• 2019-07-05 08:51:13
  • ស្នេហា

ប្រុសៗ​ត្រៀម​តែ​នឹង​ក្បត់?

  • 2019-07-05 08:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​បុរស​ខ្មែរ​ច្រើន​ត្រូវ​គេ​បន្ទោស​ពី​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​ចំណង​ស្នេហាក៏ពិតមែន ប៉ុន្ដែ​​បច្ចុប្បន្ន នារី​ខ្មែរមួយចំនួន​​ក៏​ត្រូវ​បាន​គេ​រិះគន់​ថា​ មាន​ចិត្ត​សប្បាយ​ភ្លើតភ្លើន​ចំពោះ​រឿង​មាន​ថ្មី​ចោល​ចាស់​នេះ​ដែរ។  

សូមចុចអាន៖ ​​ម៉ាក​ៗ​​នេះ​ដល់​តែ​​​យូរ​​បាន​​​ដឹង​​​ថា​​មាន​​​​សង្សារ 

រូបតំណាង​ (រូបថត​បរទេស)

 

លោក ឡុង មិថុនា​ គរុសិស្ស​សាលា​គរុកោសល្យ​ភូមិ​ភាគ​ហ៊ុនសែន​តាខ្មៅ​​ធ្លាប់​និយាយ​ប្រាប់​ថា​ បុរស​នារី​សម័យនេះ​ គឺ​ស្មើ​ដៃ​គ្នា​ទៅ​ហើយ​ក្នុង​រឿង​មិន​ស្មោះ​ត្រង់​នេះ។ ​មិថុនា និយាយ ថា កត្តា​សម្ភារៈ​និយម និង​ ការ​វក់​តាម​វីដេអូ​ថៃ កូរ៉េ ធ្វើ​អោយ​ស្ត្រី​ខ្មែរ​ជា​ច្រើន​ប្រែប្រួល​ការ​គិត​របស់​គេ។ 

គេ​គិត​ថា ឲ្យ​តែ​មាន​លុយ គេ​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ដូច្នេះ​គេ​អាច​មិន​ខ្វល់​អ្នកណា​និយាយ​ថា​ ម៉េច​ទេ គេ​ហ៊ាន​ទាំងអស់​ដើម្បី​លុយ"។ 

ជាមួយ​នោះ​ដែរ ទេព សាតថន បាន​និយាយ​ថា នារី​បច្ចុប្បន្ន​សឹង​ថា​ មាន​គំនិត​ត្រៀម​នឹង​ក្បត់ ច្រើន​ជាង​បុរស​ផង។ 

ខ្ញុំ​យល់​ថា ដោយសារ​ស្ត្រី​ឥឡូវ​គេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួប​ជាមួយ​បុរសៗ ក្នុង​សង្គម គេ​អាច​ចេញ​ធ្វើការ​បាត់​ៗ​ពី​ផ្ទះ ភាគចើន​ គឺ​​អាច​រស់​នៅ​ដោយ​ខ្លួនឯងបាន គេ​មាន​សេរីភាព​ពី​ឳពុក-ម្តាយ ហើយ​ខ្លះ​ដល់​ថ្នាក់​អាច​រក​ប្រាក់​មក​អោយ​ឪពុកម្ដាយ​វិញ​ផង ដូច្នេះ បើ សិន​គេ​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​បាន គ្មាន​អ្នកណា​អាច​បង្ក្រាប​ភាព​ភ្លើតភ្លើន​របស់​គេ​ទេ សរុប​មក​វិញ ខ្ញុំ​យល់​ថា ​ស្ត្រី​ និង​ បុរស​សម័យ​នេះ​អាច​ថា​ត្រៀម​តែ​នឹង​ក្បត់​ប្រហែល​គ្នា"។ 

ប៉ុន្តែ ​កញ្ញា ​ឈឹម សុភក្តិ​ គរុសិស្ស​នៅ​សាលា​ដដែល​បាន​បដិសេធ​ទស្សនៈ​នេះ។ នាង​លើក​ឡើង​ថា គរុ​សិស្ស​ទាំងពីរ​ខាងដើម​បាន​នឹង​កំពុង​បង្វែរ​ប្រធានបទ ហើយ​ប្រកាន់​ទស្សនៈ​ភេទ​ជាធំ។ 

នាង​បន្ថែម​ថា ក្នុង​សម័យ​កាលណា​ក៏​ដោយ​ស្ត្រី​តែង​មាន​ភក្ដីភាព​ច្រើន​ជាង​បុរស ជានិច្ច​ដោយសារ​ជា​កត្តា​ធម្មជាតិ នារី​មាន​ភាព​អត់ធ្មត់ និង​ មាន​ការ​តស៊ូ​ច្រើន ជាង​បុរស។ 

ឧបមា​ថា​ ក្នុង​គ្រួសារ មាន​ប្ដី ​រឺ​ប្រពន្ធ​មាន​ជំងឺ​រ៉ាំរ៉ៃ សួរ​ថា​ប្តី​រឺ​ប្រពន្ធ​ ដែល​នៅ​ស៊ូ​នឹង​ដៃគូ​ខ្លួនឯង​បាន​យូរ​ជាង? បើ​និយាយ​រឿង​ក្បត់ ភេទ​ណា​ក៏​អាច​ក្បត់​បាន​ដែរ​អោយ​តែ​គេ​ចង់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​យល់​ថា ភាគី​ប្រុស​ងាយ​ក្បត់​ផុយ​ជាង។ យើង​មើល​តែ​ភ្នែកទទេ​ក៏​ដឹង​ដែរ​ថា បុរស​មាន​ចិត្ត​ងាយ​ណាស់ គ្រាន់​តែ​ឃើញ​គេ​ស្អាត គេ​សិចស៊ី ក៏​ចាប់ផ្ដើម​លែបខាយ​ឌឺដង​គេ​ភ្លាម ហូត​ដល់​មាន​ពាក្យ​បង្អាប់​គ្នា​លេង​ថា បើ​ស្លូត​ពេក​ត្រឹមត្រូវ​ពេក មិនមែន​ជា​កូន​ប្រុស​ដើម​ទ្រូង​ប្រាំ ហត្ថ​ទេ។ ដល់​អញ្ចឹង​ទៅ អ្នក​សុភាព​ខ្លះ លែង​ហ៊ាន​សុភាព ជួនកាល​ទៅ​ជា​ខំប្រឹង​បង្អួត​គូរ​កំណាន់​គ្នា​ផង​មាន​សង្សារ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ខ្លាច​គេ​ថា​មិនមែន​ប្រុស​ពិត"។ 

ស្រដៀង​គ្នា​ដែរ​ ​នារី ​​សៀង លីដា គរុសិស្ស​មកពី​ស្រុក​ត្រាំកក់​ខេត្ត តាកែវ​​បាន​បញ្ចេញ​យោបល់​ដែរ​ថា ​នារី​ៗ​បើ​ទោះបីជា​នៅ យុវវ័យ​មាន​សង្សារ​ច្រើន​ក៏​ម​ក​ពី​នាង​ចង់​រក​អោយ​បាន​បុរស​ល្អ​ម្នាក់​សម្រាប់​ជីវិត​តែ​ប៉ុណ្ណោះ ចំណែក​បុរស​ទោះ​រក​បាន​ស្ត្រី​ល្អ​ម្នាក់​ហើយ​ក៏​ដោយ​គេ​នៅ​តែ​ចង់​ជួប​នារី​ផ្សេងៗ​ទៀត​អោយ​បាន​ច្រើន​កាន់​តែ​ល្អ។ 

ជាក់ស្ដែង បង​ប្រុស​ខ្ញុំ​ជា​អ្នក​និយាយ​ជាមួយ​ខ្ញុំ​ផ្ទាល់ គាត់​និយាយ​ថា ប្រុសៗ​មិន គិត​ថា​ ការ​មាន​ដៃ​គូរ​ច្រើន​ជា​រឿង​ក្បត់ចិត្ត​ទេ គាត់​និយាយ​ថា​ វា​ជា​រឿង​ធម្មតា​សម្រាប់​បុរស។ គាត់​ប្រាប់​ទៀត​ថា នារី​ៗ​មិន​អាច​ធ្វើ​ដូច​បុរស​បាន​ទេ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ ដូច្នេះ​សម្រាប់ ខ្ញុំ ខ្ញុំ​ទទួល​ស្គាល់​ថា បុរស​ពិតជា​ត្រៀម​លក្ខណៈ​តែ​នឹង​ក្បត់​មែន"។

ចុះ​យោបល់​ផ្ទាល់​របស់​អ្នក​វិញ?  

អត្ថបទ​ពាក់ព័ន្ធ​ផ្សេង​ទៀត​សូម​ចុច​ត្រង់​នេះ

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី