
- 2018-08-20 12:01:00
- ការអប់រំ
(អនុស្សាវរីយ៍)ដល់ថ្ងៃប្រឡង អង្គុយៗនឹកឃើញដល់ "អាជា" វាបានជួយឲ្យខ្ញុំ "ជាប់"
- 2018-08-20 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
(អនុស្សាវរីយ៍)ដល់ថ្ងៃប្រឡង អង្គុយៗនឹកឃើញដល់ "អាជា" វាបានជួយឲ្យខ្ញុំ "ជាប់"
ចន្លោះមិនឃើញ
នេះប្រហែលមិនមែនជារឿងហួសចិត្តនោះទេ ប៉ុន្តែជាអនុស្សាវរីយ៍មិនអាចភ្លេចបានរបស់លោកម្នាក់ ដែលដាក់ឈ្មោះខ្លួនឯងថា "និស្សិតស្រែ" ដែលលោកនិទានពីមិត្តភ័ក្ដិកម្សត់កម្រលោកម្នាក់ ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបនេះ។ ដូច្នេះតាមដានទាំងអស់គ្នា៖
«ដាក់ឲ្យញ៉ុមមុនអ៊ី ដល់ម៉ោងគោរពទង់ជាតិឥលូវហើយ» «ញ៉ុមមុនអ៊ីៗ» «ឲ្យញ៉ុមអ៊ី ញ៉ុមម៉ោមុនគេ» ពាក្យប៉ុន្មានឃ្លានេះលាន់ឮទ្រហឹងស្ទើររាល់ព្រឹក ចន្លោះម៉ោង៦និង៥០នាទី នៅរោងនំក្នុងសាលាបឋមសិក្សាមួយ។ ខ្ញុំកំពុងអង្គុយញ៉ាំបាយស្រូបមួយចាន ផ្ដុំដោយសាច់ជ្រូកចៀន និងពងទាក្រឡុក អមដោយជ្រក់ត្រសក់ចំណិតពណ៍បៃតងស្រស់។ អំឡុងឆ្នាំ៩៩ បាយមួយចានពេញនេះ តម្លៃត្រឹមតែ៧០០៛ប៉ុណ្ណោះ។ ក្រលេកទៅតូបមួយទៀត អាជាមិត្តភក្តិជាប់ផ្ទះខ្ញុំ កំពុងឈររេរាមើលចំនីក្នុងថាស។ មួយសន្ទុះធំ វារើសបាននំមួយកញ្ចប់ គឺនំក្ដាមដ៏ពេញនិយម។ ខ្ញុំញ៉ាំបាយអស់ លើកកាផឹកទឹកតែ ដាក់ក្នុងធុងរួមធំមួយ រួចដើរតាមក្រោយអាជា ដែលកំពុងបោះជំហានទៅថ្នាក់វាបណ្ដើរ ហែកនំញាត់មាត់បណ្ដើរ។
ខ្ញុំដើរទៅក្បែរ រួចសួរថា៖ «អាជា ម៉េចព្រឹកៗអញអត់ដែលឃើញហ្អែងស៊ីបាយស្រូបចឹង?» អាជាទំពារនំអស់ រួចតបមកទាំងមុខស្ងួត៖ «អញអត់មានលុយទេ មករៀនមួយព្រឹកម៉ែអញឲ្យតែ២០០៛ទេ» ខ្ញុំឮហើយងក់ក្បាល រួចក៏បែកផ្លូវទៅថ្នាក់រៀងៗខ្លួន។ មិនប្រាប់ម៉េចនឹងដឹង ថាវាមានលុយចាយតិចយ៉ាងនេះ។ គ្រួសារអាជាមានបងប្អូន៧នាក់ ក្នុងនោះ៦នាក់សុទ្ធតែនៅរៀន ជីវភាពមិនសូវធូរធារទេ ចំណែកគ្រួសារខ្ញុំក៏មិនមែនជាអ្នកមានធំដុំដែរ គ្រាន់តែប្រសើរជាងបន្តិច ព្រោះម្ដាយខ្ញុំជាអ្នកលក់ដូរ ហើយមានបងប្អូនតែ៣នាក់។ ខ្ញុំចាប់ផ្ដើមមានចិត្តអាណិតវាយ៉ាងខ្លាំង ហើយចង់ជួយវា។ ត្រលប់ពីរៀនវិញ ខ្ញុំមានគំនិតមួយដើម្បីរកចំណូលបន្ថែម គឺច្របាច់ដៃជើង ឬក៏ដកសក់ស្កូវឲ្យយាយ ប្ដូរនឹងលុយ៥០០៛ក្នុងមួយថ្ងៃ។ យាយគាត់យល់ព្រម តាមសំណើររបស់ខ្ញុំ ហើយខ្ញុំធ្វើការងារនេះរៀងរាល់ថ្ងៃ តែពេលខ្លះខ្ជិលមួយពេលពីរពេល ក៏យាយនៅតែបើកលុយឲ្យ។
តាំងពីបានចំណូល ពីជំនួញជាមួយយាយខ្លួនឯងមក ខ្ញុំ និងអាជាអង្គុយបាយទល់មុខគ្នារាល់ព្រឹក មុនចូលរៀន។ ទង្វើនេះ ត្រូវបានធ្វើជាប្រចាំរហូតដល់ដាច់ឆ្នាំសិក្សា ហើយក៏ជាពេលដែលខ្ញុំខានបានប៉ាវ អាជា ទៀតដែរ ដោយហេតុថា រៀនវេនខុសគ្នា ស្របពេលជីវភាពគ្រួសាររបស់វា គ្រាន់បើជាងមុនបន្តិច។ យ៉ាងនេះក្ដី ខ្ញុំក៏មិនភ្លេចទម្លាប់ចាស់ដែរ ព្រោះរាល់ថ្ងៃព្រហស្បតិ៍ពួកយើងបានជួបគ្នាពេលពលកម្ម ហូបអីជាមួយគ្នា។ ៩ឆ្នាំលឿនដូចភរ ក្នុងឆ្នាំ២០០៩ អាជា បានបញ្ចប់ជីវិតជាសិស្សត្រឹមថ្នាក់ទី១១ រួចចូលរោងការជាមួយមនុស្សដែលវាពេញចិត្តជាយូរមកហើយ បើទោះជាមិនមានវត្តមានឪពុករបស់វាក្ដី។ ចំណែកខ្ញុំវិញ ចូលដល់ថ្នាក់ទី១២ល្មម ជាពេលត្រូវឡើងជ្រញ់តតាំងដណ្ដើមយកក្រដាសមួយសន្លឹក ដែលមានលុយក៏មិនអាចទិញបាន គឺសញ្ញាប័ត្របាក់ឌុប។ ព្រឹកថ្ងៃទី៣នៃសម័យប្រឡងបាក់ឌុបឆ្នាំ២០០៩ ជាព្រឹកដ៏តានតឹងបំផុតសម្រាប់សិស្សទាំងអស់ ព្រោះចំវិញ្ញាសាគណិតវិទ្យា។ ខ្ញុំ និងមិត្តភក្តិ ស៊េរីពួកមួយអាទិត្យស្គាល់ថ្នាក់២ថ្ងៃ ទូរសព្ទរកកន្លែងជុំគ្នាតាមទម្លាប់ មុនចេញទៅមណ្ឌលប្រលង។ កាលពីយប់ គីឡូមិនដែលចូលរៀនសំងំចាំស្ដាប់ព័ត៌មានបែកវិញ្ញាសា មួយយប់ហើយនៅផ្ទះអាថា ចំណែកខ្ញុំទៅមិនកើតទេ ដោយសារម៉ែឃាត់លែងឲ្យទៅ បន្ទាប់ពីដេកចាំវិញ្ញាសាផ្សេងៗ២យប់កន្លងទៅ តែអត់បានផលអី។
កំពុងរេរង់នៅមុខផ្ទះអាថា ជាមួយអាក្លើ២-៣នាក់ ស្រាប់តែ អាជា ជិះម៉ូតូកាត់មុខ ហើយងាកមកស្រែកដាក់ខ្ញុំ៖«អានេះអញរកហ្អែងនៅផ្ទះអត់ឃើញ។ នៅចាំហ្នឹងហើយ អញមកវិញឥលូវហើយ អញមានវិញ្ញាសាគណិតបែក» ខ្ញុំឮហើយ តែមិនបានយកពាក្យវាទុកក្នុងចិត្តទេ ដោយគិតថា៖ «អញដេកចាំ២យប់ហើយ គ្មានឃើញបែកស្អីមួយផង ហ្អែងទៅរកបានមកពីណា» ម្យ៉ាងទៀត ឮមិត្តភក្តិខ្ញុំនិយាយថា អាជា យកមកលក់ឲ្យពួកវាតាំងពីយប់ម្ល៉េះ តែពួកវាមិនទិញ។ កៀកម៉ោងចូលប្រលង ពួកខ្ញុំក៏ចេញម៉ូតូទៅហូបបាយស្រូបផ្ទះអ៊ុំហយ ក្បែររបងវិទ្យាល័យ។ ទើបញាត់បាយចូលមាត់បាន២ស្លាបព្រា ស្រាប់តែដៃមួយកាន់ក្រដាសរ៉ាមបត់ជា៤មួយដុំ រុលមកកៀនខ្លួនខ្ញុំ ខ្ញុំងាកទៅឃើញ អាជា វាប្រាប់ថា ដាក់ជាប់ខ្លួនទៅធានាត្រូវ៩០ភាគរយ។ ខ្ញុំទទួលពីវា មិនទាំងបានអរគុណផង វាចេញទៅបាត់ទៅ ខណៈក្នុងចិត្តនៅតែមិនជឿទាល់តែសោះ។ ចូលដល់ក្នុងបន្ទប់ប្រលង ខ្ញុំបែកញើសថ្ងាសជោក។ មិនមែនថា វិញ្ញាសាចេញមិនចំចំណុចដែលខ្ញុំចេះទេ គឺខ្ញុំមិនចេះសោះតែម្ដង។ ៣០នាទីដើរទៅផុត ក្រដាសសំណេររបស់ខ្ញុំនៅសស្អាតដដែល គ្មានរំខានដោយស្រមោលទឹកប៊ិចសូម្បីបន្តិច។ ងាកឆ្វេង ងាកស្ដាំ ងាកក្រោយ ឃើញគេឈ្ងោកសរសេរលាន់ ក៏ចាប់ផ្ដើមនឹកដល់ពាក្យឪពុកម្ដាយនិយាយ តាំងពីចូលថ្នាក់ទី៧មកម្ល៉េះ។ «កូនអើយខំរៀនខំសូត្រ គ្មានអ្នកណាជួយបាន ក្រៅពីខ្លួនឯងទេ»។
ខ្ញុំច្របូកច្របល់ដូចយកអារម្មណ៍ទៅដាក់ក្នុងម៉ាស៊ីនទឹកក្រលុក តែគុណបុណ្យជួយ នឹកឃើញដល់ក្រដាសមួយដុំនៅក្នុងហោប៉ៅ ដែល អាជា ហុចឲ្យនៅហាងបាយ។ បង្ហើបថ្នមៗ ភ្នែកវិល៣៦០ដឺក្រេ ដូចដែលអ្នកអានទាំងអស់ធ្លាប់ធ្វើពេលប្រលង ខ្ញុំប្រែទៅជាញ័រសាច់ទទ្រើក។ លំហាត់លេខ១ធំអំពីលីមីត ត្រូវដល់ទៅ២ក្នុងចំណោម លំហាត់តូចៗ៣ ចំណែកអាផ្សេងទៀត ចូលទាំងអស់អត់មានខុសអីមួយខ្ទង់។ ដូចធ្លាប់ដឹងហើយ អ្នកមិនសូវចូលរៀន មិនមែនមានន័យថា ចម្លងយឺត ឯណា។ ត្រឹម៤៥នាទី ខ្ញុំសម្រេចប្រតិបត្តិការឈ្ងោកកត់មិនងើបដោយជោគជ័យ ដូច Copy & Paste ក្នុងកុំព្យូទ័រ។ ចេញពីបន្ទប់ប្រលង ខ្ញុំដើរដូច Morinho ដឹកនាំ Chelsea លើកពាន Premier League ថ្មីៗ។ ប្រលងចប់ ស្អែកឡើងខ្ញុំមកភ្នំពេញភ្លាម ព្រោះមិនទាន់ទុកចិត្តថាមុខវិជ្ជា គណិតវិទ្យា អាចយោង រូប គីមី និងជីវវិទ្យា ដែលខ្ញុំធ្វើមិនបានល្អនោះ រួចឬអត់។ ថ្ងៃចេញលទ្ធផល ម្ដាយខ្ញុំទូរសព្ទមកប្រាប់ថា៖ «មកផ្ទះមក កូនឯងជាប់ហើយ និទ្ទេស D បានជាង៧៥ក្បៀស»។ ខ្ញុំអរស្ទើរហោះ ខ្ញុំមិននឹកស្មានថា ក្រដាសមួយដុំដែលខ្ញុំគិតថាមិនបានការណ៍ ជួយផ្លាស់ប្ដូរជីវិតខ្ញុំបានដូចនេះសោះ។ មកដល់ផ្ទះភ្លាម ខ្ញុំទៅរក អាជា ភ្លាម។ មិនមែនរកធ្វើអីទេ គឺដឹកវាទៅផឹកទាល់ វេរផ្លូវរៀងខ្លួន ជាការតបស្នង។ មកទល់ពេលនេះ អាជា មានកូន៣នាក់ហើយ ប្រុសទាំង៣។ ទៅលេងស្រុកជួបវាម្ដងៗ ខ្ញុំមិនភ្លេចទេរឿងកាហ្វេគុយទាវជាមួយវា តែឥលូវរាងធ្ងន់ជាងមុនបន្តិច ដោយសារបាយស្រូបមួយចាន៧០០៛ លែងមានទៀតហើយ ហាហាហា។ គិតៗទៅ ពាក្យចាស់និយាយមិនសូវខុសទេ ខំធ្វើអំពើល្អឲ្យបានច្រើន មិនយូរមិនឆាប់ អំពើល្អទាំងនោះនឹងត្រលប់មករកយើងវិញ។ ផ្ទុយទៅវិញ ក៏សុំផ្ដាំទៅយុវជនជំនាន់ថ្មីថា ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ កុំរំពឹងលើសំណៅឯកសារ ព្រោះវាជួយយើងបានតែមួយគ្រាប៉ុណ្ណោះ។ ស្របពេលអាស៊ានចាប់ផ្ដើមធ្វើសមាហរណកម្ម ទីផ្សារការងារនឹងកាន់តែចង្អៀត ដែលទាមទារឲ្យយើងមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើខ្ពស់ ទើបអាចប្រជែងនឹងប្រជាជនក្នុងតំបន់បាន។ ចាប់ផ្ដើមធ្វើអំពើល្អពីថ្ងៃនេះ ដើម្បីសង្គមកម្ពុជាពោរពេញដោយសេចក្ដីល្អ។ «អាជា» ឈ្មោះនេះនឹងនៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ដោយ៖ និស្សិតស្រែ
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!