- 2018-12-29 09:00:00
- ការអប់រំ
ជំនាញវិស្វករលុយចូលកប់ៗ តែស្រីៗមើលរំលងព្រោះមូលហេតុ៤នេះ អ្នកខ្លះបង្ខំចិត្តឈប់ក៏មាន
- 2018-12-29 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនាញវិស្វករលុយចូលកប់ៗ តែស្រីៗមើលរំលងព្រោះមូលហេតុ៤នេះ អ្នកខ្លះបង្ខំចិត្តឈប់ក៏មាន
ចន្លោះមិនឃើញ
វិស្វករ គឺប្រភេទការងារលំបាកមួយ បើសម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ប្រហែលអាចយល់ច្បាស់តែម្ដង ព្រោះថា វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ យ៉ាងនេះក្ដី វាក៏មានបង្កប់ឱកាសល្អៗជាច្រើន ព្រោះជាជំនាញត្រូវប៉ាន់ស្រាប់ ក្នុងទីផ្សារសំណង់ អគារច្រើននៅប្រទេសកម្ពុជាបច្ចុប្បន្ន។
មានមូលហេតុ ៤ចំណុច ដែលបង្ហាញថា វិស្វករជាជំនាញលំបាក ជាហេតុធ្វើឲ្យចំនួនបុរសច្រើនជាងស្ត្រី។ ម្យ៉ាង ស្រីៗក៏ងាយមើលរំលងចោល រួចទៅចាប់របរផ្សេងផងដែរ។ នេះបើតាមការលើកឡើងពីក្រុមអ្នកធ្វើការវិស្វករ។
ក្នុងចំណោមនោះ កញ្ញា សួន សុជាតា មានវ័យប្រហែល ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាវិស្វករផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យឯកជនល្បីឈ្មោះ១ ក្នុងរាជធានីភ្នំពេញ តែសុំមិនប្រាប់ឈ្មោះ។
បច្ចុប្បន្ន កញ្ញាចាប់ជំនាញផ្នែកប្រព័ន្ធធារាសាស្ត្រ ដែលកំពុងធ្វើការឲ្យក្រុមហ៊ុនឯកជនមួយ ប្រចាំការនៅក្នុងខេត្តពោធិ៍សាត់។ សុជាតា ក៏ជា Fan របស់ Sabay ផង វិស្វករស្រីរូបនេះបានចែករំលែកតាមទូរសព្ទ ទុកគ្រាន់ជាផ្នែកមួយ នៃការយល់ឃើញផ្ទាល់ខ្លួន ក្នុងអាជីពមួយនេះ។ កញ្ញា សួន សុជាតា បន្តថាអាជីពវិស្វករ គឺទាមទារការតស៊ូខ្លាំងតាំងពីពេលរៀន រហូតដល់ចេញធ្វើការ ដែលជាផ្នែកមួយពិបាកសម្រាប់ស្រីៗ មុនឈានទៅមានជំនាញច្បាស់លាស់មួយ។
១. ការប្រឈមនៅពេលរៀន
មិនថាមុខវិជ្ជាអ្វីទេ គឺសុទ្ធមានការលំបាកខុសៗគ្នា ប្រសិនជាយើងរៀនយកច្បាស់ មិនមែនលំៗ ហើយមករៀនឲ្យតែគ្រូឃើញមុខ។ ងាកមកមុខជំនាញវិស្វករ អ្នកដែលធ្លាប់ឆ្លងកាត់ គឺច្បាស់ដូចថ្ងៃ សិស្សប្រុសៗ ខ្លះតែងនិយាយថា ស្រាវជ្រាវឡើងស្លក់ភ្នែក ជ្រុះសក់ បើស្រីៗវិញ ងាយប្រឈមជាំភ្នែកដូចខ្លាឃ្មុំ។
ជាហេតុថ្នាក់រៀនវិស្វករ គ្មាន ឬមិនសូវសំបូរនិស្សិតស្រីច្រើន ដែលនៅទ្រាំរៀនដល់ចប់។ បើថាមានថ្នាក់ណាមានសិស្សស្រី ១ ឬ២នាក់ គឺមានកន្លង់ចោមរោម ញ៉េះញ៉ោះ ហើយស្រួលមិនស្រួល មានអ្នកការមុនរៀនចប់ក៏មាន។ តែបើមានស្រីៗ នៅរៀនដល់ចប់ គឺចេញមកមានការងារល្អច្រើន។
២. ឱកាសការងារមានច្រើន និងចំណូលអាចរស់ស្រួល
អ្នកខ្លះ តែងនិយាយលេងថា មានតែអ្នកសាច់កម្មទេ ទើបអាចតស៊ូខ្លាំង រហូតរៀនចប់វិស្វករ៥ឆ្នាំ។ ជាការពិត មុខវិជ្ជានីមួយៗនៃជំនាញនេះ ក៏ត្រូវការការស្រាវជ្រាវច្រើនណាស់ រហូតដាច់យប់ក៏មាន។ ស្រីៗ កម្លាំងខ្សោយផង ណាខ្លាចបង់រូបបង់ឆោមផង ពិបាកបន្តិចហើយ បើចង់ក្លាយជាវិស្វករ។ តែបើអ្នកអាចជម្នះចំណុចនេះ បានសម្រេច វិស្វករស្រី ក៏អាចមានអាទិភាពល្អដែរ ព្រោះជាធម្មជាតិមនុស្សស្រី គឺមានភាព អត់ធ្មត់ ផ្ចិតផ្ចង់ជាងប្រុស បូករួមនឹងអ្នកមានចំណេះដឹងវិស្វករទៀត គឺកាន់តែល្អទ្វេដង។
ជាមធ្យមវិស្វករបើទើបរៀនចប់សកលវិទ្យាល័យ ចេញធ្វើការថ្មីថ្មោង ក៏មានឱកាសចូលធ្វើការតាមក្រុមហ៊ុននានា ដែលកំពុងរីកដូចផ្សិត និងទទួលបានប្រាក់ខែខ្ទង់ប្រហែល ៥០០ ទៅ៧០០ដុល្លារ។ ប្រសិនអ្នកមានបទពិសោធន៍ច្រើន តាមជំនាញកម្រទៀត គឺប្រាក់ចំណូល អាចហក់ដល់ចន្លោះ ២៥០០ ទៅ ៥០០០ដុល្លារ មួយខែៗក៏មាន។
៣. ស្រាវជ្រាវសឹងពេញមួយជីវិត
ជាការពិត មិនថាពេលរៀន ឬចេញធ្វើការទេហើយនោះទេ វិស្វករភាគច្រើន គឺតែងជួបបញ្ហាថ្មីរហូត ទោះកាន់តួនាទីណាក៏ដោយ។ ឧទាហរណ៍ថា វិស្វករផ្នែកប្រព័ន្ធធារាសាស្ត្រ ដូចកញ្ញា សួន សុជាតា ទោះចេញធ្វើការហើយក៏ដោយ ចាំបាច់ត្រូវស្រាវជ្រាវបន្ថែមលើ Structureឬរចនាសម្ព័ន្ធរបស់ប្រឡាយទឹក និងត្រូវដឹងពីមុខងារផ្សេងៗពាក់ព័ន្ធជាច្រើន ដូចសរសៃឈាម ទើបធ្វើការមិនមេមម៉ាម។ និយាយទៅ បើចូលកាន់តួនាទីជាអ្នកគ្រប់គ្រងគេ មានប្រាក់ខែខ្ទង់ពាន់ដុល្លារក៏ដោយ គឺរឹតតែស្រាវជ្រាវទ្វេដង គេចមិនផុត។
៤. បរិយាកាសការងារ និងបន្ទុកគ្រួសារ
ធ្វើការងារវិស្វករ ដូចចូលសមរភូមិប្រយុទ្ធអីចឹងដែរ មានន័យថា មិនមែនទៅកាប់ចាក់គ្នាអីទេ គឺគ្រាន់តែគ្មានពេលសម្រាកច្រើនដូចអាជីពផ្សេង និងគ្មានពេលតែងខ្លួនដូចគេ។ ចំណុចនេះហើយ ដែលវិស្វករប្រុស តែងមានភាពងាយស្រួលជាង ព្រោះធម្មជាតិមនុស្សប្រុសមានកម្លាំងកំហែង និងមិនសូវខ្វល់រឿងសម្រស់ដូចស្រី។
ម្យ៉ាងវិញទៀតពួកគេ មានពេលច្រើនជាង ដើម្បីផ្ដោតលើការងារ មិនថាយប់ ឬថ្ងៃ ទោះអ្នកនៅលីវ ឬរៀបការហើយក៏ដោយ។ ប៉ុន្តែបើជាវិស្វករស្រី គឺអាចពិបាក ប្រសិនបើពួកគេមានគ្រួសារ និងមានកូន ហើយសម្រស់ក៏ទៅតាមនឹង ឬស្រុតចុះជាលំដាប់។ អ្វីដែលកាន់តែពិបាក គឺវិស្វករស្រីៗ ត្រូវប្រឈមនឹងបញ្ហាសុខភាព១តង់ ពេលមានផ្ទៃពោះ បន្ថែមពីការទទួលខុសត្រូវការងារ ទម្រាំគ្រប់ខែសម្រាលកូន។
មិនទាន់ចប់ទេ ស្រីៗក៏ត្រូវត្រៀមចិត្ត ត្រៀមកាយមើលថែពេលកូន ក្រោយកើតមកផងដែរ។ ដូច្នេះ ដោយសារបន្ទុកគ្រួសារ បូកថែមនឹងសំពាធការងារផង ពេលខ្លះ បើទោះមានតួនាទីខ្ពស់ ចំណូលកប់ ក៏អាចមានវិស្វករស្រីខ្លះ បង្ខំចិត្តលាឈប់មួយរយៈ សុខចិត្តប្ដូរអាជីព បន្ថយការទទួលខុសត្រូវការងារមួយផ្នែក ទៅរករបរផ្សេង ឬសម្រាកនៅផ្ទះមួយរយៈក៏មាន។
ប្រភពពីវិស្វករស្រីខាងលើ បានបង្ហើបទៀតថា អីចឹងហើយ ទើបប្រុសៗវិស្វករភាគច្រើនមិនសូវមើលឃើញនារីជាគូស្រករ ដែលធ្វើការក្នុងជំនាញដូចគ្នាទេ។ ប្រពន្ធវិស្វករភាគច្រើន ជាអ្នករៀនពេទ្យ គណនេយ្យ គ្រូបង្រៀន អ្នករកស៊ី ឬជាស្ត្រីមេផ្ទះ មានរូបរាងស្អាត នៅក្មេងៗ Cute Cute និងអាចមានពេលទំនេរច្រើនជាងស្រីៗរៀន និងធ្វើការវិស្វករ។