• 2018-08-24 02:37:12
  • ការអប់រំ

និស្សិត​គួរមាន​បីចំណុចនេះជាមូល​ដ្ឋាន​ បើ​ចង់ជាប់​កម្មវិធី​ផ្លាស់​ប្តូរនិស្សិត​ទៅ​សិក្សានៅអឺរ៉ុប​

  • 2018-08-24 02:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មួយ​ចំនួន​ដែល​ជា​ដៃគូរបស់​កម្មវិធី​ផ្ទេរក្រេឌីត​អន្តរជាតិ​ របស់​សហភាព​អឺរ៉ុប​​បើ​ចង់​បានឱកាស​ចូល​រួម​ក្នុង​កម្មវិធី​នេះ​យ៉ាង​ហោចណាស់​ត្រូវ​មាន​មូល​ដ្ឋាន​គ្រឹះ​ចំនួន​បី​សំខាន់។​

(កញ្ញា ហ្វាន លីម៉ី ពេល​ផ្តល់បទសម្ភាសន៍ជាមួយ​ Sabay កាលពីម្សិល​មិញ)

កម្មវិធី​ផ្ទេរ​ក្រេឌីត​អន្តរជាតិ​​ ជា​កម្មវិធី​ផ្លាស់​ប្តូរនិស្សិត​ពី​សាកល​វិទ្យាល័​យ​មួយ​ទៅ​សាលកវិទ្យាល័យ​មួយ​ទៀត​នៅ​អឺរ៉ុប​ក្នុង​កម្មវិធី​ Erasmus។

ចាប់​តាំង​ពី​ឆ្នាំ ២០១៥​មក​កម្មវីធី​ Erasmus+ ក៏​បាន​ផ្តល់​លទ្ធភាព​ឲ្យ​និស្សិត បុគ្គលិកសិក្សា អ្នក​សិក្សា​ស្រាវជ្រាវ​​ទាំងនៅ​កម្ពុជា និង​បណ្តា​ប្រ​ទេស​លើ​ពិភព​លោក​ផ្សេង​ទៀត​បានទៅ​សិក្សា​ ស្រាវជ្រាវ ដក​បទពិសោធន៍​ការងារ​រយៈពេល​ខ្លី​នៅ​អឺរ៉ុប។

ការផ្ទរក្រេឌីត​ជា​លក្ខណៈទ្វេទិសបែប​នេះ ផ្តល់​លទ្ធភាព​ឲ្យ​និស្សិត​បាន​សិក្សា​នៅ​សាលកវិទ្យាល័យ​នៅ អឺរ៉ុប​ក្នុង​រយៈពេល​ពី​៣ទៅ​១២​ខែ និង​ទទួលបាន​ក្រេឌីត​ដែល​មាន​ការ​ទទួល​ស្គាល់​ពីគ្រឹះស្ថាន​ដែល​បញ្ជូនអ្នក​ទាំងនោះ​​ទៅ។

​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​អតីតនិស្សិត និង​បុគ្គលិក​សិក្សា​របស់​កម្មវិធីErasmus កាលពី​ល្ងាច​ម្សិល​មិញ ក​ញ្ញា ហ្វាន លីម៉ី និស្សិត​សាលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា ដែលទើប​ត្រឡប់​មកពី​ប្រ​ទេស​ប៉ូឡូញ​ បាន​ប្រាប់ Sabay ថា​កញ្ញា​បាន​ទៅ​រៀន​នៅសាកល​វិទ្យាល័យ​មួយ​នៅ​ប្រ​ទេស​នេះ​រយៈពេល​៤ខែ។

ការទៅ​សិក្សានេះ​គឺ ស្ថិត​ក្នុង​កម្មវីធី​ផ្ទេរ​ក្រេឌីត​អន្តរជាតិ។ កញ្ញា​បន្ថែម។ នៅពេល​សួរ​ថា​តើ​កញ្ញា​បាន​ទទួល​ព័ត៌​មាន​ពីកម្មវិធីនេះ​តាម​រយៈ​អ្វី? កញ្ញាថា​បាន​ទទួល​ដំណឹង​តាម​រយៈ​ការ​បិទ​ផ្សាយ​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ និង​បាន​ស្វែង​រក​ព័ត៌មាន​បន្ថែម​ដើម្បី​ដាក់​ពាក្យ​ចូល​រួម​កម្មធី​នេះ។

កញ្ញា​ និង​និស្សិត​បួន​នាក់​ផ្សេង​ទៀត​ត្រូវបាន​ជ្រើស​រើស​ឲ្យ​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រ​ទេស​ប៉ូឡូញ។ កញ្ញា ហ្វាន លីម៉ី ឲ្យដឹងថា​ដើម្បី​បាន​ជាប់​ក្នុង​កម្មវិធី​នេះ​ មាន​ចំណុច​បី​សំខាន់​ដែល​និស្សិត​គ្រប់​រូបគួរមាន។

ទី​មួយ​កញ្ញា​ថា​ចំណេះដឹង​ភាសាអង់គ្លេស។ កញ្ញា​បន្តថា​និស្សិត​ដែល​មាន​ចំណេះ​ដឹង​ភាសា​អង់​គ្លេស​អាច​ប្រើ​សម្រាប់​ការ​សិក្សា ស្រាវ​ជ្រាវ​បាន​នឹង​ជាចំណុច​មួយ​ក្នុងការ​ជ្រើស​រើស បើទោះ​ជា​គ្មាន​ពិន្ទុ​IELTS ក៏​ដោយ។ សម្រាប់​កញ្ញា វិញ​កញ្ញាមានពិន្ទុ​នេះនៅ​ក្នុង​ដៃ​ស្រាប់ តែ​ថា​ក៏មាន​អ្នក​​ដែលមិនមាន​ពិន្ទុនេះ​ហើយ​ទទួលបានការ​ជ្រើសរើសដែរ​។

ចំណុច​មួយទៀត​គឺ​ ពិន្ទុGPAរបស់និស្សិត​ផ្ទាល់​តែម្តង ដោយ​ថា​ពិន្ទុ​GPA គួរតែមាន​លើ​ពី​៣.០​ឡើងទៅ ខណៈដែល​កញ្ញា​ថា​កញ្ញា​មាន​ពិន្ទុ​នេះ​៣.៨៣​នៅក្នុងដៃ​ពេល​ដាក់​ពាក្យចូល​កម្មវិធីនេះ។

ចំណុច​ពិសេស​ចុងក្រោយ​មួយទៀត គឺការ​ចូល​រួម​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ងារ​សង្គម​ណាមួយ ក៏​ជាផ្នែក​មួយ​សំខាន់​ក្នុងការ​ពិចារណា​សម្រាប់​កម្មវិធីនេះ​ផង​ដែរ។ ទោះ​ជាបី​ចំណុចនេះ​សំខាន់ តែ​កញ្ញា​ថា​នៅ​មាន​ចំណុច​ផ្សេង​ៗមួយចំនួន​ទៀត​ផងដែរ គ្រាន់តែថាចំណុចទាំងបីនេះ​ជា​អ្វី​ដែល​កញ្ញា​បាន​ដឹង តាម​រយៈបទ​ពិសោធន៍​របស់​កញ្ញា​ផ្ទាល់។

សម្រាប់​លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រ​ចាំកម្ពុជា ថ្លែង​ក្នុង​កម្មវិធី​តាម​រយៈអ្នកបកប្រែថា​កម្មវិធី Erasmusនេះ​ពិត​ជាមាន​សារៈសំខាន់ មិនត្រឹម​តែ​ជា​ការ​ផ្តល់​ចំណេះដឹង​ដល់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​បានទៅ​សិក្សា ស្រាវ​ជ្រាវ​​នៅ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រ​ជា​ពល​រដ្ឋ​សភាព​អឺរ៉ុប​ផងដែរ។

(លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រ​ចាំកម្ពុជា ថ្លែង​ក្នុង​កម្មវិធី​កាលពី​ល្ងាច​ម្សិល​មិញ)

លោក​បន្តថា​ នៅ​ពេល​ប្រ​ទេស​មួយ​និង​ប្រ​ទេស​មួយ​មាន​ទំនាក់​ទំនង​ច្រើន​ប្រ​ភេទ​ជាមួយ​គ្នា​នឹង​ធ្វើឲ្យ​ប្រទេស​ទាំងនោះមានទំនាក់ទំនងនឹងគ្នា​កាន់តែប្រ​សើរ។​​

គួរបញ្ជាក់ថា​កម្មវិធីErasmus នេះ​ចាប់​ផ្តើម​នៅ​កម្ពុជា​កាលពី​ឆ្នាំ២០០៥ និង​រហូត​មក​ដល់​ឆ្នាំ២០១៨​នេះ និស្សិត បុគ្គលិកសិក្សា​បានទទួល​អាហារូបករណ៍ក្នុង​ក្នុង​កម្មវិធី​នេះ​ទាំងរយៈពេលវែង និងខ្លី​មិនតិច​ជាង​៧៨០​នាក់នោះទេ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់