• 2018-12-03 03:11:45
  • ស្នេហា

៦យ៉ាងប្រុសៗ គួរធ្វើឲ្យអស់តាមចិត្តខ្លួនឯងសិន ចាំគិតគូររឿងរកប្រពន្ធ

  • 2018-12-03 03:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ មាន​ការ​រៀបចំ​ផែនការ​ជីវិត​ផ្សេងៗ​ពី​គ្នា អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​ពួក​គេ។ អ្នក​ខ្លះ​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន ទាំង​មិន​អស់​ចិត្ត ព្រោះ​ដោយ​សារ​ហេតុផល​ណា​មួយ​បង្ខំ​ឲ្យ​ជ្រើស​រើស ជួន​កាល​ក៏​ជ្រើសរើស​ដោយ​ពេញ​ចិត្ត តែ​ក្រោយ​រៀបការ​ហើយ មាន​អ្នក​ខ្លះ​ស្រណោះ​ជីវិត​កាល​នៅ​លីវ មិន​បាន​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង។ ខាង​ក្រោម​នេះ ជា​គំនិត​មួយ​ជ្រុង​អំពី​រឿង​មួយ​ចំនួន​ប្រុសៗ គួរ​ធ្វើ​ឲ្យ​អស់​ចិត្ត​សិន ចាំ​រៀបការ៖

រូបតំណាង

១. បើ​ចិត្ត​នៅ​ស្រលាញ់​រឿង​រៀន​ត្រូវ​រៀន​បន្ថែម​ទៀត

បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ មាន​ការងារ​ធ្វើ គឺ​តែង​តែត្រូវ​បាន​ឪពុក​ម្ដាយ​សួរ «កាល​ណា​បាន​កូន​គិត​ចង់​យក​ប្រពន្ធ»? តែ​ប្រសិន​បើ​ក្នុង​ចិត្ត​នៅ​ចង់​រៀន​បន្ត​ដូចជា​ថ្នាក់​អនុបណ្ឌិត បណ្ឌិត ឬ​ជំនាញ​អ្វី​ផ្សេងៗ​ក៏​រៀន​ឲ្យ​ចប់​សិន​ទៅ។ ព្រោះ​ថា ពេល​មាន​ប្រពន្ធ​ មាន​កូន ទោះ​ជា​ចង់​រៀន​ក៏​ពិបាក​លៃលក​ពេល ម្យ៉ាង​ទៀត​លុយ​កាក់​ក៏​ត្រូវ​សន្សំ​ទក ដើម្បី​កូន ឬ​ប្រពន្ធ ជួន​កាល​លែង​មាន​ឱកាស​បំពេញ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង។

២. ប្រើ​សមត្ថភាព​សាក​ល្បង​ការងារ​ឲ្យ​បាន​ច្រើន រហូត​រក​កន្លែង​មួយ​ដែល​គិត​ថា​ស័ក្ដិសម

ពេល​ជីវិត​យើង​នៅ​លីវ មាន​តែ​ខ្លួន​មួយ គ្មាន​អី​ត្រូវ​ខ្វល់​រឿង​ចិញ្ចឹម​កូន​ក្រមុំ​គេ។ ដូច្នេះ​យើង​ចង់​ដូរ​ការងារ​ប៉ុន្មាន​ដង​ក៏​មិន​អី ទោះ​ជា​ធ្លាក់​ប្រាក់​ចំណូល​ក៏​មាន​តែ​ខ្លួន​មួយ បែប​នេះ​ហើយ​ទើប​យើង​មាន​ឱកាស​ច្រើន ក្នុង​ការ​ប្រឡូក​រឿង​ជីវិត​ការងារ​ឲ្យ​អស់​ចិត្ត រហូត​ទទួល​បាន​តំណែង និង​ប្រាក់​ខែ​មួយ​ដែល​យើង​គិត​ថា​ស័ក្ដិសម។ ពេល​នោះ យើង​អាច​មាន​លំនឹង ចង់​បាន​បង្កើត​គ្រួសារ​មួយ មិន​សូវ​ព្រួយ​បារម្ភ​ពី​រឿង​ការងារ និង​ប្រាក់​ចំណូល។

រូបតំណាង

៣. ប្រើ​ជីវិត​នៅ​លីវ​ជាមួយ​មិត្ត​ភក្ដិ​ល្អៗ សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា​ឲ្យ​អស់​ចិត្ត​សិន

ត្រូវ​ដឹង​ថា ពេល​រៀប​ការ មិត្ត​ភាព​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ ម្នាក់​ៗ​ត្រូវ​ខិតខំ ដើម្បី​ប្រពន្ធ​កូន​រៀង​ខ្លួន​។ ដូច្នេះ​មាន​តែ​ពេល​ជីវិត​នៅ​លីវ ពេល​នៅ​សិក្សា​ជាមួយ​គ្នា​នេះ​ហើយ ជា​ពេល​វេលា​ដ៏​ល្អ​បំផុត ដើម្បី​សាង​រឿង​ល្អៗ​ជាមួយ​គ្នា។ ប្រសិន​បើ​មិន​ទាន់​ដាច់​ចិត្ត​ពី​មិត្ត​ភក្ដិ នៅ​ស្ដាយ​ភាព​សប្បាយ​រីករាយ​នៅ​ឡើយ កុំ​ទាន់​ដាក់​សម្ពាធ​ខ្លួន​ឯង​ទៅ​រក​ប្រពន្ធ គួរ​ធ្វើ​តាម​បេះ​ដូង និង​ចិត្ត​សិន រហូត​គិត​ថា​ដល់​ពេល​វេលា​ស័ក្ដិសម នោះ​ចាំ​គិត​គូរ​ពី​ជីវិត​គ្រួសារ។

៤. ធ្វើ​ដំណើរ​កម្សាន្ត​កន្លែង​ដែល​ខ្លួន​ឯង​ប្រាថ្នា​ឲ្យ​អស់​ទៅ

ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ជីវិត​នៅ​លីវ និង​មាន​គ្រួសារ​គឺ​មាន​លក្ខណៈ​ខុសគ្នា ហើយ​ភាព​សប្បាយ​រីករាយ​ក៏​មាន​ផ្សេង​គ្នា។ ទាន់​នៅ​មាន​ក្មេង ពេល​មាន​លុយ ចង់​ទៅ​ណា​ក៏​ទៅ​ចុះ តាម​ក្ដី​ប្រាថ្នា ផ្ដល់​សុភមង្គល​ឲ្យ​ខ្លួន​ឯង​ បង្កើត​ការ​ចងចាំ​ល្អៗ ធ្វើ​ឲ្យ​ជីវិត​នៅ​ម្នាក់​ឯង​ពោរពេញ​ដោយ​ស្នាម​ញញឹម និង​ក្ដី​សុខ។ ដូច​នេះ ទោះ​ជា​យើង​បញ្ចប់​ភាព​នៅ​លីវ ក៏​មិន​ស្ដាយ​ក្រោយ​នឹង​ជីវិត​កាល​យើង​នៅ​ម្នាក់​ឯង ហើយ​យើង​ងាក​មក​សាង​រឿង​ថ្មី​មួយ​បែប​ផ្សេង​ទៀត ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

រូបតំណាង

៥. ទិញ​របស់​ដែល​ចាំបាច់ និង​អ្វី​ដែល​គិត​ថា​សំខាន់​សម្រាប់​ខ្លួន​ឯង​ឲ្យ​អស់​ចិត្ត

របស់​ដែល​គិត​ថា​សំខាន់​សម្រាប់​ខ្លួន​ឯង មិន​ថា​រថយន្ត ម៉ូតូ ឡាន ទូរសព្ទ​ទំនើប និង​សម្ភារៈ​ផ្សេង​ទៀត ប្រសិន​បើ​ចង់​បាន គឺ​មាន​តែ​ជីវិត​នៅ​លីវ​នេះ​ហើយ ជា​​ឱកាស​ដ៏​ល្អ​បំផុត។ ត្រូវ​ចាំ​ថា​ពេល​រៀបការ​ហើយ ទោះ​ជា​យើង​មាន​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ពិត​មែន មិន​មែន​មានន័យ​ថា​ចង់​អី​ស្រេច​តែ​ចិត្ត​ឡើយ គឺ​ត្រូវ​ពិភាក្សា​ជាមួយ​ភរិយា​សិន ជួន​កាល​របស់​នោះ​អាច​មិន​បាន​ទិញ បើ​ម្នាក់​ទៀត​មិន​ឯកភាព។

៦. ជួយ​ដល់​គ្រួសារ​សិន​បើ​មាន​លទ្ធភាព

ពេល​រៀបការ​ហើយ មិន​មែន​មាន​តែ​ឪពុក​ម្ដាយ​របស់​ខ្លួន​ឯងទេ គឺ​មាន​ឪពុក​ម្ដាយ​ក្មេក​បន្ថែម​ទៀត ហើយ​មិន​មាន​តែ​សាច់​ញាតិ​ខ្លួន​ឯង​ទេ​ គឺ​មាន​សាច់​ញាតិ​ខាង​ស្រី​ដែរ។ ក្រោយ​រៀបការ​ហើយ អាច​និយាយ​បាន​ថា មិន​អាច​ជួយ​តែ​គ្រួសារ​ខាង​ខ្លួន​ទេ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​សងខាង បែប​នេះ​ហើយ ទើប​លែង​មាន​ឱកាស​ធ្វើ​អ្វីៗ ដើម្បី​ឪពុកម្ដាយ។

ពេល​មាន​លទ្ធភាព​គ្រប់គ្រាន់ ប្រសិន​បើ​អាច​គួរ​តប​ស្នង​ទៅ​កាន់​ឪពុកម្ដាយ​សិន​នូវ​អ្វី​ដែល​យើង​គិត​ថា សំខាន់​សម្រាប់​លោក រហូត​ដល់​គិត​ថា​ល្មម​ដល់​ពេល​គិត​ពី​ខ្លួន​ឯង ចាំ​គិត​គូរ​ក៏​មិន​ហួស​ពេល៕

អត្ថបទ៖ រាជ ប្រភព៖ គម្ពីស្នេហ៍

មតិយោបល់