• 2023-03-30 04:40:47
  • ចរាចរណ៍

ឆ្នាំ២០២៤ JCI នឹងនាំពាណិជ្ជករអន្តរជាតិជាង៤០០០នាក់ មកទស្សនាកម្ពុជា

  • 2023-03-30 04:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចេស៊ីអាយ (JCI CAMBODIA) នឹងរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASIA-PACIFIC CONFERENCE) នៅលើទឹកដីខេត្តសៀមរាប។ កម្មវិធីនេះ នឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង៤០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។

ក្នុងឱកាសនេះ JCI កម្ពុជារំពឹងថានឹងជួយបង្កើនសេដ្ឋកិច្ចជាតិបានជាង ៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅក្នុងខេត្តប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។ បន្ថែមពីនេះ JCI កម្ពុជាក៏នឹងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដល់បណ្តាប្រតិភូអន្តរជាតិទាំងអស់ផងដែរ។

បច្ចុប្បន្ននេះក្រុមការងារ JCI កម្ពុជាក៏កំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឲ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ការផលិតវិដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កូនក្រមុំមួយនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣នេះ សន្និបាតប្រចាំតំបន់របស់ JCI នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងចាហ្គាតា របស់ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ឧសភា។ JCI កម្ពុជាក៏នឹងនាំសមាជិកជាង១០០នាក់ទៅចូលរួមក្នុងកម្មវិធីនេះផងដែរ។

សន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជអន្តរជាតិដែលមានសមាជិកជាង១២០ប្រទេស ត្រូវបានកំណត់ឲ្យរៀបចំមួយឆ្នាំម្តង ដែលប្រទេសជាសមាជិកត្រូវបង្ហាញពីសមិទ្ធផល និងដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជារយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះនឹងអនុញ្ញាតិឲ្យកម្ពុជាមានឱកាសក្នុងការផ្សព្វផ្សាយ តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណី នៃប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់