
- 2018-05-25 03:36:20
- សុខភាព
ថ្មី! ចង់ជក់បារីនៅទីសាធារណៈ ឬនៅហាងនានា ត្រូវត្រៀមលុយ១កញ្ចប់ឲ្យហើយទៅ
- 2018-05-25 03:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី! ចង់ជក់បារីនៅទីសាធារណៈ ឬនៅហាងនានា ត្រូវត្រៀមលុយ១កញ្ចប់ឲ្យហើយទៅ
ចន្លោះមិនឃើញ
ឆាប់ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងចេញអនុក្រឹត្យថ្មី ដើម្បីផាកពិន័យដល់ជនណាដែលជក់បារីនៅតាមទីសាធារណៈ ឬនៅតាមភោជនីយដ្ឋាន តំបន់ហាមឃាត់នានា និងនៅតាមសណ្ឋាគារជាដើម។ នេះបើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ វេជ្ជបណ្ឌិត អ៊ឹង ភីរុន ថ្លែងកាលពីម្សិលមិញនេះ។
ក្រសួងសុខាភិបាល រួមសហការជាមួយក្រសួងយុត្តិធម៌ ដែលមានក្រុមធិការកិច្ច៥០០នាក់ នឹងធ្វើការទៅលើច្បាប់អនុក្រឹត្យនេះ។ តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ជនណាដែលជក់បារីនៅទីសាធារណៈ និងនៅតាមតំបន់ហាមឃាត់នឹងត្រូវផាកពិន័យចំនួន២ម៉ឺនរៀល។ បើជនណាជក់នៅក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារនឹងត្រូវផាកពិន័យ១គុណនឹង២ ស្មើនឹង៤ម៉ឺនរៀលតែម្ដង។
យ៉ាងណាក្ដីចំពោះកាលបរិច្ឆេទ ក្នុងចេញអនុក្រឹត្យ និងចុះផាកពិន័យផ្ទាល់ នៅមិនទាន់បានកំណត់ពេលវេលានោះទេ។ បច្ចុប្បន្នក្រសួងសុខាភិបាល រួមនឹងដៃគូពាក់ព័ន្ធកំពុងធ្វើការទៅលើរឿងនេះយ៉ាងសស្រាក់សស្រាំ។
ដោយឡែកកាលពីថ្មីៗនេះ ក្រុមយុវជនកម្ពុជាបានស្នើរាជរដ្ឋាភិបាលបង្កើនពន្ធបន្ថែមលើបារីឲ្យបានរហូតដល់ ៧០ភាគរយ ពោលគឺធ្វើឲ្យតម្លៃបារីទាបបំផុតចាប់ពី ៦ ០០០រៀល ទៅ១០ ០០០រៀល ក្នុងមួយកញ្ចប់ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការជក់បារី។ សំណើនេះធ្វើឡើងផ្អែកតាមលទ្ធផលស្ទង់ មតិរបស់ក្រុមយុវជនកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពិថ្ងៃទី ២២ ឧសភា ២០១៨។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា ការដំឡើងថ្លៃនេះ គឺជាមធ្យោបាយដ៏សំខាន់អាចធ្វើឱ្យអ្នកជក់បារីមួយចំនួនពិចារណាឈានទៅកាត់បន្ថយការជក់បារី និងឈប់ជក់បារី ដោយសារតែបារីកាន់តែមានតម្លៃថ្លៃ។
លោក ស្រី សុជាតិ អនុប្រធានការិយាល័យអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែពិចារណាក្នុងការតំឡើងពន្ធបារី នេះបន្ថែមទៀត ប៉ុន្តែការតំឡើងនេះក៏ត្រូវពឹងផ្អែកទៅលើចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកថា ប្រសិនបើកាលណាពន្ធត្រូវបានតំឡើងនោះ តម្រូវការ ប្រើប្រាស់បារីនឹងថយចុះ ខណៈដែលការសិក្សាបានឱ្យដឹងថា បើគ្រាន់តែតំឡើងពន្ធត្រឹម តែ ១០ភាគរយ នោះអាចកាត់បន្ថយការប្រើប្រាស់បារីចាប់ពី២ភាគរយ ទៅ៨ភាគរយ នៃចំនួន អ្នកប្រើប្រាស់សរុបទំាងអស់ជាង២លាននាក់។
យោងតាមរការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្នផលិតផលបារីក្នុងទីផ្សារកម្ពុជានៅមានតម្លៃទាប ដោយជា មធ្យមត្រឹមតែ១ ០០០រៀល ក្នុងមួយកញ្ចប់ ចំពោះតម្លៃបារីថោក និងតម្លៃ៥ ០០០រៀល ចំពោះបារីថ្លៃ។ ក្នុងមួយឆ្នាំ ចំណាយសម្រាប់ការទិញបារីមានប្រមាណ ២០០ លានដុល្លារអាមេរិក រួមទាំងចំណាយទាក់ទងនឹងការព្យាបាលជំងឺ ការបាត់បង់កម្លាំងពលកម្ម ដោយសារជំងឺដែលបង្កដោយថ្នាំជក់មានប្រមាណ ១៦,៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដោយឡែកប្រសិនបើប្រជាជន ឈប់ជក់បារីទាំងស្រុងបាននោះ កម្ពុជានឹងចំណេញថវិកាដល់ទៅជាង ៣០០លានដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល ធ្លាប់អះអាង៕