អកម្ម" ក្នុង​ផ្លូវ​ស្នេហា​នេះ កូន​អាច​ដឹង​ហើយ​អាច​គួរ​បន្ត​ស្រលាញ់​គេ​នោះ​ទៀត​ឬ​​ក៏​បញ្ឈប់​ល្អ​ជាង។

៣. កុំ​ព្រោះ​តែ​បុរស​ម្នាក់ កូន​សុខ​ចិត្ត​ធ្វើ​ឱ្យ​នារី​ម្នាក់​ទៀត​ត្រូវ​ឈឺ​ចាប់ បើ​នាង​មិន​ដែល​មក​រក​រឿង​ឈ្លោះ​ទាស់ទែង​ជាមួយ​កូន។ កូន​ដឹង​ទេ យើង​ជា​ស្រី គេ​ក៏​ជា​ស្រី យើង​ចង់​បាន​ក្ដី​សុខ គេ​ក៏​ចង់​បាន​សុខ​ដូច​តែ​យើង​ដែរ។ កូន​កុំ​ខឹង​នាង កូន​គួរ​ខឹង​បុរស​ដែល​កូន​ស្រលាញ់ ថា​គេ​​បាន​ធ្វើ​អ្វី​ខ្លះ គេ​បាន​ដោះ​ស្រាយ​អ្វី​ខ្លះ​មុន​បង្កើត​ចំណង​ស្នេហា​ជាមួយ​កូន​នេះ។

៤. ម៉ាក់​ដឹង​ថា មាន​បុរស​ច្រើន​ណាស់​ដែល​មក​ស្រលាញ់​កូន តែ​​មិន​ស័ក្ដិសម​នឹង​កូន ក៏​មាន​អ្នក​ដែល​​ស័ក្ដិសម​នឹង​កូន តែ​កូន​មិន​ស្រលាញ់ ក៏​មាន​មនុស្ស​ដែល​កូន​ស្រលាញ់​ តែ​គេ​មិន​ស្រលាញ់​កូន​ទៅ​វិញ។ កូន​ឃើញ​ទេ រឿង​ស្នេហា​វា​ស្មុគស្មាញ​ចាក់​ស្រេះ​អ៊ីចឹង។ ដូច្នេះ បើ​កូន​ចង់​សម្រេច​ចិត្ត​ថា​ស្រលាញ់​ឬ​មិន​ស្រលាញ់​អ្នក​ណា​នោះ ចូរ​កូន​កុំ​យក​ត្រចៀក​ស្ដាប់​ច្រើន​ពេក តែ​ត្រូវ​យក​ភ្នែក​សម្លឹង​មើល​ឱ្យ​បាន​ច្រើន ឱ្យ​បាន​ជ្រៅ​ មើល​ថា​តើ​គេ​ប្រឹង​ប្រែង​យ៉ាង​ណា​ដើម្បី​កូន។

ហើយ​បើ​កូន​ចង់​ដឹង​ថា​បុរស​ណា​សម​នឹង​កូន​ឬ​អត់​នោះ ចូរ​កូន​កុំ​សុំ​គាត់​នូវ​អ្វី​ដែល​គាត់​កំពុង​មាន ត្រូវ​សុំ​ស្នាម​ញញឹម​និង​ទឹក​ភ្នែក​ពី​គាត់។ កូន​ត្រូវ​សុំ​ទឹក​ភ្នែក​ពី​បុរស​ម្នាក់​ដែល​អាច​​ឱ្យ​កូន​យំ គឺ​យំ​ទាំង​ក្ដី​រំភើប មិន​មែន​យំ​ដោយ​ក្ដី​ឈឺ​ចាប់​ទេ។ ចំណែក​ស្នាម​ញញឹម គឺ​ការ​ធ្វើ​ឱ្យ​កូន​ញញឹម​បាន​ ពេល​កូន​កំពុង​កើត​ទុក្ខ។

៥. រក​បុរស​ណា​ដែល​អាច​ដាក់​រូបថត​កូន​ក្នុង​កាបូប​លុយ​របស់​គេ បុរស​ដែល​ព្រម​ឱ្យ​កូន​ខាំ​​សាច់​គេ បុរស​ដែល​ហ៊ាន​ឱ្យ​កូន​ដឹង​រឿង​សព្វ​គ្រប់​បែប​យ៉ាង​អំពី​គេ បុរស​ដែល​​ទោះ​បី​កូន​ខឹង ឬ​សុំ​បែក​គ្នា​ច្រើន​​ដង​យ៉ាង​ណា​ក៏​មិន​ព្រម​លែង​ដៃ​កូន មាន​តែ​ទាញ​កូន​មក​ឱប​កាន់​តែ​ណែន ហើយ​ក៏​ជា​បុរស​ណា​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អាច​ធ្វើ​ល្អ​ដាក់​កូន​អស់​មួយ​ជីវិត។

៦. កុំ​ស្រលាញ់​អ្នក​ណា​ម្នាក់​ដែល​មក​សុំ​កូន​រៀបការ​ពេល​កូន​មាន​បាន ឬ​មើល​ឃើញ​ប្រយោជន៍​របស់​កូន តែ​ត្រូវ​ជ្រើស​រើស​បុរស​ណា​ដែល​ព្រម​លេប​ថ្ម​លេប​ក្រួស​ជាមួយ​កូន​តាំង​ពី​កូន​នៅ​អត់​ស៊ី​អត់​ឃ្លាន ត្រដាបត្រដួស​រហូត​មាន​ថ្ងៃ​នេះ។

៧. កូន​ស្រី! កូន​គួរ​រើស​បុរស​ណា​ដែល​​ទោះ​មិន​សូវ​មាន​លុយ​ច្រើន តែ​គេ​ព្រម​ឱ្យ​កូន​ចាយ ឬ​មិន​ចេះ​លាក់​លៀម​ជាមួយ​កូន ល្អ​ជាង​បុរស​ដែល​មាន​លុយ​ហៀរ​ហោប៉ៅ​ តែ​មុន​ចាយ​កូន​ត្រូវ​លា​ដៃ​សុំ​លុយ​គេ ឬ​ត្រូវ​រាយការណ៍​គ្រប់​អ្វី​ដែល​បាន​ចាយ។ គេ​មាន​កុង​ធនាគារ​ប៉ុន្មាន​មិន​សំខាន់ គេ​មាន​លុយ​ប៉ុន្មាន​ក្នុង​កុង​ក៏​មិន​សំខាន់ អ្វី​ដែល​សំខាន់​តើ​កូន​មាន​សិទ្ធិ​កាន់​កាប់​លុយ​ទាំង​នោះ​ដែរ​ឬ​ក៏​អត់៕

អត្ថបទ៖ សរ សុគន្ធី

មតិយោបល់
អត្ថបទពេញនិយម