
- 2018-08-24 12:01:00
- ជំនឿ
ដើរទៅស្រែរំលងអាធ្រាត្រ ជួបខ្មោចតា សឹម
- 2018-08-24 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរទៅស្រែរំលងអាធ្រាត្រ ជួបខ្មោចតា សឹម
ចន្លោះមិនឃើញ
ផុតពីរឿងដើរ រាំវង់យប់ ដែលខ្ញុំចែករំលែកកាលពីពេលមុន។ ថ្ងៃនេះ ខ្ញុំ សុខុម ចែករឿងខ្មោចលងនៅវាលស្រែម្ដង។ ដូចខ្ញុំធ្លាប់ប្រាប់ ខ្ញុំមិនចេះខ្លាចខ្មោចទេ ប៉ុន្តែទៅណាក៏ដោយជួបតែខ្មោចដែរពេល ចាស់ៗនិយាយថា ដោយសារខ្ញុំនេះ មានក្រយៅខ្មោចលង។ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំមិនដឹងថា អាក្រយៅចង្រៃឆ្កួតយ៎នោះ នៅកន្លែងមួយនៃរាងកាយខ្ញុំទេ។ សាច់រឿងរបស់ខ្ញុំមានដូចតទៅ៖
ថ្ងៃមួយនារដូវវស្សាចូលមកដល់ ជាពេលដែលប្រជាកសិករខ្មែរចាប់ផ្ដើមធ្វើស្រែចម្ការ នៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺពុកបានហៅខ្ញុំឱ្យទៅស្រែជាមួយ គាត់ដើម្បីដើរទប់ទឹកនៅតាមភ្លឺស្រែ។ យប់ងងឹតឈឹងពុកទឹមគោចេញទៅស្រែ ខ្ញុំដើរតាមក្រោយ ហើយពេលនោះក៏មានភ្លៀងរលឹមស្រិចៗផង ផ្សំនឹងផ្គររន្ទៈផូងផាំងផង។
ខ្ញុំចេះតែនឹកក្នុងចិត្តថា កំពុងតែដេកលក់ស្រួលផងពុកអ្ហើយ ពុកចេះដាស់ខ្ញុំមកទាំងភ្លៀងអីចឹងកើត។ តោះ ចិត្តមិនចង់ ក៏មិនហ៊ានតវ៉ាដែរ ព្រោះពុកខ្ញុំកាច និងមិនសូវនិយាយច្រើនទេ។ ឪពុករបស់ខ្ញុំគាត់ក្រោកពីយប់បែបនេះព្រោះស្រែដែលត្រូវទៅ ភ្ជួរនោះនៅឆ្ងាយពីផ្ទះជាង១០គីឡូម៉ែត្រឯណោះ ណាមួយធ្វើដំណើរដោយថ្មើរជើងទៀត។
ដើរបានតែមួយសន្ទុះ ដូចជាភ្លេចខ្លួន ក៏បាត់ឪពុកឈឹង ខ្ញុំគិតថាប្រហែលជាគាត់ទឹមគោទៅមុនបាត់ហើយមើលទៅក៏បន្ត ដំណើរទៅមុខទៀតដែរ។ ភ្លៀងរលឹមបានរាំងទៅវិញ ប៉ុន្តែខ្យល់បានបោកបក់ជាខ្លាំងអមដោយសំឡេងឆ្កែលូចេញពីផ្ទះ របស់អ្នកភូមិ។ ផ្លូវដែលខ្ញុំធ្វើដំណើរនោះគ្មានមនុស្សណាទាន់ចេញពីភូមិទេ ណាមួយនៅតាមដងផ្លូវសុទ្ធតែព្រៃព័ទ្ធជុំវិញ។
មួយសន្ទុះក្រោយមក មានបុរសម្នាក់ពាក់អាវខ្មៅ ខោខ្មៅបានដើរតាមពីក្រោយប្រហែលជា១០ម៉ែត្រ។ ខ្ញុំមើលមិនច្បាស់ថាជាអ្នកណាទេព្រោះយប់ងងឹត តែខ្ញុំគិតថារូបរាងដូចឪពុករបស់ខ្ញុំ។ឃើញដូច្នេះ ខ្ញុំក៏បានស្រែកថា “អ្ហាក! ពុកម៉េចបានដើរតាមពីក្រោយខ្ញុំទៅវិញ ក្រែងមិញពុកទឹមគោទៅមុនខ្ញុំបាត់ហើយតាអី ចុះឯណាគោរបស់យើងពុក!”។
ទោះជាខ្ញុំសួរយ៉ាងណាក៏បុរសដែលខ្ញុំហៅថាពុកនោះមិនបានឆ្លើយ តបទេ ហើយតែងដើរតាមពីក្រោយមិនព្រមដើរមុខខ្ញុំសោះទេ។ ខ្ញុំចេះតែដើរទៅមុខរហូតដោយមិនងាកក្រោយឡើយ។ រឿងដែលចម្លែកសម្រាប់ខ្ញុំនៅពេលដល់ស្រែឪពុករបស់ខ្ញុំបានភ្ជួរ រាស់ដីស្រែបានប្រមាណជា៥ទៅ៦ជុំទៅរួចហើយ ខ្ញុំបានស្រែកសួរឪពុកខ្ញុំថា “ពុក…ពុកឯងមកដល់ស្រែតាំងពីពេលណា?”។
ពុករបស់ខ្ញុំបានឆ្លើយ ថា “ពុកមកដល់ជាងកន្លះម៉ោងហើយ ឯងនៅឯណាម៉េចបានដើរយឺតម្ល៉េះ”។ ខ្ញុំតបថា “ចុះអ្នកណាគេដើរពីក្រោយខ្ញុំមិញ មិនមែនពុកទេ?”។ ពុកខ្ញុំបានតបវិញថា “ឆ្កួត...អាណាដើរពីក្រោយអ្ហែង ទៅៗ…កុំឆ្កួត...ទៅទប់ភ្លឺស្រែទៅ”។ ខ្ញុំបានយកដៃអេះក្បាល ហើយនៅតែមិនអស់ចិត្តចំពោះហេតុការណ៍កើតឡើង។
លុះព្រឹកឡើង ពុកខ្ញុំប្រាប់ថា ប្រហែលជាតា សឹម លងខ្ញុំហើយ ព្រោះតា សឹម បានក្រឡាប់រទេះគោសង្កត់ឈ្លក់ទឹកស្លាប់នៅកន្លែងនោះ។ ពុកគាត់ថា ភ្លាមៗគាត់មិនប្រាប់ ព្រោះបារម្ភខ្ញុំខ្លាច ឬភ័យ...តាំងពីពេលនោះមក ពុកមិនដែលដាស់ខ្ញុំទៅស្រែទេ ដោយសុខចិត្តទៅតែម្នាក់ឯងរហូត៕