• 2019-06-13 07:36:53
  • ព័ត៌មាន

តើអ្វីទៅនៅពីក្រោយភាពជោគជ័យរបស់ លោក ម៉ៅ វុត្ថា ថៅកែត្រី សាលម៉ុន?

  • 2019-06-13 07:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 180

ចន្លោះមិនឃើញ

នៅពេលនិយាយពីឈ្មោះថៅកែត្រីសាលម៉ុនស្រស់ នាំចូលពីក្រៅប្រទេសនោះ គឺគេនឹងនឹកឃើញដល់ឈ្មោះ លោកម៉ៅ វុត្ថា ដែលជាសហគ្រិនឆ្នើមមួយរូបនៅកម្ពុជា។ ថ្ងៃនេះ លោកម៉ៅ វុត្ថា បាន បង្ហើបពីការបរាជ័យមួយចំនួន និងមធ្យោបាយស្ដារឡើងវិញ ប្រកបដោយជោគជ័យ។

លោក​ ម៉ៅ វុត្ថា លើក​ត្រី​មួយ​ប្រភេទ​ឈ្មោះ King Fish បង្ហាញ​មុខ​កាម៉េរ៉ា នៅ​ក្នុង​កន្លែង​ចុងភៅ ផ្ទះត្រីសាលម៉ុន

បុរសវ័យ៣៩ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងថា អ្វីដែលនាំឲ្យលោកជោគជ័យបាននោះ គឺទីមួយ ផ្ដើមដោយទ្រឹស្ដី នៃសុភាសិតខ្មែរ "ការតស៊ូ គង់បានសម្រេច” និងមួយទៀតលោកមានភ័ព្វវាសនាល្អ បានភរិយាយល់ចិត្ត ដោយចាត់ទុកថា នៅពីក្រោយភាពជោគជ័យ ក៏ដោយសារមានឧត្ដមភរិយាល្អ។

លោក ម៉ៅ វុត្ថា និង​ភរិយា​ ស្អិតរមួត បង្ហាញពី​ក្ដីស្រឡាញ់

មនុស្សជាច្រើនគេតែងលើកសរសើរលោកថា ជាមនុស្សជោគជ័យលើមុខជំនួញ ឬអាចហៅថា ជាបុគ្គលជោគជ័យ លើ​សហគ្រិន​មួយ​រូបនៅកម្ពុជា ប៉ុន្តែពួកគេក៏មិនបានដឹងថា នៅក្នុងអំឡុង នៃដំណើរការអាជីវកម្មមួយបានជួបប្រទះនូវឧបសគ្គអ្វីខ្លះ ហើយធ្លាប់បរាជ័យអ្វីនោះឡើយ។

ទន្ទឹមនឹងជោគជ័យលើអាជីវកម្ម ផ្ទះត្រីសាលម៉ុន លោក ម៉ៅ វុត្ថា មានស្រុកកំណើតនៅខេត្តបាត់ដំបង បានប្រាប់ថា លោកធ្លាប់បរាជ័យលើការពង្រីកគម្រោងអាជីវកម្មមួយចំនួន ដូចជា ការលើកផែនការ នៃការផ្ដល់សេវាកម្មម្ហូបអាហារត្រីសាលម៉ុន (អាហារថ្ងៃត្រង់) និងការពង្រីកមុខរបរទិញហ្វ្រេនឆាយ យកមកធ្វើអាជីវកម្ម ប៉ុន្តែអ្វីៗមិនជោគជ័យដូចការរំពឹងទុកនោះទេ។ ការបរាជ័យទាំង​អស់​នេះ អាចបណ្ដាលមកពីរបៀបគ្រប់គ្រងនៅមានកម្រិត និងការចាប់ឱកាសមិនត្រូវតាមកាលៈទេសៈ ជាដើម។

សកម្មភាព​ លោក ម៉ៅ វត្ថា មើលបុគ្គល​នៅ​កន្លែង​ចុងភៅ ផ្ទះត្រីសាលម៉ុន

បើទោះបីជាការបរាជ័យច្រើនខាងលើនេះ កើតមានលើរូបលោកក្ដី ក៏លោកមិនដែលបោះបង់នូវឆន្ទៈរបស់ខ្លួនដែរ ដោយធ្វើការតស៊ូ ព្យាយាម ជំនះរាល់ឧបសគ្គ ទាំងនោះ។ បន្ថែមលើពាក្យស្លោកខ្មែរថា "ការតស៊ូ គង់បានសម្រេច" ហើយភាពជោគជ័យមួយទៀតដែលមិនអាចខ្វះបាននោះ គឺមានភរិយា ដែលយល់ចិត្ត។ រាល់ការបាក់ទឹកចិត្ត និងរបៀប នៃការគ្រប់គ្រង ទាំងមនុស្ស និងហិរញ្ញវត្ថុ គឺភរិយា អនុវត្តន៍បានច្បាស់ជាងលោក ដែលធ្វើឲ្យការគ្រប់គ្រងមួយចំនួនដំណើរការទៅមុខបានកាន់តែលឿន។

លោក ម៉ៅ វត្ថា បានបន្ថែមថា ក្រោយពីបានរៀបការជាមួយភរិយា នៅអំឡុងឆ្នាំ ២០១៤មក លោកបានចាត់ទុកថា ភរិយា គឺជាបំណែក នៃភាពជោគជ័យ ព្រោះមានទីប្រឹក្សាយោបល់ម្នាក់ស្មោះត្រង់ និងជាដៃគូជីវិតមិនអាចខ្វះបាន។

លោក ម៉ៅ វត្ថា និង​ភរិយា អំឡុងពេល​រៀបការ មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយ ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន

សព្វថ្ងៃនេះ លោក វុត្ថា អាចចាត់ទុកជាសហគ្រិនជោគជ័យកម្រិតមធ្យមមួយរូប ដែលបច្ចុប្បន្ន កំពុងគ្រប់គ្រងលើមុខជំនួញ ៣ គឺ៖

១. ផ្ទះត្រីសាលម៉ុន

២. ការបោះដុំត្រីសាលម៉ុន រួមនឹងប្រភេទសាច់នាំចូល

៣. ក្រុមហ៊ុនផ្ដល់សេវាកម្ម ចុះបញ្ជីពាណិជ្ជកម្ម

តើលោក ម៉ៅ វុត្ថា គឹជានរណា? អានសាច់រឿងសង្ខេបខាងក្រោមនេះ៖

លោក ម៉ៅ វត្ថា ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុគ្គល​ម្នាក់​ចូល​ចិត្ត​អាន​សៀវភៅ​បំផុត ហើយ​លោក​តែងតែចែកចំណេះដឹងនានា នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក ក្រោយ​លោក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្រ្ត​មួយ​ចំនួន តាមរយៈ​សៀវភៅ

លោក ម៉ៅ វុត្ថា កើតនៅឆ្នាំ ១៩៨០ នៅខេត្តបាត់ដំបង ជាកូនទោលនៅក្នុងគ្រួសារ។ លោកវុត្ថា ត្រូវបានគេចាត់ទុកថា ជាមនុស្សរួសរាយរាក់ទាក់ និងសាមញ្ញបំផុត ដោយនិយមស្លៀកខោខ្លី នៅពេលចេញក្រៅ និងមានក្ដីស្រមៃធំតាំងពីនៅតូច ចង់ក្លាយជាអ្នករកស៊ី។

នៅឆ្នាំ២០១១ លោកម៉ៅ វុត្ថាបានសម្រេចក្ដីស្រមៃរបស់ខ្លួនដោយបានបើកអាជីវកម្មនាំចូលត្រីសាលម៉ុនពីក្រៅប្រទេស ប៉ុន្តែភាពជោគជ័យលើអាជីវកម្មមួយនេះ មិនអាចខ្វះបាននូវការក្រេបជញ្ជក់នៅចំណេះវិជ្ជាបន្ថែមតាមរយៈការអានសៀវភៅ និងចូលវគ្គបណ្ដុះបណ្ដាលនានាពាក់ព័ន្ធនឹងការរកស៊ី ជាពិសេស គឺបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅ KS Seastar ប្រទេសថៃ ហើយបានក្លាយជាសហគ្រិនមានមុខមាត់លើការនាំចូលត្រីសាលម៉ុនពី ក្រៅប្រទេសមកកាន់កម្ពុជា ហើយត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយអំពីលោក ដែលជាសហគ្រិនជោគជ័យមួយរូប ដែលរកប្រាក់ចំណូលបានខ្ទង់លានដុល្លារ ក្នុង១ឆ្នាំ។

លោក ម៉ៅ វត្ថា កំពុង​ពិនិត្យ​ការងារ

នៅមុនការចាប់អាជីពជាអ្នកជំនួញនោះ លោក ម៉ៅ វុត្ថា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើផ្នែក អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយចប់ការសិក្សា លោកម៉ៅវុត្ថា បានប្រលូកលើវិស័យការងារអស់រយៈពេល ១០ឆ្នាំ ។ ១០ឆ្នាំនេះ លោកបានធ្វើការនៅ ស្ថានីយទូរទស្សន៍ CTN, មណ្ឌលព័ត៌មានស្ត្រីកម្ពុជា, សាលាក្ដីខ្មែរក្រហម និង អង្គការយុវតារាកម្ពុជា។

បន្ទាប់ពីចំណាយពេល ១០ឆ្នាំលើការងារ លោកម៉ៅ វុត្ថា បានសម្រេចបើកអាជីវកម្មរបស់ខ្លួន នៅឆ្នាំ ២០១១ ដោយប្រើប្រាស់ទុនដំបូងអស់ខ្ទង់ ៥-៦ ពាន់ដុល្លារ ហើយបច្ចុប្បន្នមានក្រុមហ៊ុនផ្សេងៗក្នុងដៃមួយចំនួនទៀត ដែលអាចរកប្រាក់បានខ្ទង់លានដុល្លារ ក្នុង១ឆ្នាំ។

រូបភាព​ភ្ញៀវ​ចូល​ហូប​អាហារ នៅ​ហាង ផ្ទះត្រីសាលម៉ុន

ការជោគជ័យទាំងអស់នេះ លោក ម៉ៅវុត្ថា នៅតែចងចាំពាក្យស្លោកខ្មែរ “ការតស៊ូ គង់បានសម្រេច” ហើយស្របនឹងទិសស្លោកផ្ទាល់ខ្លួនមួយទៀត "ការមិនបោះបង់, ចំណង់, ចំណេះ និងជំនាញ បូករួមនឹងភាពជឿជាក់លើខ្លួនឯង" ។ បន្ថែមពីលើនេះ ដែលមិនអាចខ្វះបាន ការមានដៃគូជីវិត ដែលចេះយល់ចិត្ត តែងរងចាំជំរុញលើកទឹកចិត្តយើងពីក្រោយ ដោយគ្មានថ្ងៃនឿយណាយ៕

សូមទស្សនារូបភាព​ច្រើន​សន្លឹក ពីសកម្មភាព​របស់ លោក ម៉ៅ វុត្ថា ខាងក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម