• 2019-10-09 10:29:21
  • សេដ្ឋកិច្ច

ជប៉ុនជឿជាក់ភាពរឹងមាំវិស័យអចលនទ្រព្យកម្ពុជា និងយុវវ័យផ្លាស់ប្ដូរទម្លាប់រស់នៅ

  • 2019-10-09 10:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិនិយោគជនជាតិជប៉ុនបានសម្ដែងការជឿជាក់លើវិស័យអចលនទ្រព្យនៅកម្ពុជាថា មានភាពរឹងមាំ និងយុវវ័យមានការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ ដែលពីមុនទម្លាប់រស់នៅផ្ទះជាន់ផ្ទាល់ដី ងាកមករស់នៅខុនដូ ដូចបណ្ដាប្រទេសអភិវឌ្ឈន៍មួយចំនួន។

លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខារ៉ា បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយជុំវិញការបើកគម្រោងលក់លំនៅឋានអារ៉ាខារ៉ា កាលពីរសៀលថ្ងៃទី ៩ ខែតុលា បានឲ្យដឹងថា «ខ្ញុំមានទំនុកចិត្តលើសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាមានការគាំទ្រយ៉ាងមុតមាំចំពោះវិនិយោគិនបរទេស ហើយព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពនយោបាយនឹងនរ មិនដូចជាប្រទេសខ្លះមិនមានស្ថានភាពនយោបាយនឹងនរ ដូចជានៅក្រុងហុងកុង ជាដើម។»

នៅខាងស្ដាំដៃ លោក អាឡិច យ៉ាស៊ូម៉ូតូ

លោក អាឡិច យ៉ាស៊ូម៉ូតូ បានឲ្យដឹងទៀតថា មុននឹងលោកចាប់ផ្ដើមវិនិយោគទុនលើទឹកដីកម្ពុជា លោកបានសិក្សាស្រាវជ្រាវអំពីគោលនយោបាយ និងជំហររបស់រាជរដ្ឋាភិបាលបានច្បាស់លាស់ ដែលបង្កើតឲ្យមានទំនុកចិត្តលើសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយរឹងមាំ ធានាដល់ការវិនិយោគិនបរទេស។

ទន្ទឹមនឹងការបង្ហាញភាពជឿជាក់លើសេដ្ឋកិច្ចកម្ពុជា និងនយោបាយ ជនជាតិជប៉ុនដែលមានភាគហ៊ុនធំ លើគម្រោងលំនៅឋានអារ៉ាខារ៉ា ដោយបានបោះទុនប្រហែលជា ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត បានបញ្ចេញទស្សនដែរថា បច្ចុប្បន្ននេះយុវវ័យបានផ្លាស់ប្ដូរទម្លាប់នៃការរស់នៅក្នុងផ្ទះជាប់ដី ងាកមករស់នៅក្នុងខុនដូ បែបស៊ីវិល័យ។

«ភាពងាយស្រួល គឺជាចំណុចទាំងអស់ដែលប្រជាពលរដ្ឋទាមទារចង់បាន បច្ចុប្បន្នទៅអនាគត ព្រោះថា បើចង់បានផ្ទះនៅក្នុងក្រុងគឺថ្លៃ ហើយបើចង់បានតម្លៃធូរថ្លៃ គឺមានតែខុនដូ ដែលបង្កើតភាពងាយស្រួល កន្លែងរស់នៅក្បែរកន្លែងធ្វើការ។ ប្រជាពលរដ្ឋស្ទើរតែគ្រប់ប្រទេសទាំងអស់ កំពុងតែរវល់ទៅៗ ចឹងអត់មានពេលចំណាយលើការធ្វើដំណើរនោះទេ។ ដូច្នេះពួកគេបន្ថយពីចំណង់រស់នៅផ្ទះផ្ទាល់ដី មករស់នៅក្នុងបន្ទប់សិន។»

លោក អាឡិច យ៉ាស៊ូម៉ូតូ បានបន្ថែមទៀតថា «និន្នាការខាងលើនេះ មិនមែនមានតែនៅកម្ពុជានោះទេ គឺនៅប្រទេសអូស្រ្តាលីក៏មានច្រើនដែរ ដែលពួកគេបានលក់ផ្ទះនៅជាយក្រុងមកទិញខុនដូរ ក្នុងក្រុងក្បែរកន្លែងធ្វើការ ដើម្បីបង្កើតភាពងាយស្រួល»។

លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានលើកឡើងដែរថា តាមការសិក្សា និងអង្កេត យុវជនធ្វើការនៅទីក្រុង និងមករៀននៅទីក្រុង ឬទើបរៀបការនៅក្នុងទីក្រុង ដែលមានមុខរបរ និងកន្លែងធ្វើការក្នុងក្រុង ពួកគេរមែងចង់បានកន្លែងរស់នៅក្បែរកន្លែងរកស៊ី និងធ្វើការ ឬកន្លែងរៀន ដើម្បីកាត់បន្ថយការចំណាយនៃការធ្វើដំណើរ ពេលវេលា និងគ្រោះថ្នាក់ផ្សេងៗជាដើម។

លោក អៀង យ៉ាស៊ូម៉ូតូ

លោក អៀង សុធារ៉ា បានបន្ថែមទៀតថា ទំនោរយុវជនរស់នៅក្នុងទីក្រុងនេះកាន់តែច្រើនឡើងៗ រហូតដល់ពួកគេសន្សំលុយកាក់បានច្រើនគួរសម ទើបសម្រេចចិត្ត ទិញផ្ទះនៅជាយក្រុង រស់នៅបែបធម្មជាតិ នាពេលមានវ័យចំណាស់បន្ដិច។

ដោយប្រមើលពីទស្សនវែងឆ្ងាយ និងតម្រូវការរបស់យុវជននាពេលបច្ចុប្បន្ននេះ លោក អៀង សុធារ៉ា ស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអាគាររួម និងការថែទាំរួម»

ឈរលើទស្សនវិស័យខាងលើនេះ លំនៅឋានអារ៉ាខាវ៉ា ដោយបានសហការរវាងអ្នកវិនិយោគខ្មែរ និងជប៉ុន បង្កើតអាគារខុនដូរ លើផ្ទៃដី ១.៣ហិចតា មានចំនួន១០អាគារ និងមានកម្ពស់២១ជាន់ ស្ថិតនៅកណ្ដាលទីក្រុង ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទីតាំង នៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ចំពោះតម្លៃគឺមានចាប់ពី ២៨,០០០ ដុល្លារឡើងទៅ ដែលពលរដ្ឋមានចំណូលពី ៦០០ដុល្លារឡើងទៅ អាចទិញមួយជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី