• 2020-03-02 03:07:27
  • ព័ត៌មាន

ទៀតហើយ! អ្នកឆ្លង Covid-19 នៅកូរ៉េខាងត្បូងកើនលើស ៤ពាន់នាក់ ឯអ្នកស្លាប់ឡើងដល់ ២២នាក់

  • 2020-03-02 03:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ៤៧៦ករណីទៀត នៅថ្ងៃចន្ទទី២ ខែ​មីនានេះ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២ ០២២នាក់ ខ្ពស់បំផុតលើពិភពលោកសម្រាប់ប្រទេសក្រៅពីចិន។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ។

៩០% នៃករណីថ្មីបានកើតឡើងនៅក្នុងទីក្រុង Daegu ដែលជាកន្លែងផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសកូរ៉េខាងត្បូង និងខេត្ត North Gyeongsang ដែលស្ថិតនៅក្បែរនោះ។ ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji Church ទំនងជាអ្នកបង្កឲ្យផ្ទុះឡើង នូវការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស។ សមាជិករបស់ពួកគេ ដែលនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ទំនងជាចម្លងវីរុសនេះពីម្នាក់ទៅម្នាក់ ហើយក៏បន្តរីកសាយភាយពាសពេញប្រទេសតែម្តង។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿជាក់ថា សមាជិកវ័យ ៦១ឆ្នាំម្នាក់នៃក្រុមអ្នកកាន់សាសនាគ្រឹស្តខាងលើ ដែលបានធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណាកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមអ្នកដំបូងគេបង្អស់ដែលឆ្លងវីរុសនេះ។ គួរឲ្យដឹងថា ស្រ្តីជាអ្នកជំងឺខាងលើ បានបដិសេធមិនព្រមឲ្យគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឡើយ ហើយបានចូលរួមជួបជុំគ្នានៅក្នុងវិហារគ្រឹស្តជាច្រើន មុនពេលធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី