- 2018-09-05 07:29:34
- ការអប់រំ
ល្អខ្លាំង! សិស្សថ្នាក់ទី១១ ឡើង១២ ក៏អាចស្នើសុំអាហារូបករណ៍ទៅរៀនចិនបានដែរ
- 2018-09-05 07:29:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អខ្លាំង! សិស្សថ្នាក់ទី១១ ឡើង១២ ក៏អាចស្នើសុំអាហារូបករណ៍ទៅរៀនចិនបានដែរ
ចន្លោះមិនឃើញ
យុវជន ឆិល ភីរុន គឺជាអតីតនិស្សិតអាហារូបករណ៍សិក្សានៅប្រទេសចិន និងទើបបានវិលមកកាន់មាតុប្រទេសវិញកាលពីពេលថ្មីៗនេះ បានបង្ហើបឱ្យដឹងថា សិស្សរៀនថ្នាក់ទី ១១ និងទី១២ ក៏អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ពីរដ្ឋាភិបាលចិនថ្នាក់បរិញ្ញាបត្របានដែរ។
អតីតនិស្សិត នៃសាកលវិទ្យាល័យ Beijing university of Technology រូបនេះបានចែករំលែកបទពិសោធន៍ថា ដើម្បីកុំឱ្យខាតពេលវេលា បេក្ខជនជាសិស្សរៀនចប់ថ្នាក់ទី១១ ចូលថ្នាក់ទី១២ នៅឆ្នាំសិក្សាថ្មី គួរត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនដោយជ្រើសរើសជំនាញណាមួយ ដែលខ្លួនពេញចិត្ត។ មូលហេតុតម្រូវឱ្យត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍មុន ដោយសារកុំឱ្យខាតឆ្នាំ ព្រោះកាលបរិច្ឆេទទទួលពាក្យ តែងចាប់ផ្ដើមចន្លោះពីចុងខែវិច្ឆិកា រហូតដល់ខែមីនា។ ដូច្នេះទម្រាំដឹងលទ្ធផលជាប់អាហារូបករណ៍ បេក្ខជនអាចប្រលងបាក់ឌុប ជាប់ល្មម។ “អញ្ចឹងដំណឹងអាហារូបករណ៍ នេះ ខ្ញុំប្រាប់ឱ្យបេក្ខជនដែលចាប់អារម្មណ៍អាចត្រៀម ព្រោះអាហារូបករណ៍ហ្នឹងមិនមែនដាក់ភ្លាមបានភ្លាមទេ និយាយទៅរង់ចាំយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ។ ឧទាហរណ៍ថា អ្នករៀនថ្នាក់ទី១២ ចង់ចេញទៅរៀននៅបរទេសពេលគាត់ប្រលងជាប់បាក់ឌុបភ្លាម ទាល់តែគាត់រៀបចំពីដើមឆ្នាំ ដែលគាត់កំពុងរៀនទី១២ ហ្នឹង រហូតដល់ចុងឆ្នាំ ដល់ពេលវេលា ដែលគាត់ត្រូវប្រលងបាក់ឌុបហ្នឹង គឺដល់ពេលដែលគាត់ត្រូវចូលរៀននៅប្រទេសចិនហើយ។ អញ្ចឹង គឺគេចេញឈ្មោះជាប់ ឬធ្លាក់ពេលហ្នឹងហើយ”។
ក្រោមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់ យុវជន ឆិល ភីរុន ឱ្យដឹងទៀតថា ការផ្តល់អាហារូបករណ៍នេះមិនតម្រូវឱ្យបេក្ខ ប្រលងប្រជែង ឬតេស្តសមត្ថភាពនោះទេ នៅប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែភាគច្រើនផ្ដោតលើជំនាញបច្ចេកទេស។ បេក្ខជនអាចដាក់ស្នើសុំអាហារូបករណ៍ទៅកាន់សាកលវិទ្យាល័យដែលខ្លួនពេញចិត្តរៀនតែម្តង ខណៈការស្នើសុំអាហារូបករណ៍ត្រូវ រៀបចំប្រវត្តិការសិក្សាឲ្យបានល្អ។
ទី១ ត្រូវបញ្ជាក់ប្រតិបត្តិពិន្ទុ ក្នុងឆ្នាំសិក្សាថ្នាក់ទី១០ និងទី១១ បន្ទាប់មកស្នើនាយកសាលាបញ្ជាក់ថា បេក្ខជនស្នើសុំអាហារូបករណ៍ ត្រូវប្រលងបាក់ឌុបនៅពេលណាឬថ្ងៃណា ដើម្បីជំនួសឱ្យសញ្ញាបត្របាក់ឌុប។
ទី២ បើសិនបេក្ខជនធ្លាប់ដាក់ពាក្យប្រលងសិស្សពូកែ ឬធ្លាប់មានស្នាដៃល្អៗ ក្នុងការងារសង្គម អាចដាក់អមជាមួយគ្នាបាន ដើម្បីជាការគាំទ្រនូវអ្វី ដែលជាសកម្មភាពរបស់យើងកន្លងមក។
ទី៣ ឯកសារបញ្ជាក់សុខភាព។
ទី៤ គម្រោងសិក្សា (study plane) ត្រូវមានការបញ្ជាក់ពីគោលបំណងឱ្យបានច្បាស់លាស់។
ទី៥ បើបេក្ខជនដាក់ពាក្យមានអាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ចាំបាច់ត្រូវរកអ្នកធានានៅប្រទេសចិន ជាអ្នកធ្វើការងារ និងមានប្រាក់ចំណូលមួយច្បាស់លាស់ ដោយមិនកំណត់ជាជនជាតិខ្មែរ ឬជនជាតិចិននោះទេ ដើម្បីងាយស្រួលស្វែងយល់ពីអត្តសញ្ញាណច្បាស់លាស់។
ទី៦ សេចក្ដីគាំទ្រពីលោកគ្រូ-អ្នកគ្រូចំនួនពីររូប បញ្ជាក់ពីអត្តចរិក។
ទី៧ គឺលិខិតឆ្លងដែន ព្រោះនៅក្នុងពាក្យស្នើសុំអាហារូបករណ៍តម្រូវឱ្យមានលិខិតឆ្លងដែន។ គ្រប់ឯកសារទាំងអស់ត្រូវបកប្រែជាភាសាអង់គ្លេស និងមានភ្ជាប់ត្រា។ ដើម្បីមានភាពងាយស្រួល និងអាចទុកចិត្តបានឯកសារទាំងអស់អាចឱ្យក្រសួងការបរទេសបកប្រែឱ្យ តែអាចចំណាយខ្ពស់បន្តិច។
បេក្ខជនជាប់អាហារូបករណ៍ត្រូវបានរ៉ាប់រងលើការស្នាក់នៅ ការហូបចុកប្រចាំថ្ងៃ និងមិនចាំបាច់ចំណាយអ្វីទាំងអស់លើកលែងតែសំបុត្រយន្តហោះ។ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រប្រមាណ ២ ៥០០ យ័ន្ត ខណៈថ្នាក់អនុបណ្ឌិត ៣ ០០០យ័ន្ត និងថ្នាក់បណ្ឌិត ៣ ៥០០យ័ន្ត ។ នេះបើតាមយុវជន ឆិល ភីរុន។
“អញ្ចឹងប្រាក់ឧបត្ថម្ភនេះគ្រប់គ្រាន់សម្រាប់ការហូបចុកប្រចាំថ្ងៃ ព្រោះថាទឹកភ្លើង កន្លែងស្នាក់នៅអីហ្នឹងគឺគេចេញអស់ហើយ។ម្យ៉ាងតម្លៃទំនិញទៀតសោតក៏សមល្មម កម្រនឹងឡើងចុះណាស់”។
យុវជន ភីរុន ឱ្យដឹងទៀតថា បេក្ខជនត្រូវចំណាយពេល៥ឆ្នាំ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពោលគឺឆ្នាំទី១ ត្រូវរៀនភាសាត្រៀម(ខាងរដ្ឋាភិបាលជាអ្នកកំណត់សាកលវិទ្យាល័យដើម្បីរៀនភាសា) និងឆ្នាំទី២ ទៅគឺសិក្សាជំនាញជាភាសាចិន(សាកលវិទ្យាល័យដែលបេក្ខជនស្នើសុំ)។
អតីតនិស្សិតទើបបញ្ចប់ការសិក្សាពីក្រុងប៉េកាំង លើជំនាញសំណង់ស៊ីវិលរូបនេះបានចែករំលែកបទពិសោធន៍ទៀតថា ការសិក្សានៅស្រុកខ្មែរ គឺជាគ្រឹះ និងមូលដ្ឋានមួយ ដែលអាចឆក់យកឱកាសទៅសិក្សានៅបរទេស ជាពិសេសនៅប្រទេសចិន ខណៈការសិក្សានៅទីនោះត្រូវទាមទារនូវការខិតខំប្រឹងប្រែងរៀនសូត្រ ទាំងភាសា និងជំនាញ។ ការបង្រៀនទ្រឹស្ដីមិនសូវមានប៉ុន្មានឡើយ។ ប៉ុន្តែការអនុវត្តមានច្រើន។
ក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន យុវជនត្រូវស្វែងយល់ និងសិក្សាអ្វីដែលថ្មីនៅខាងក្រៅសាលាផងដែរ ជាពិសេសទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបរ និងការរៀបចំនូវហេដ្ឋារចនាសម្ពន្ធផ្សេងៗ។
ភីរុន ចង់ឃើញកូនខ្មែរមានឱកាសទៅសិក្សានៅបរទេសកាន់តែច្រើនថ្នាក់បរិញ្ញាបត្រ ពិសេសនៅស្រុកចិន ព្រោះថ្នាក់បរិញ្ញាបត្រក៏ជាគ្រឹះដ៏សំខាន់។ បើគ្រឹះថ្នាក់បរិញ្ញាបត្រខ្សោយ គឺយើងខ្សោយហើយ បើថ្នាក់បរិញ្ញាបត្រខ្លាំងគឺយើងមានគ្រឹះរឹងមាំ។
ទោះជាយ៉ាងណា ភីរុន បានលើកទឹកចិត្ត និងណែនាំឱ្យបេក្ខជនអាហារូបករណ៍គួរជ្រើសរើសរៀន នៅសាកលវិទ្យាល័យនៅទីក្រុង ជាជាងរៀននៅសាកលវិទ្យាល័យតាមជនបទ ព្រោះនៅទីក្រុងយុវជនអាចស្វែងយល់ពីអ្វីថ្មីៗ និងមានសេវាសង្គមល្អជាង។
ការសិក្សានៅប្រទេសចិន ក្រៅពីទទួលបានជំនាញ និងភាសា យុវជនក៏អាចចេះនូវបំណិនជីវិតពិសេសការរៀនរស់ និងការលុតដុំខ្លួនឯងផងដែរ។ ឧបសគ្គ និងការលំបាកទាំងឡាយត្រូវតែជម្នះឱ្យបាន៕
ចង់ដឹងព័ត៌មានអាហារូបករណ៍ទៅចិន ចុចត្រង់នេះ
រូបភាព៖ ផ្ដល់ឲ្យ