
- 2018-08-27 12:01:00
- ចរាចរណ៍
អស់សំណើច អា ចិន ពួកម៉ាកខ្ញុំ រៀនជិះម៉ូតូលើកដំបូង លឺតែ "អាសិត ជួយអញផងៗ!”
- 2018-08-27 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់សំណើច អា ចិន ពួកម៉ាកខ្ញុំ រៀនជិះម៉ូតូលើកដំបូង លឺតែ "អាសិត ជួយអញផងៗ!”
ចន្លោះមិនឃើញ
ចាប់ផ្ដើមសប្ដាហ៍ថ្មី នាំគ្នាងាកចេញពីរឿងខ្មោចធ្វើឲ្យព្រឺព្រួច ថ្ងៃនេះ មាតិកា "នឹកឡើងហួសចិត្ត" នាំប្រិយមិត្តទៅរកអនុស្សាវរីយ៍រៀនជិះម៉ូតូរបស់លោកម្នាក់ទាំងអស់គ្នា...!
ជម្រាបសួរប្រិយមិត្តទំព័រ "នឹកឡើងហួសចិត្ត" ខ្ញុំបាទឈ្មោះ សម្បត្តិ រស់នៅខេត្តក្រចេះ។ ខ្ញុំមានរឿងមួយរបស់មិត្តភ័ក្ដិខ្ញុំទេ វាឈ្មោះអា ចិន រស់នៅក្នុងភូមិស្រុកជាមួយគ្នា។ អា ចិន ជាកូនអ្នកធូធារមួយរូប វាមានម៉ូតូជិះទៅរៀន តាំងពីគ្រូៗភាគច្រើននៅជិះកង់នៅឡើយ។ ប៉ុន្តែមុននឹងចេះជិះ មានរឿងអស់សំណើចមួយ អំឡុងពេលវារៀនជិះម៉ូតូនេះ។
ខ្ញុំដូចជាភ្លេចឆ្នាំទៅហើយ ដឹងតែយូរហើយ...កាលនោះ អា ចិន វាចង់បានម៉ូតូ ក៏រំអុកម្ដាយវា ទារទិញម៉ូតូ។ ប៉ុន្តែម្ដាយវា មិនព្រមដោយសារវា កាលណោះមិនទាន់ចេះជិះ ខ្លាចមានគ្រោះថ្នាក់។ ទោះបែបនេះ អាចិន វាមិនបោះបង់មហិច្ឆតាវាទេ ដូច្នេះវាបានទៅលួចរៀនជិះម៉ូតូ។
ថ្ងៃមួយ នៅតុបុកប៊ីយែផ្ទះមីង ថេត អា ចិន បានមកសុំសោរម៉ូតូពូវាដែលកំពុងជាប់បុកប៊ីយែ ម៉ាកអាសង់កូរ៉េទៅរៀនជិះ។ "ពូសុំសោរម៉ូតូតិចម៉ោ!” “អ្ហែងយកធ្វើអីអាចិន" “រៀនជិះពូ...ម៉ែអត់ទិញម៉ូតូឲ្យទេ បើអត់ទាន់ចេះជិះ"។ "មិនកើតដឹងអាចិន...!” “កើត...ជឿទៅពូ...ខ្ញុំថាមិនអី គឺមិនអីហើយ!"។ ដោយខ្ជិលតវ៉ាជាមួយអាក្មួយច្រើន ពូរបស់វាក៏ព្រមអោយ ព្រោះតែជាប់ដៃផង។
អាចិន បានសោ គេឡើងលើកែបម៉ូតូភ្លែត...បញ្ឆេះទ្រុល...ប្រែនទៅបាត់...គ្មាននរណាចាប់អារម្មណ៍ហ្នឹងវាទេ ព្រោះកំពុងតែផ្តោតលើការបុកប៊ីយែ។ បន្តិចក្រោយមក លឺសន្ធឹកម៉ូតូវាមកវិញ... “អាសិត...អាសិត...ជួយអញផង"។ លឺតែសំឡេងប៉ុណ្ណឹង ម៉ូតូក៏ហួសទៅបាត់។ មិនយូរប៉ុន្មានវាមកវិញទៀតហើយ។ "អាសិត...អាសិត...ជួយ...ជួយ...!"។ ម៉ូតូក៏ទៅបាត់ទៀត អ្នកនៅក្នុងរោងបុកប៊ីយែក្រោមសំយាបផ្ទះ មីង ថេត មិនចាប់អារម្មណ៍ទេ ព្រោះស្មានតែវាធ្វើលេង។
មួយសន្ទុះសំឡេងក៏មកវិញម្ដងទៀត "ថាជួយអញផង...ជួយ...ជួយ!” ប្រោក...អាចិន វាលេងផ្ទះបាយមីង ថេត ដែលកំពុងដាំស្ល ខ្ទេច...!។ អាចិន មិនរបួសអីធ្ងន់ទេ រលាត់ដៃជើងតិចតួច ដោយសាររោងបាយធ្វើពីជញ្ជាំងស្លឹក និងស្ទើរពុកផុយទៅហើយ គ្រាន់តែមីង ថេត ឯណោះ អស់សម្លរកកូរមួយឆ្នាំង។
អាចិន ងើបចេញមកវិញ មុខឡើងស្លេក វាថា ម៉ូតូចេះតែលឿនទៅ វាភ័យខ្លាំង មិនដឹងថាបញ្ឈប់យ៉ាងម៉េច ទើបបត់ចុះបត់ឡើងហៅគេជួយពេញតែភូមិ រកកល់ចង់ដួរ២-៣ដងហើយ ចុងក្រោយចេះបានផ្ទះបាយមីង ថេត ជួយ...ហាសហា ។ ខ្ញុំអត់ភ័យនឹងអាចិន ទេ គិតតែពីសើច ព្រោះអស់សំណើចទប់មិនជាប់...។ ចុងក្រោយ ម៉ែអាចិន ចំណាយអស់ ៦០ម៉ឺនរៀលសម្រាប់ផ្ទះបាយ និងសម្លរកកូរមីង ថេត មួយឆ្នាំង៕
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!
ទស្សនាវីដេអូ ពីបទពិសោធន៍រៀនជិះម៉ូតូដំបូងៗនានាលើពិភពលោក!