- 2018-07-13 05:00:34
- ស្នេហា
មានក្ដីសុខតែម្នាក់ឯងទាំងគេមិនបានស្រលាញ់ចេញពីចិត្ត ចុងក្រោយត្រូវគ្រាំចិត្តស្ទើរស្លាប់
- 2018-07-13 05:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានក្ដីសុខតែម្នាក់ឯងទាំងគេមិនបានស្រលាញ់ចេញពីចិត្ត ចុងក្រោយត្រូវគ្រាំចិត្តស្ទើរស្លាប់
ចន្លោះមិនឃើញ
ពីមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសោះក្លាយជាអ្នកដែលស្និទ្ធស្នាលទាំងមិនបានតាំងចិត្ត ធ្លាប់គិតថាគេគ្រាន់តែអ្នកស្គាល់គ្នាធម្មតាៗ តែអ្វីៗក៏ប្រែប្រួលអស់ទាំងមិនដែលគិតចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងពីមនុស្សដែលមិនខ្វល់ពីរឿងស្នេហា បែរជាធ្លាក់ក្នុងជម្រៅស្នេហ៍មួយទាំងគ្មានសង្ឃឹមយ៉ាងងប់ងុល។ អ្វីៗចាប់ផ្ដើមប្រែប្រួល តែងមានស្នាមញញឹមទាំងពព្រាយពេលឃើញគេ លែងហ៊ានមើលមុខចំដូចមុន ចង់ឈានជើងចូលក្បែរមិនលះៗដូចមុនហាក់ញ័រដៃញ័រជើងខុសពីមុនដាច់ដូចមេឃនឹងដី។ មិនដឹងថា តើគេមានឥទ្ធិពលអ្វីម្ល៉េះលើអារម្មណ៍របស់ខ្ញុំ? តើគេមានអំណាចអ្វី? ពេលនេះទទួលស្គាល់ហើយថា ស្រលាញ់មនុស្សម្នាក់គឺគ្មានហេតុផល ហើយក៏ដឹងទៀតថា ទោះយើងជាមនុស្សម៉ឺងម៉ាត់យ៉ាងណាក៏មិនអាចគេចរួចពីអារម្មណ៍ស្នេហាបានឡើយ ពេលដែលមនុស្សម្នាក់ជ្រាបចូលមកដល់បេះដូងហើយនោះ។
សំណួរមួយក៏បានលេចឡើងថា តើនេះហៅថាស្នេហាដែរឬទេ? បើម្នាក់ទៀតមិនត្រូវជាអ្វីជាមូយយើងផងនោះ? តើនៅសុខៗម៉េចក៏យករឿងបែបនេះមកបំផ្លាញស្នាមញញឹមដែលធ្លាប់មាន? ពេលមួយខ្ញុំក៏គិតថា បើបន្តបែបនេះខ្ញុំអាចនឹងនឹកគេដល់ស្លាប់ហើយ បែបនេះខ្ញុំគួរតែសារភាពដែរទេ? តាមពិតពាក្យស្រលាញ់មួយម៉ាត់មិនពិបាកនិយាយឡើយ តែខ្ញុំហាមាត់មិនកើត បានត្រឹមស្រមៃ ហើយនៅតែបន្តមានក្ដីសុខតែម្នាក់ឯងបន្តទៀត។ ហឹមម...ឯងឆ្កួតមែនទែនហើយ បេះដូងឆ្កួតហើយមិនអាចធ្វើបែបនេះទៀតទេ យ៉ាងណាត្រូវតែសារភាពប្រាប់គេថាយើងស្រលាញ់គេ ហើយក៏តាំងចិត្តរួចជាស្រេចទោះចម្លើយគេបែបណាក៏ដោយ។
ចម្លើយដែលខ្ញុំទទួលបានពីគេ គេប្រាប់ថាគេក៏ស្រលាញ់ខ្ញុំដែរ។ អារម្មណ៍ដែលធ្លាប់មានក្ដីសុខតែម្នាក់ឯងក៏កាន់តែមានក្ដីសុខខ្លាំងថែមទៀត ពាក្យស្រលាញ់របស់គេបានសម្លាប់ចិត្តខ្ញុំ ឲ្យខ្ញុំព្រមធ្វើគ្រប់បែបយ៉ាងដើម្បីគេ កាន់តែចង់នៅក្បែរគេ ស្នាមញញឹម ពាក្យសម្ដីគ្រប់ម៉ាត់របស់គេស្ថិតក្នុងខួរក្បាលខ្ញុំគ្រប់ពេល។ តែពាក្យស្រលាញ់ និងទង្វើរបស់គេ គឺខុសគ្នាស្រលះពីខ្ញុំ ខ្ញុំកាន់តែមានអារម្មណ៍ឯកាឡើង ជាងពេលដែលគ្មានវត្តមានគេទៅទៀត ខ្ញុំត្រេកអរនឹងពាក្យដែលគេប្រាប់ថាស្រលាញ់ទាំងមិនអស់ចិត្ត ព្រោះខ្ញុំមានអារម្មណ៍ថាគេប្រាប់ទាំងមិនបានតាំងចិត្ត។ គ្រប់ពេលខ្ញុំឆាតទៅគេ មិនដែលឆ្លើយតបភ្លាមៗឡើយ ពេលខ្លះគេផុសរូបជាមួយខ្ញុំ តែដាក់Only me ដូចខ្លាចអ្នកណាឃើញ មិនដែលហ៊ានកាន់ដៃខ្ញុំជាសាធារណៈ មិនដែលនិយាយពាក្យផ្អែមល្ហែម។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់ជាងកាលស្រលាញ់គេម្នាក់ឯងទៅទៀត ហើយបើប្រៀបធៀបអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង គឺខ្ញុំមានក្ដីសុខជាងពេលនេះ គឺពេលដែលគេប្រាប់ថាស្រលាញ់។
នៅជាមួយគ្នាហាក់សោះកក្រោះទោះខ្ញុំព្យាយាមធ្វើល្អដាក់គេប៉ុណ្ណាក៏ដោយ តែនៅទីបំផុតគេសារភាពប្រាប់ខ្ញុំត្រង់ៗថា គេជ្រុលប្រាប់ពាក្យស្រលាញ់មកខ្ញុំទាំងមិនបានតាំងចិត្ត គេមិនអាចបង្ខំអារម្មណ៍គេឲ្យមកស្រលាញ់ខ្ញុំបានឡើយ គេមិនទាន់មានអ្នកណា តែក៏មិនមានខ្ញុំបេះដូងគេដែរ គេប្រាប់ថាស្រលាញ់ខ្ញុំ ព្រោះខ្លាចខ្ញុំខ្មាសគេ ខ្លាចខ្ញុំអន់ចិត្ត។ តែផ្ទុយមកវិញអ្វីដែលគេប្រាប់ខ្ញុំនៅពេលនេះ គឺជារឿងធ្វើឲ្យខ្មាសគេខ្លាំងបំផុត តាំងខ្លួនធ្វើជាសង្សារគេ មានក្ដីសុខ ឈឺចាប់ស្រក់ទឹកភ្នែកអត់ប្រយោជន៍មិនដឹងដើម្បីអ្នកណា? តើពេលនេះឲ្យខ្ញុំកាត់ចិត្តបែបណា? បើក្ដីស្រលាញ់ដែលខ្ញុំមានបានប្រគល់ឲ្យអ្នកគ្មានចំណែកសេសសល់សម្រាប់ខ្លួនឯងឡើយ។ ខ្ញុំចង់ស្អប់អ្នក ចង់បំភ្លេចអ្នកតែខ្ញុំធ្វើមិនបាន ខ្ញុំមិនអាចជាស្នេហាសម្រាប់អ្នក ហើយអ្នកក៏កាន់តែមិនអាចធ្វើជាមិត្តជាមួយខ្ញុំបានឡើយ។ ព្រោះតាំងពីដំបូងអារម្មណ៍ខ្ញុំមិនដែលគិតអ្នកត្រឹមមិត្តទេ។
ពេលនេះចង់បំភ្លេចគេក៏ភ្លេចមិនបាន ខំធ្វើខ្លួនឲ្យរវល់ក៏នៅតែនឹកគេ សូម្បីតែពេលគេងក៏ហូរទឹកភ្នែក ជិះម៉ូតូក៏ហូរទឹកភ្នែក។ ខ្ញុំស្គាល់អ្នកមិនដល់មួយខែ ហើយក្ដីសុខដែលខ្ញុំមានក៏មិនដល់២ខែ តែពេលនេះការឈឺចាប់រាប់ខែហើយនៅតែមិនព្រមបាត់ ខ្ញុំស្អប់ខ្លួនឯងនៅពេលនេះ ចង់បានខ្លួនខ្ញុំពីមុនមកវិញ។ បើមានអព្ភូតហេតុមែន ខ្ញុំចង់បំភ្លេចអ្នកទាំងស្រុង ចង់ឲ្យក្លាយជាមនុស្សមិនស្គាល់គ្នា ហើយក៏មិនស្គាល់គ្នាជារៀងរហូត៕