• 2019-07-05 09:36:15
  • ចរាចរណ៍

មាន​គេ​រអ៊ូ​ថា អ្នក​ជិះ​ឡាន​ថ្លៃ​ខ្លះ គំនិត​យ៉ាប់?

  • 2019-07-05 09:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“គឺ​នៅ ​Stop ​ជលផល កន្លែង​ហ្នឹង​រាល់​ម៉ោង ៨ ព្រឹក ​គឺ មមាញឹក​កកស្ទះ​តែ​ម្តង​បង។ ធម្មតា​មិនមែន​យើង​ចង់​ជិះ​ហួស​គំនូស​ទេ ​តែ​ពេល​ចង្អៀត​ពេក​យើង​ជិះ​មិន​បាន​ត្រូវ​ទាំង​ស្រុង​ក៏​ហួស​បន្តិចបន្តួច ខ្ញុំ​ដឹក​ម៉ាក់ ​និង ​ក្មួយ​ខ្ញុំ ស្រាប់តែ​ឡាន​មួយ​នោះ​ម៉ាក Rang បត់​មក​រ៉េវ​ គេ​ឈប់​ង៉ក់​មុខ​ម៉ូតូ​ខ្ញុំ​ហើយ​ម្នាក់​បើកឡាន​ហ្នឹង​ក្មេង​ណាស់ ក្មេង​ជាង​ខ្ញុំ​ទៀត ខ្ញុំ​ថា​ខ្ទង់ ២២ រឺក៏ ២៣​ ឆ្នាំ ​អី​យ៉ាង​ច្រើន គេ​មិនមែន​ឈប់​ធម្មតា​ទេ គឺ​លើកដៃ​ចង្អុល​មុខ​ខ្ញុំ​ព្រមាន​ហ្មង មាត់​អង្គ្រឺត​ធ្មេញ​ដាក់​ខ្ញុំ គឺ​របៀប​មើលងាយ​តែ​ម្ដង ហើយ​ខ្ញុំ​អត់​​បាន​ធ្វើ​អី​ខុស​សោះ គ្រាន់តែ​ខ្ញុំ​បង្អាក់​ដំណើរ​លឿន​របស់​​គេ ព្រោះ​បើ​យើង​ជិះ​ឡាន​ថ្លៃ​ប្រហែល​គេ​មិន​ហ៊ាន​មើលងាយ​យើង​អញ្ចឹង ផ្លូវ​វា​ចង្អៀត ខ្លួន​គេ​មិន​ឈប់​ Stop ប៉ូលិស​មិន​ហ៊ាន​ហៅ បែរជា​គេ​ហ៊ាន​ចង្អុល​ព្រមាន​ខ្ញុំ​ទៀត ខ្ញុំ​វា​ហួស​ចិត្ត​ដែរ ​អ្នក​ជិះ​ឡាន​ថ្លៃ​អ្ហើយ​! ផ្លូវ​លោក​ឯង​បង់ពន្ធ​ម្នាក់ឯង​ក៏​អី?”។ នេះជា​ការ​លើកឡើង​របស់​យុវជន ទូច កាណាល់​ ដែល​បាន​ជួប​ជជែក​ជាមួយ Sabay។

 Cambodia-Car

 

ដូច​គ្នានេះ​ដែរ​យុវនារី​ទេព កល្យាណ​បម្រើការ​នៅ​ស្ថានីយ​លក់​រថយន្ត​មួយ​ដែល​មាន​ផ្ដល់​សេវា​លាង ​និង ​ជួសជុល​ផង​និយាយ​បន្ថែម​ថា ជាទូទៅ​អ្នកមាន​ចរិត​សុភាពរាបសារ​មាន​តិច​ណាស់​ក្នុងចំណោម​អ្នក​ជិះ​រថយន្ត​ម៉ាក​ថ្លៃ​ដែល​ចូល​មក​រក​សេវាកម្ម​លាង​សំអាត​រឺ​ជួសជុល​ផ្សេងៗ​។  

“មិនមែន​និយាយ​បន្ទរ​ទេ​ប​ង តែ​ឈឺ​ក្បាលមែ​ន​ពេលខ្លះ ! កម្មករ​​​ត្រូវ​គេ​ស្តី​អោយ​​រឺ​មួយ​ធ្វើ​ទៅ​មិន​ត្រូវ​ចិត្ត​យើង​ត្រូវ​ចុះទៅ​ដោះស្រាយ និយាយ​ទៅ​បើ​ឡាន​គេ​ក្បាល​៥ម៉ឺនដុល្លារ​ឡើង​ហើយ​ គឺ​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ណាស់​​ពិសេស​ការ​និយាយ​ស្ដី ទោះ​ខាង​យើង​កម្មករ​គ្នា​ត្រូវ​ក៏ដោយ​! និយាយ​ទៅ​មិនមែន​ម៉ៅ​រួម​ទេ មាន​គេ​ល្អ​ដែរ​តែ​តិច​ណាស់ អ្នក​ប្រកាន់​ច្រើន​ជាង អី​តិច​គេ​តេ​ទៅ​ថៅកែ​ឡូឡា​តែ​ម្តង​បង យើង​ត្រឹម​បុគ្គលិក​អី​គេ​មិនបាន​ចំ​ណាយ​ពេល​និយាយ​ជាមួយ​រក​ខុសត្រូវ​ទេ អាហ្នឹង​ខ្ញុំ​ឈឺក្បាល​ណាស់​អ្នក​ជិះ​ឡាន​ថ្លៃ ”។  

កញ្ញា កល្យាណ ​បន្ត​ថា​ ម្ចាស់​រថយន្ត​ទំនើប​មាន​តម្លៃ​ទំាង​នោះ​មាន​យុវវ័យ​ប្រហែល​៦០ភាគរយ។​ នាង​សង្កត់​ធ្ងន់​ថា​​”មើលទៅ​ពួកគេ​មិនមែនជា​អ្នកធ្វើការ​តែក៏​មិនមែន​ជា​សិស្សសាលា​ដែរ ដូចជា​​អ្នក​ដើរលេង​តែ​ម្តង​ហើយ​មាន​ស្រី​មាន​ប្រុស​បើកឡាន​ជា​ក្រុមៗ​ ម្នាក់​មាន​ឡានពីរ​ក៏​មាន បើ​បើក ៥៧០ មក​ គឺមក​ជា​ក្រុម​៥៧០បួន រឺ​ប្រាំ​ឡាន ស្លៀកពាក់ ​Sexyហ៊ឺហា​និយាយ​ស្ដី​ឡូឡា​ក្អាកក្អាយ តែ​កុំ​អោយ​ទាស់ចិត្ត បើ​ទាស់ចិត្ត​គឺ​ពិបាក​ដោះស្រាយ​តែ​ម្ដង”។  

ប៉ុន្តែ​ លោក ​នឿន ណាន ប៉ូលិស​ចរាចរណ៍​ប្រចាំការ​នៅ​គោល​ដៅ​មួយ​ក្នុង​រាជធានី​ភ្នំពេញ (សុំមិនអោយ​បញ្ចេញ​ទីតាំង) លើក​ឡើង​បញ្ច្រាស​វិញថា ការ​មិន​គោរព​ច្បាប់​ បាន​កើត​ឡើង​ក្នុងចំណោម​អ្នក​ជិះ​យានយន្ត​ទាំង​ថ្លៃ ទំាំង​ថោក។  

“យើង​ពិបាក​និយាយ​ដែរ​អូន អារឿងហ្នឹង! មិន​គោរព​ច្បាប់​ហ្នឹង​មាន​ទាំង​ម៉ូតូ​ទាំង​ឡាន! ខ្លះ​អ្នក​ជិះ​ឡាន​ថ្លៃ​ហ្នឹង​ជា​ស្ទាវ​ឈាមរាវ​ក៏​អញ្ចឹង​ទៅ ខ្លះ​ម៉ូតូ​ឌុប​ហ្នឹង ក៏​ព្រហើន​ជិះ​ដេញ​ឡាន​គេ​កិតៗ មិន​គិត​ថា​​ បើ​ប៉ះពារ​គ្នា​ទៅ​ឡាន​គេ​ថ្លៃ គេ​ទារ​អោយ​ធ្វើ​សង យើង​មាន​លទ្ធភាព​ទេ! សំខាន់​ប៉ូលិស​ចង់​អោយ​តែ​គោរព​ច្បាប់​ទាំងអស់​គ្នា​ទេ”។  

បងប្រុស​ សុខ សេត​ អ្នក​រត់​ម៉ូតូឌុប​នៅ​ផ្សារ​បឹង​កេងកង​លើក​ឡើង​ថា ការ​ជិះ​ក្បែរ​រថយន្ត​ទំនើបៗ​ជារឿង​ត្រូវ​ប្រុងប្រយ័ត្ន​អោយ​មែនទែន​ក្នុង​នាម​ជា​អ្នក​រកស៊ី​លើ​ដង​ផ្លូវ។ បងប្រុស​លើក​ឡើង​ថា៖​ ”ព្រោះ​យើង​នៅ​លើ​ផ្លូវ​ហ្នឹង​វា​ជាង​ ១០ ម៉ោង ​ក្នុង​មួយ​ថ្ងៃ! គេថា​ដើរ​យប់​ច្រើន​លែង​អី​ជួប​ខ្មោច ចឹង​ត្រូវ​ចេះ​ប្រយ័ត្ន ពិសេស​អា​ឡាន​ថ្លៃៗ ៥៧០ ឡង់រ៉ូវែរ អីបើ​ថា ​ជៀស​បាន​ជៀស​ឆ្ងាយ​ទៅ ប៉ះ​ម៉ាខ្វោក​រាប់រយ​ដុល្លារ គេ​ទារ​អោយ​សង​យើង​មាន​អី? ចឹង​ខ្ញុំ​ប្រយ្នត័​ណាស់ ! ចំណែក​ថា​ ចរិត​យ៉ាប់​មិន​យ៉ាប់​ខ្ញុំមិន​ហ៊ាន​ថា​ដែរ មានគេ​ល្អមាន​គេ​អាក្រក់​ចឹងទៅ តែ​ក្មេង​យុវជន​ឈាមរាវ​បាន​ថា យ៉ាប់​មែន​អាហ្នឹង​ឃើញ​ហ្នឹង​ភ្នែក​ញយ​មែន​ខ្ញុំ គឺ​គេជិះលឿនៗ​ណាស់​​ផ្លូវ​មួយ​តែ​ឯង​ហើយ!”។  

ចុះ​អ្នកវិញ ​មាន​បទ​ពិសោធន៍​អ្វី​ទាក់ទង​ជាមួយ​អ្នក​ជិះ​រថយន្ត​ថ្លៃ​ៗ​នៅ​ស្រុក​យើង​ដែរ?

ចុច​អាន​អត្ថបទ៖ ផ្លូវ​ចម្ការ​ដូង​ធ្លាប់​ហុយ​ដូច​ពពក​​ឥឡូវ​ម៉េចហើយ?

ចុច​អាន​អត្ថបទ៖ ពេល​ណា​​ទើបជា​​​​​ទី​​​បញ្ចប់​នៃ​​ការ​​ពុះ​​ផ្លូវ​រៀប​លូ​នៅ​ភ្នំពេញ?

អត្ថបទពាក់ព័ន្ធ​នឹង​ចរាចរណ៍​ច្រើន​ទៀត​ ចុចត្រង់​នេះ

 

មតិយោបល់
អត្ថបទពេញនិយម