• 2019-10-25 11:34:57
  • ការអប់រំ

អាយុជិត៣០ហើយ នៅតែគ្មានសល់អ្វីក្នុងខ្លួន សាកគិតចំណុចទាំងនេះ

  • 2019-10-25 11:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹង​អត់​ថា​ ហេតុអ្វី​បាន​ជា​បុគ្គល​ជោគជ័យ​ល្បី​ៗ​នៅ​ជុំវិញ​ពិភព​លោក​ ​ណែនាំ​​ជន​ទូទៅ​​ឲ្យ​​ខ្វល់​ខ្វាយ​ពី​ការ​រៀប​ចំ​ពេល​វេលា​ទាន់​ខ្លួន​នៅ​ក្មេង​? ព្រោះ​ពួក​គេ​​គិត​ថា​ ពេល​វេលា​ដើរ​លឿន​មិន​បង្អង់​ឲ្យ​មនុស្ស​ឡើយ​ ប្រសិន​បើ​មិន​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ ​ប្រាកដ​​ជា​មិន​អាច​​សល់​អ្វី​ជា​ដុំ​កំភួន​សម្រាប់​អនាគត​។ ​យ៉ាងណា​​សម្រាប់​មនុស្ស​មួយ​ចំនួន​ ក៏​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជីវិត​ឲ្យ​ប្រសើរ​ឡើង​ដែរ នៅ​តែមិន​ទាន់​មាន​អ្វី​សល់ អ៊ីចឹង​អាច​សាក​​គិត​ពី​ចំណុច​​ទាំង ៧​នេះ​៖ ​​​​

១. សប្បាយ​ចាយ​បច្ចុប្បន្ន​ខ្លាំង​ពេក ភ្លេច​គិត​អនាគត

ពិត​ណាស់ ពេល​រក​បាន​ចំណូល ឬ​មាន​ប្រាក់​ខែ​ដោយ​ខ្លួន​ឯង ការ​ចាយ​វាយ​ក៏​ទូលាយ​ជាង​មុន ព្រោះ​គិត​ថា​អាច​រក​បាន​ទៀត។ ប៉ុន្តែ​អ្នក​ភ្លេច​ថា​ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ ហើយ​មិន​ប្រាកដ​ថា​លុយ​អាច​រក​បាន​ដោយ​ស្រួល​រហូត​នោះ​ទេ។ ទម្លាប់​ដៃ​ទូលាយ ចាយ​វាយ​ស្រួល​ៗ ស្រាប់​តែ​ដាច់​មួយ​ឆ្នាំ​ទៀត​ដោយ​គ្មាន​សល់​អ្វី​ក្នុង​ខ្លួន។

២. ចង់​បាន​មិន​ចេះ​ចប់

បច្ចេកវិទ្យា​កាន់​តែ​ទំនើប មនុស្ស​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យ​កាល។ មាន​កង់ ចង់​បាន​ម៉ូតូ មាន​ម៉ូតូ ចង់​បាន​ឡាន... ចំណែក​ទូរសព្ទ មាន​តម្លៃ ៥០ ចង់​បាន​ស៊េរី​ថ្មី​តម្លៃ១០០ មាន​តម្លៃ១០០ ចង់​ដេញ​ស៊េរី​ឡើង​តម្លៃ៥០០... តើ​ធ្វើ​យ៉ាង​ណា​អាច​សល់​លុយ​កើត? របស់​ប្រើ​ប្រាស់​មិន​ចាំ​បាច់​ទាំង​នេះ នឹង​ធ្លាក់​ថ្លៃ ឯ​លុយ​ដែល​រក​បាន ត្រឹម​ផ្គត់​ផ្គង់​វា ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​រក​លុយ​សល់​មិន​បាន។

៣. គ្មាន​ផែន​ការ​ច្បាស់​លាស់

នៅ​ពេល​ដែល​អ្នក​គ្មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ជីវិត មិន​​គិត​ថា​ថ្ងៃ​មុខ ចង់​មាន​ផ្ទះ​នៅ​ខ្លួន​ឯង ឬ​យ៉ាង​ណា ឬ​ចង់​រៀប​ការ​នៅ​អាយុ​ប៉ុន្មាន នោះ​អ្នក​នឹង​គ្មាន​ការ​តាំង​ចិត្ត​ដើម្បី​សន្សំ​លុយ​ឡើយ។ បើ​ចង់​សល់​លុយ​ខ្លះ គួរ​មាន​ផែន​ការ​ច្បាស់​លាស់ និង​ចាប់​ផ្ដើម​គិត​ពី​ទំហំ​លុយ​ដែល​ត្រូវ​សន្សំ​ទុក ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ​នៅ​ពេល​ណា​មួយ។

៤. ជំពាក់​គេ​ច្រើន

"បើក​ប្រាក់​ខែ​មក សង​គេ​អស់...” ជា​ពាក្យ​ដែល​អ្នក​ធ្វើ​ការ​ភាគ​ច្រើន នាំ​គ្នា​និយាយ​រាល់​ពេល​ចុង​ខែ​ម្ដង​ម្ដង។ ជំពាក់​គេ ហាក់​ដូច​ចាយ​លុយ​វិល​ជុំ​ដូច្នោះ​ដែរ ព្រោះ​អាង​ខ្ចី​គេ​បាន ក៏​សប្បាយ​ក្នុង​​ការ​ចាយ​ទាំង​ពេល​ចុង​ខែ។ គួរ​សន្សំ​លុយ​សង​គេ​ឲ្យ​អស់ រួច​ចាប់​ផ្ដើម​ចាយ​តាម​ចំណូល ចៀសវាង​ខ្ចី​គេ​មក​ចាយ ប្រសិន​បើ​មិន​ចាំ​បាច់។​

៥. ចង់​មាន​បាន​លឿន​ជ្រុល

មនុស្ស​ជា​ច្រើន ចង់​ចាក​ចេញ​ពី​ភាព​ក្រ​ឆាប់ ដើម្បី​ក្លាយ​ជា​អ្នក​មាន​លឿន ក៏​ប្រឹង​ចំណាយ​លុយ​លើ​អ្វី​មួយ​ខុស រហូត​ធ្វើ​ឲ្យ​អស់​រលីង​ពី​ខ្លួន​ក៏​មាន។ ជាក់​ស្ដែង អ្នក​ខ្លះ​ទៅ​វិនិយោគ​ជំនួញ​មិន​ច្បាស់ រហូត​ចាញ់​បោក​គេ ឬ​យក​លុយ​ទៅ​លេង​ល្បែង និង​ចំណាយ​លើ​អ្វី​ផ្សេង​ទៀត​ដែល​គ្មាន​ប្រយោជន៍ រហូត​ពេល​អស់​ពី​ខ្លួន បាត់​ទាំង​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ដំណើរ។​

៦. មិន​ចូល​ចិត្ត​ស្វែង​យល់

ការ​រៀន​សូត្រ​គ្មាន​ទី​បញ្ចប់ ទោះ​ដល់​វ័យ​ណា​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​អ្នក​គិត​ថា​លែង​ចង់​ស្វែង​យល់ នោះ​ជីវិត​ក៏​មិន​ជោគជ័យ​ដែរ។ ការ​ធ្វើ​ការងារ​ដដែលៗ កុំ​រំពឹង​ថា​មាន​ការ​ផ្លាស់​ប្ដូរ ឬ​សល់​លុយ​ច្រើន​ជាង​មុន ព្រោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដដែល​ដូច​គ្នា។ ព្យាយាម​ស្វែង​យល់ និង​ផ្លាស់​ប្ដូរ ទើប​អាច​មាន​អ្វី​ប្លែក​ជាង​មុន។

៧. ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

ចាប់​ផ្ដើម​គិត​ថា វ័យ​ស្របាល​គ្នា តែ​គេ​មាន​ឡាន​ជិះ គេ​មាន​ផ្ទះ​នៅ​ផ្ទាល់​ខ្លួន ឬ​គេ​រៀប​ការ​រួច... សុទ្ធតែ​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​ភាព​សោក​សៅ ហើយ​បាត់​បង់​កម្លាំង​ចិត្ត ក្នុង​ការ​ធ្វើការ ឬ​ប្រឹង​ប្រែង​រក​ចំណូល។ គួរ​យក​ពេល​នេះ មក​គិត​អ្វី​ថ្មី ឬ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ឆ្នាំ​ថ្មី អាច​សល់​លុយ​កាក់​ឡើង​វិញ។

ចំពោះ​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​ប្រាក់​ខែ​តិច ឬ​ឈឺ​ច្រើន ឬ​ជួប​បញ្ហា​នានា គឺ​ជា​រឿង​ក្រៅ​ខ្លួន​ដែល​ចៀស​មិន​រួច។ ចំណុច​ដែល​បង្ហាញ​ខាង​លើ គឺ​ទាក់​ទង​នឹង​ខ្លួន​ឯង​ផ្ទាល់ ចាប់​ផ្ដើម​ពី​ខ្លួន​ឯង​ផ្ទាល់៕

ប្រភព៖ Time ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់