• 2019-09-08 00:02:00
  • ជំនឿ

មាន​រឿង​ ៩ យ៉ាង ស្ត្រី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ មិន​អាច​ធ្វើ​បាន​ជា​ដាច់ខាត

  • 2019-09-08 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីសាអ៊ូឌីតជា​​ប្រទេស​ស្តេច​ប្រេង និង ជា​ប្រទេស​មាន​បំផុត​មួយ តែ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត​​នៅ​លើ​លោក​ក្នុង​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​​ទៅ​ឲ្យ​ស្ត្រី។ បើ​ទោះ​ជា​ពេល​ថ្មីៗ​នេះ ច្បាប់​ថ្មី​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ធូរបន្ថយ​ដល់​ស្រ្តី​អារ៉ាប់ ឲ្យមាន​សិទ្ធិ​បើកបរ​ដោយ​ខ្លួន​ឯង​ក្តី ប៉ុន្តែ​កិច្ចការ​៩​យ៉ាង​​ខាងក្រោម​នេះ ពួកគេ​មិន​អាច​ធ្វើ​បាន​ដាច់ខាត៖

១ ស្លៀកពាក់​តាម​ចិត្ត​ចង់៖ ការ​ស្លៀកពាក់​​របស់​ស្ត្រី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មាន​ចែង​នៅ​ក្នុង​ច្បាប់​ឥស្លាម។ ការ​ស្លៀក​​​ពាក់​ដែល​បង្ហាញ​ពី​សម្រស់​គឺ​ជា​ការ​ខុសច្បាប់។ ស្ត្រី​ត្រូវ​​ទទូរ​ឲ្យ​​ជិត​ទាំង​អស់​នៅ​ទី​សាធារណៈ។

២ អាពាហ៍ពិពាហ៍៖ ស្ត្រី​មិន​អាច​រៀបការ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​ប្រុស​បាន​ទេ ហើយ អ្នក​ដែល​ចង់​រៀបការ​ជាមួយ​ជនបរទេស​ ត្រូវ​តែ​ទទួល​បាន​ការ​ឯកភាព​ពី​ក្រសួងមហាផ្ទៃ។

៣ ប្រកួតកីឡា៖ នៅ​ឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីត​បាន​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាអូឡាំពិក​ដោយ​គ្មាន​អត្តពលិក​នារី​ ហើយ ព្រះ​អង្គ​ម្ចាស់ ហ្វាហាដ ប៊ីន ចាឡាវី អាល់សាដ (Fahad bin Jalawi al-Saud ) បាន​និយាយ​ថា "សង្គម​របស់​យើង​មាន​ការ​អភិរក្ស​តឹងរ៉ឹង​ណាស់" និង "មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​យក​ស្ត្រី​នៅ​ក្នុង​ការ​​ប្រកួតប្រជែង​កីឡា" ។

នៅ​ពេល​ដែល​ប្រទេស​អភិរក្ស​និយម​មួយ​នេះ​បាន​បញ្ជូន​ស្ត្រី​២​នាក់​ឱ្យ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១២ បព្វជិត​ម្នាក់​បាន​ហៅ​ពួក​គេ​ថា "ស្រី​ពេស្យា"

៤ បើក​គណនី​ធនាគារ​ផ្ទាល់ខ្លួន៖ ស្ត្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​គណនី​ធនាគារ​ដោយ​ខ្លួន​ឯង​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។

៥ ទំនាក់ទំនង​ជាមួយ​បុរស​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ៖ ស្ត្រី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បានកំហិត​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ។ នៅ​តាម​ទី​សាធារណៈ រួម​មាន​ភោជនីយដ្ឋាន គេ​មាន​បែងចែងក​កន្លែង​សម្រាប់​គ្រួសារ និង កន្លែង​​សម្រាប់​តែ​មនុស្ស​ប្រុស។

៦ សិទ្ធិ​ចិញ្ចឹម​កូន៖ នៅ​ពេល​ដែល​ស្ត្រី​លែងលះ ពួកគេ​មាន​ត្រឹម​សិទ្ធិ​ចិញ្ចឹម​កូន​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ សម្រាប់​កូន​ប្រុស ចិញ្ចឹម​ដល់​ពួកគេ​មាន​អាយុ​៧​ឆ្នាំ រីឯ កូន​ស្រី ចិញ្ចឹម​ដល់​អាយុ​៩​ឆ្នាំ។ បន្ទាប់​ពី​នោះ​ ត្រូវ​​បញ្ជូន​កូន​​ទាំង​នោះ​ឲ្យ​ទៅ​ឪពុក​ជា​អាណាព្យាបាល​ដោយ​ពេញ​ច្បាប់​អស់​មួយ​ជីវិត។

៧ ស្នើ​សុំ​លិខិត​ឆ្លងដែន៖ ស្ត្រី​មិន​អាច​ដាក់​ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លងដែន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​​បុរស​ទេ។

​៨ ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌៖ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត យុត្តិធម៌​សម្រាប់​មនុស្ស​ស្រី ត្រូវ​បាន​ផ្តល់​ឲ្យ​តែ​ពាក់​កណ្ដាល​នៃ​យុត្តិធម៌​សម្រាប់​មនុស្ស​ប្រុស​ប៉ុណ្ណោះ សូម្បី​​សិទ្ធិ​ទទួល​បាន​មរតក​ក៏​ទទួល​បាន​តែ​ពាក់កណ្តាល បើ​ធៀប​នឹង​បង​ប្អូន​ប្រុស​របស់​ពួកគេ។

​​៩ ប្រកប​មុខ​របរ៖ បើ​ស្រ្តី​ណា​ម្នាក់​ចង់​បើក​មុខរបរ​រកស៊ី ពួកគេ​ត្រូវ​ការ​ដាច់​ខាត​​ឲ្យ​មនុស្ស​ប្រុស​២​នាក់​ធ្វើ​សក្ខីកម្ម ឬ បង្ហាញ​ថា​​នាង​មាន​លក្ខខ័ណ្ឌ​គ្រប់គ្រាន់​ដើម្បី​ប្រកប​ជំនួញ​បាន៕

ប្រភព៖ CNN | indy100 | Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម