• 2019-11-19 06:53:40
  • សេដ្ឋកិច្ច

សហគមន៍ទេសចរណ៍​ជាង​១០០​កន្លែង​កំពុងដំណើរ​ការក្នុងចំណោម​ជាង​ពីរ​ពាន់​

  • 2019-11-19 06:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរ​ណ៍​លើក​ឡើងថាអេកូទេសចរណ៍​ជា​សសរ​ស្ដម្ភ​​ក្នុងការ​ធានាការ​អភិវឌ្ឍន៍​វិស័យទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ប៉ុន្តែ​នៅ​កម្ពុជា​មានតែជាង​១០០​សហគមន៍​ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​ ខណៈ​នៅ​លើពិភព​លោក​កំណើត​ទេសចរណ៍​ប្រភេទ​នេះ​កើន​ឡើង​២០​ភាគ​រយជា​រៀង​រាល់​ឆ្នាំ។

(សម្តេច ស ខេង ប្រគល់​ជ័យលាភី​ជូន​សហគមន៍ទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៩​)

ថ្លែង​ក្នុង​វេទិកា​ជាតិ​អេកូទេសចរណ៍លើកទី១ និង ពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយ ជាតិ​អេកូ​ទេសចរណ៍ ឆ្នាំ​២០១៩-២០៣០ នៅ​ព្រឹក​នេះ រដ្ឋមន្ត្រីក្រ​សួង​ទេចរណ៍​ឯកឧត្តម ថោង ខុន បាន​លើកឡើងថា​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៩នេះ កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរ​បរទេស​ចំនួន៤,៨​លាន​នាក់ដែលមាន​កំណើន​១០​ភាគរយ។

បើ​តាម​ឯកឧត្តម​រដ្ឋ​មន្ត្រី​កាលពី​ឆ្នាំ​កន្លងទៅ​វិស័យ​ទេសចរណ៍​​បាន​ផ្ដល់ការងារ​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ពល​រដ្ឋ​ប្រហែលជា​៦សែន​នាក់​ និង​ដោយ​ប្រ​យោល​រាប់​សែន​នាក់​ផ្សេង​ទៀត។

(សម្តេច ស ខេង អញ្ជើញ​ទស្សនាពិព័រណ៌សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍)

ឯកឧត្តម​បញ្ជាក់ថា​អេកូទេសចរណ៍​ត្រូវ​បាន​គេចាត់ទុក​ថា​ជា​សសរស្ដម្ភ​នៃការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រ​កប​ដោយ​និរន្តរភាព។ ឯកឧត្តម​បន្ថែមថា៖ «ដើម្បី​ជំរុញ​បង្កើត​សហគមន៍ទេសចរណ៍ អេកូទេសចរណ៍​ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​អន្តរក្រ​សួងគ្រប់​គ្រង​និង​អនុវត្ត...​ដែលមាន​ក្រ​សួង​ទេសចរណ៍ជា​ប្រ​ធាន ក្រសួង​បរិស្ថាន​ជា​អនុប្រ​ធានអចិន្រ្តៃយ៍ និង​ក្រ​សួង​កសិកម្មជាអនុប្រ​ធាន»។

ឯកឧត្តម​បន្ថែមថា៖ «បច្ចុប្បន្ន​យើងមាន​សហគមន៍ទេសចរណ៍​​ជិត​២៣០០​កន្លែង​ដែល​ត្រូវ​បង្កើត​ឡើងដែលគ្រប់​គ្រង​ដោយ​ក្រ​សួង​ទាំង​បី ប៉ុន្តែ​ក្នុង​ចំណោម​សហគមន៍ទាំងនេះ​មាន​តែ​សហគមន៍ទេស​ចរណ៍​តែ១២៥​កន្លែង​ប៉ុណ្ណោះ​ដែល​កំពុងមាន​សកម្មភាពទេសចរណ៍ និង​អេកូទេសចរណ៍ ដែលមាន​៧៩​នៅ​ក្រោម​សមត្ថកិច្ច​ក្រ​សួង​ទេសចរណ៍»។

បើ​តាម​ក្រ​សួងទេសចរណ៍​វេទិកាជាតិលើកទី១នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ឆ្លុះ​បញ្ចាំងឲ្យឃើញ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និង​ទេសចរណ៍សហគមន៍។ វេទិកានេះ​គឺជាការជួបជុំថ្នាក់ជាតិដ៏ធំជាលើកដំបូងរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលនឹងរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលយកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី