• 2019-10-31 08:34:42
  • ជំនឿ

ធម្មយាត្រា​ព្រះពុទ្ធសាសនា​ឆ្លងកាត់ ៥ប្រទេស​ បាន​បញ្ចប់​​នៅ​លើ​​ទឹកដី​អង្គរ​

  • 2019-10-31 08:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចំណាយ​រយៈពេល​ ១៨​ថ្ងៃ​កន្លង​ទៅ ​នៃ​ព្រឹត្តិការណ៍​ធម្មយាត្រា​ព្រះពុទ្ធសាសនា​លើក​ទី២​ ក្នុង​ប្រទេស​ទាំង៥​ តំបន់​ទន្លេ​មេគង្គ ​ថៃ​ ឡាវ​ វៀតណាម​ មីយ៉ាន់ម៉ា​ និង​កម្ពុជា​ គឺ​បាន​បញ្ចប់​ទៅ​ហើយ​លើ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប​ ម្សិលមិញ​នេះ។​

ទិដ្ឋភាពម្សិលមិញ

លោក ស៊ុផាឆៃ វីរៈភុជុង អគ្គលេខាធិការ​វិទ្យាស្ថាន​ពោធិខាយ៉ាងវិឆាឡាយ៉ា៩៨០ ​និង​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​លេខ៥​ បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​អនុញ្ញាត​ឱ្យ​បាន​រៀបចំ​ពិធី​បួងសួង និង​បញ្ចប់​កម្មវិធី​ខាង​លើ​នេះ​​ក្នុង​ទឹកដី​នៃ​ប្រាសាទ​អង្គរ។​

ទិដ្ឋភាពម្សិលមិញ

​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​លេខ៥​រូប​នេះ​បន្ថែម​ថា​ ធម្មយាត្រា​ព្រះពុទ្ធសាសនា​តំបន់​ទន្លេ​មេគង្គ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​សហការ​រួម​សាមគ្គី​ ផ្លាស់​ប្ដូរ​បទ​ពិសោធ​រវាង​គ្នា​និង​គ្នា។​ លើស​ពី​នេះ​ទៀត​នោះ​ ស្វែង​យល់​ពុទ្ធ​វប្បធម៌​ប្រពៃណី​នៃ​ពុទ្ធសាសនិក​តាម​តំបន់​ទន្លេ​មេគង្គ​ ក្នុង​គោលបំណង​ឱ្យ​ពុទ្ធសាសនិក​នាំ​យក​ពុទ្ធឱវាទ​មេរៀន​របស់​អង្គ​ព្រះសម្មាសម្ពុទ្ធ​មក​ប្រតិបត្តិ​គ្រប់​ពេលវេលា។​

ទិដ្ឋភាពម្សិលមិញ

កម្មវិធី​ខាងលើនេះ​បាន​ចប់​សម្រេច​ជោគជ័យ​ និង​ចាត់​ទុក​ថា​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​បាន​កត់​សម្រាប់​ពុទ្ធសាសនិក។ នេះ​ជា​ការ​រឹតចំណង​សម្ព័ន្ធ​ភាព​នៃ​សាសនិក​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ​ឱ្យ​កាន់​តែ​ស្អិតល្មួត​ខ្លាំង​ឡើង​ថែម​ទៀត។​

ទិដ្ឋភាពម្សិលមិញ

សូមបញ្ជាក់ថា ធម្មយាត្រា​នេះ​សរុប​ចម្ងាយ​ប្រហែល​២៤០០​ គីឡូម៉ែត្រ​ ចំណាយ​ពេល​អស់​១៨​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ទាំង​៥។​ ចាប់​ផ្ដើម​ចេញដំណើរ​ដំបូង​ពី​វត្ត​ព្រះ​ធាតុជាដៅ​ ស្រុក​ឈៀងសែន ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ​ ហើយ​មក​បិទ​បញ្ចប់​កម្មវិធី​លើ​ទឹកដី​អង្គរ​វត្ត​ ខេត្ត​សៀមរាប។​ អ្នក​ចូលរួម​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​រហូត​មក​នោះ​មាន​ព្រះសង្ឃ​ ឧបាសក​ បាសិកា​ និង​អ្នកសារព័ត៌មាន​ទាំង​៥​ ប្រទេស​ សរុប​ទាំង​អស់​ចំនួន​ ១២០​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម