- 2018-10-30 02:22:25
- ការអប់រំ
និស្សិតកម្ពុជាមួយក្រុមឈ្នះមេដាយមាស នៅប្រទេសជប៉ុន លើគម្រោងរបកគំហើញថ្មីមួយ
- 2018-10-30 02:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតកម្ពុជាមួយក្រុមឈ្នះមេដាយមាស នៅប្រទេសជប៉ុន លើគម្រោងរបកគំហើញថ្មីមួយ
ចន្លោះមិនឃើញ
ការប្រកួតប្រជែងរបកគំហើញបច្ចេកវិទ្យាព័ត៌មានជាមួយនឹងការបង្កើតថ្មី និងភាពច្នៃប្រឌិតខាងផ្នែកវិទ្យាសាស្រ្តវ័យក្មេង ឬ “International Young Innovators Summit 2018” ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង តូក្យូប្រទេសជប៉ុនកាលពីថ្ងៃទី ១០ ខែតុលាកន្លងមក គឺជាព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យបំផុតប្រចាំឆ្នាំ។ តែអ្វីកាន់តែរីករាយបំផុត គឺស្នាដៃនិស្សិតកម្ពុជាមួយក្រុម ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបានទទួលមេដាយមាសលំដាប់អន្តរជាតិឈ្មោះថា “Most Creative Innovation” លើគម្រោងផលិតកង្ហារវិលបាន ៣៦០ដឺក្រេឬ “NU Eco Smart Fan” ។
កញ្ញា ហេង សុវណ្ណមុនីនុត និងយុវជន សៀក ពិសិដ្ឋ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យន័រតុន គឺជាម្ចាស់ជយលាភីខាងលើ ខណៈសាស្ត្រាចារ្យចំនួន ៣ រូប រួមមានលោកសាស្ត្រាចារ្យ ឈឿង រចនា លោកសាស្ត្រាចារ្យ ព្រុំ លោកសាស្ត្រាចារ្យ ចាន់សាមឺឌី និងលោកសាស្ត្រាចារ្យ លុយ មិថុនា បានដឹកនាំចូលរួមកម្មវិធីប្រកួតប្រជែងនេះផ្ទាល់តែម្ដង ដល់ប្រទេសជប៉ុន។
លោកសាស្ត្រាចារ្យ លុយ មិថុនា បានឱ្យដឹងថា នេះគឺជាមោទកភាពមួយសម្រាប់យុវជនកម្ពុជា ដែលមានស្នាដៃច្នៃប្រឌិត រហូតទទួលបានពានរង្វាន់ពីប្រទេសជប៉ុន។ កម្មវិធីនេះមានការចូលរួមពី៩ប្រទេសគឺ ប្រទេសឥណ្ឌា បង់ក្លាដេស ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ស៊ីមបាវេ កាហ្សាស្ទាន និងកម្ពុជា។ លោកថា មិនចំពោះនិស្សិតស្រី ឬប្រុសនោះទេ ឱ្យតែមានការខិតខំប្រឹងប្រែង គឺច្បាស់ណាស់នឹងបានទទួលជោគជ័យត្រលប់មកវិញ។ លោកបានថ្លែងអំណរគុណដល់សកលវិទ្យាធិការសាកលវិទ្យាល័យន័រតុន ដែលតែងគាំទ្រ ដល់និស្សិតមានសមត្ថភាពទៅប្រកួតនៅក្រៅប្រទេស។
គម្រោង “NU Eco Smart Fan” គឺផ្ដោតលើរបកគំហើញថ្មី ទៅលើការផលិតកង្ហារ ដែលអាចវិលបានមួយជុំ ពោលគឺ ៣៦០ដឺក្រេ ខណៈកង្ហារធម្មតាអាចវិលបាន ១៨០ដឺក្រេប៉ុណ្ណោះ។ បន្ថែមលើបច្ចេកវិទ្យាថ្មី ឬ “NU Eco Smart Fan” នេះ ក៏មានបន្ថែមមុខងារដូចជា Temperature Mode ដែលអាចវិលខ្លាំង ឬខ្សោយអាស្រ័យលើអាកាសធាតុ តាមរយៈការភ្ជាប់នឹងប្រព័ន្ធ Sensor រួមទៅនឹងមុខងារ Auto Function ជាច្រើនទៀត៕
រូបភាព៖ ផ្ដល់ឲ្យ