• 2020-02-20 04:47:46
  • ចរាចរណ៍

សម្ដេច​​ក្រឡាហោម​ ស ខេង​ ៖​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្នុង​ខែ​កុម្ភៈ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក

  • 2020-02-20 04:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ក្រឡា​ហោម ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​កត់​សំគាល់​ថា​ ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍ ក្នុង​ខែ​ កុម្ភៈ ឆ្នាំ​​២០២០​ នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ បើ​ប្រៀប​ធៀប​ទៅ​​នឹង​ខែ​មករា​ ខែ​​មុន​​។ ​ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ ក្នុង​ឱកាស​​បើក​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ​២០១៩ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​មហាផ្ទៃ​ ដែល​ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​​២០២០​នេះ។​

ដោយ​មិន​បាន​​បញ្ជាក់​ពី​តួលេខ​ថយ​ចុះ​សម្ដេច​បាន​គូស​​បញ្ជាក់​ថា​ នៅឆ្នាំ២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​យ៉ាង​គំហុក​ និង​ប្រកប​ដោយ​ក្ដី​ព្រួយ​បារម្ភ​ប្រសិន​បើ​កំណើន​នេះ​មិន​ថម​ថយ ​ឬ​មិន​បាន​ចាត់​វិធាន​ការ។ ​យ៉ាង​ណា​ចុង​ក្រោយ​នេះ ​សម្ដេច​កត់​សំគាល់​ថា​ នៅ​ក្នុង​ខែ​កុម្ភៈ គ្រោះ​ថ្នាក់​បាន​ថយ​ចុះ​យ៉ាង​គំហុក​បើ​​ប្រៀប​ធៀប​ ខែ​មករា​ ឆ្នាំ​២០២០ ​ដែល​ទាម​ទារ​ឱ្យ​រក​មូលហេតុ​បន្ថែម​ ក្រៅ​តែ​ពី​ការ​ចាប់​ផ្ដើម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​។​​

“អញ្ចឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​​ថយ​ចុះ​ សម្រាប់​ខែ​កុម្ភៈ​ យ៉ាង​គំហុក​​ ​បើ​ធៀប​នឹង​ខែ​មករា​។ នេះ​​មិន​មែន​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​មុន​ទេ​។​ ដូច្នេះ​យើង​​ចាំ​បាច់​ត្រូវ​សិក្សា​ពី​មូល​ហេតុ​នាំ​ ដែល​ថយ​ចុះ​នេះ​”។

លោក គឹម បញ្ញា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា ​នៃ​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​បាន​​​ឱ្យ​​ដឹង​ថា​​ ​​ផ្អែក​លើ​សេចក្ដីរាយការណ៍​លើ​ទំព័រ​សារព័ត៌មាន​​ និង​ប្រភព​ផ្សេង​ៗ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ខែ​​កុម្ភៈ​ ពិត​ជា​​មាន​ការ​ថយ​ចុះ​ប្រាក​ដក​មែន បើ​ប្រៀប​ធៀប​ទៅ​នឹង​​ខែ​មករា​ ដើម​ឆ្នាំ​នេះ។ ប៉ុន្តែ​​យ៉ាង​ណា​មិញ​ គេ​ហាក់​បីដូច​ជា​ពិបាក​បន្តិច ក្នុង​ការ​ប្រៀប​ធៀប​ ដោយ​សារ​ខែ​កុម្ភៈ​ ពុំ​សូវ​មាន​បុណ្យ​ទាន​ច្រើន​ដូច​​ខែ​មករា​។ ​ខែ​មករា​ មាន​​​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ និង​បុណ្យ​ចូល​ឆ្នាំ​ចិន​​​។​ ចំណែក​ខែ​កុម្ភៈ​​មិន​​មាន​​ថ្ងៃ​ឈប់​​សម្រាក​ឡើយ​។​ ម្យ៉ាង​​ការ​ផ្ទុះ​​​ឡើង​នៃ​មេរោគ​កូរ៉ូណា​ លោក​បាន​កត់​សំគាល់​ថា ​ប្រជាពលរដ្ឋ​​ហាក់​បីដូច​​ជា​កាត់​បន្ថយ​​​ការ​ធ្វើ​ដំណើរ​ខ្លះ​​ ដោយ​សារ​​​មិន​ចង់​ប្រឈម​នឹង​មេរោគ​នេះ បើ​ទោះ​ជា​កម្ពុជា​មាន​ករណី​ឆ្លង​លើ​ជន​ជាតិ​ចិន​​តែ​ម្នាក់​ក៏​ពិត​មែន​​ តែ​អ្នក​ខ្លះ​បាន​​ព្រួយ​បារម្ភ​លើ​បញ្ហា​នេះ។​

"អញ្ចឹង​វិល​មក​វិញ​​ ទាក់ទង​នឹង​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម​​លោក​ចង់​សិក្សា​មើល​ថា​ តើ​មូល​ហេតុ​អ្វី​ដែល​​មាន​​ការ​ថយ​ចុះ​​លោក​គាំទ្រ ​​ជា​ពិសេស​ទាក់​​ទង​នឹង​ការ​អនុវត្ត​ច្បាប់​ហ្នឹង ដែល​វា​អាច​​​មក​ពី​ការអនុវត្ត​​​​ច្បាប់​មាន​ភាព​ប្រសើរ​ឬ​យ៉ាង​ណា​​? ឬ​លំហូរ​ចរាចរណ៍​របស់​យើង​មាន​ការថយ​ចុះ​ ឬ​យ៉ាង​ណា?​។ ជា​ទូទៅ​នៅ​ប្រទេស​​ណា​ក៏​ដោយ​​ឱ្យ​តែ​មាន​ការ​​​រឹត​បន្តឹង​អនុវត្ត​ច្បាប់​គឺ​រមែង​​​មាន​ការ​​ថយ​​ចុះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​”។​​​​​​​​​​​​​​​​​​​

សម្តេច​ក្រឡាហោម​​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នគរបាល​​បន្ត​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​​បន្ថែម​​ទៀត បើ​ទោះ​​​ជា​យានយន្ត​​​ និង​ហេដ្ឋារចនាសម្ព័ន្ធ​កើន​ឡើង​ តែ​សមត្ថកិច្ច​​ត្រូវ​​ព្យាយាម​រឹត​បន្តឹង​ ​​ការ​អនុវត្ត​​​ច្បាប់​ឱ្យ​បាន​ល្អ​ប្រសើរ​។ ​​

តាម​រយៈ​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​របស់​នាយកដ្ឋាន​នគរបាល ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការ​ការដ្ឋាននគរបាលជាតិ ​បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ សរុប​ចំនួន ៤.១២១លើក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន ១.៩៨១នាក់ និង​របួស​ចំនួន ៦.១៤១នាក់ ដែល​ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​១១​ករណី​ អ្នក​ស្លាប់​ចំនួន​៥នាក់ និង​របួស​ចំនួន​១៧នាក់។

ដោយ​ឡែក​មូល​ហេតុ​ចម្បង​ ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​ការ​បើក​បរ​លើស​ល្បឿន​កំណត់ (៣៨%) និង​បន្ទាប់​គឺ​ការ​មិន​គោរព​សិទ្ធិ​អាទិភាព​ (២៣.២០%) មិន​ប្រកាន់​ស្តាំ ​(១២.៩%) ប្រជែង (៨.៨១%) បត់​គ្រោះ​ថ្នាក់ (៨.៦៧%) ស្រវឹង (៤.៧៣%) ផ្សេងៗ (១.១០%) ៕

មតិយោបល់
អត្ថបទថ្មី