• 2019-01-16 08:00:56
  • ជំនឿ

រូប​គំនូរ​ហុងស៊ុយ ៩​ ​គួរ​មាន​តាំង​នៅ​ផ្ទះ​​​បើ​ចង់​​បាន​លាភ​សំណាង​​ មាស​ប្រាក់​ហូរ​ចូល​

  • 2019-01-16 08:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះយើង​សូម​និយាយ​ពី​ការ​ជ្រើសរើស​រូបភាព​ដើម្បី​តុបតែង​ផ្ទះ ដែល​តាម​ក្បួន​ហុងស៊ុយ​ ការ​ជ្រើសរើស​រូបភាព​នេះ​គឺ​អាច​ផ្ដល់​ទាំង​ប្រយោជន៍ មង្គល និង​អពមង្គល ដល់​​ម្ចាស់​ផ្ទះ និង​សមាជិក​គ្រួសារ​ទាំង​មូល។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំនឿ និង​ចង់​ដឹង​អំពី​ការ​ជ្រើសរើស​រូបភាព​តាំង​ផ្ទះ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ផង និង​សិរី​មង្គល មាស​ប្រាក់​ហូរហៀរ​ចូល​ផ្ទះ​ផង សូម​ជ្រើស​រើស​រូបភាព​ ឬ​រូប​គំនូរ​ដូច​​បង្ហាញ​ខាង​ក្រោម​៖

១. រូប​ទឹក​ជ្រោះ

រូប​ទឹក​ជ្រោះ​ត្រូវ​បាន​ចាត់​ទុក​ជា​រូបតំណាង​ក្ដី​សុខ ក្ដី​ចម្រើន​ហូរ​​ចូល​ផ្ទះ។ រូបភាព​មាន​ទេសភាព ទឹក​ជ្រោះ ឬ​សមុទ្រ​បែប​នេះ គួរ​តាំង​នៅ​​បន្ទប់​ទទួល​ភ្ញៀវ ប៉ុន្តែ​មិន​គួរ​ដាក់​តាំង​ក្នុង​បន្ទប់​ទឹក បន្ទប់​គេង ឬ​បន្ទប់​ធ្វើ​ការ​ឡើយ។

២. រូបភាព​ទន្លេ ឬ​សមុទ្រ

​ទន្លេ​គឺ​ជា​រូបភាព​ដែល​បណ្ដាល​ជោគ​លាភ​មក​ចូល​ក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ។ អ្វី​ដែល​សំខាន់ រូបភាព​ទន្លេ ឬ​សមុទ្រ​​នោះ​ត្រូវ​មាន​លក្ខណៈ​ហូរ​ចូល​មក​ខាង​ក្នុង​ផ្ទះ ទើប​ចាត់​ទុក​ថា​ជា​សិរី​មង្គល ប៉ុន្តែ​បើ​ដាក់​តាំង​ឲ្យ​មើល​ទៅ​ឃើញ​ក្រសែ​ទឹក​ហូរ​ចេញ​ទៅ​ក្រៅ​ផ្ទះ នោះ​នឹង​តំណាង​ឲ្យ​ការ​បង្ហូរ​លាភ​សំណាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​វិញ។

៣. រូបភាព​ព្រះ​អាទិត្យរះ ឬ​ព្រះ​ច័ន្ទ

រូបភាព​ទេសភាព​ដែល​មាន​បង្កប់​ដួង​ព្រះ​អាទិត្យ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូបភាព​មង្គល ជា​ពិសេស​រូបភាព​ពេល​ថ្ងៃ​រះ​ដែល​មាន​ព្រះ​អាទិត្យ​រះ​ឡើង​ផុត​ជើង​មេឃ ដែល​តំណាង​ឲ្យ​ភាព​គង់វង្ស ស្ងប់សុខ និង​ជីវិត​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង​ភាព​ស្វាហាប់។ ចំណែក​រូប​ដែល​មាន​ដួង​ច័ន្ទ គឺ​សម្រាប់​ដាក់​តាំង​ក្នុង​បន្ទប់​គេង​តែ​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ស្នេហា​ល្អ ហើយ​បើ​ផ្ទះ​ណា​មាន​កូន​​ក្រមុំ​ នឹង​អាច​​ទទួល​បាន​កូន​ប្រសា​ល្អ ផ្ដល់​ភាព​ត្រជាក់ត្រជំ និង​រឿង​ល្អ​ៗ​ចូល​ផ្ទះ។

៤. រូប​សេះ ៨​ក្បាល​ កំពុង​រត់

រូប​សេះ​រត់​ត្រូវ​បាន​និយម​ប្រើ​សម្រាប់​អ្នក​មាន​ជំនួញ រក​ស៊ី ដែល​​រូប​នេះ​គឺ​តំណាង​ឲ្យ​​វណ្ណៈ​អភិជន ភាព​សម្បូរ​សប្បាយ និង​តំណាង​ឲ្យ​ភាព​រហ័ស​រហូន​ វាងវៃ ដែល​ធ្វើ​ឲ្យ​មុខ​ជំនួញ​អាច​ទទួល​បាន​ជោគជ័យ​កាន់​តែ​រហ័ស​ដូច​ជា​សេះ​រត់​នេះ​ដែរ។

៥. រូប​ត្រី​ចម្រុះ​ពណ៌

រូបភាព​​ដែល​មាន​ត្រី​ពណ៌​ផ្សេង​ៗ​គឺ​តំណាង​ឲ្យ​ភាព​ត្រជាក់ត្រជំ សុខដុម​ក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​សមាជិក​ម្នាក់​ៗ​មាន​អារម្មណ៍​ស្រស់​ថ្លា ក្នុង​ការ​បំពេញ​ការងារ និង​មុខ​របរ​រក​ស៊ី​ផ្សេង​ៗ​កាន់​តែ​ល្អ។ ចំនួន​ត្រី​ដែល​ល្អគួរ​តែ​មាន ៦ក្បាល ៨​ក្បាល ឬ​៩​ក្បាល។

៦. រូប​ទេសភាព​ភ្នំ

រូប​ភ្នំ​ត្រូវ​បាន​ជឿ​ថា​តំណាង​ឲ្យ​ភាព​គង់វង្ស​ សុខ​ សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ។ រូប​ភាព​ភ្នំ​ទាំង​រដូវ​ក្ដៅ និង​រដូវ​​រងា​សុទ្ធ​សឹង​តែ​ចាត់​ទុក​ថា​ល្អ លើក​លែង​តែ​រូប​ភ្នំ​ភ្លើង។ កន្លែង​ដែល​គួរ​ដាក់​តាំង​រូប​ភ្នំ​គួរ​តែ​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ ឬ​ជញ្ជាំង​ពី​ក្រោយ​តុ​ធ្វើ​ការ។  

៧. រូប​ដើម​ឈើ

រូប​ដើម​ឈើ​គឺ​ជា​សញ្ញា​នៃ​ភាព​រីក​ចម្រើន និង​ភាព​រស់​រវើក ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ត្រជាក់ត្រជំ និង​ជោគ​លាភ។

៨. រូប​សួន​ផ្កា ឬ​ស្លឹក​ឈើ

ផ្កា​គឺ​ជា​អត្តសញ្ញាណ​នៃ​ក្ដី​សុខ ស្រស់​ថ្លា និង​ក្ដី​ស្រឡាញ់ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​រូបភាព​ល្អ​សម្រាប់​ដាក់​តាំង។ អ្វី​ដែល​សំខាន់ ផ្កា ឬ​ស្លឹក​ឈើ​ក្នុង​រូបភាព​គឺ​មិន​គួរ​ឲ្យ​មាន​ភាព​ស្អេក​ស្កះ​ខ្លាំង​ពេក ហើយ​ពុំ​គួរ​រើស​រូប​ដែល​មាន​រូប​ដើម​ឈើ​មាន​វល្លិ៍​ព័ទ្ធ​ទេ ព្រោះ​ជា​រូប​អពមង្គល អាច​បង្ក​ការ​រំខាន​ដល់​មុខ​ជំនួញ និង​ការ​រក​លុយ​របស់​អ្នក។

៩. រូប​សំពៅ

អត្ថន័យ​តាម​ប្រពៃណី​ចិន ជឿ​ថា​សំពៅ​គឺ​ជា​របស់​​មង្គល ដែល​មាន​ទំនាក់ទំនង​ជាមួយ​ការ​ជួញ​ដូរ និង​ភាព​ជោគជ័យ។ ហាង​មាន​ដាក់​តាំង​រូប​នេះ​ នឹង​ជួយ​ឲ្យ​ការ​លក់​ដូរ​កាន់​តែ​រលូន គ្មាន​ឧបសគ្គ។ ចំពោះ​ការ​ដាក់​តាំង​ គឺ​គេ​និយម​ដាក់​នៅ​ទិស​ខាង​កើត ឬ​ទិស​អាគ្នេយ៍ ដើម្បី​បន្ថែម​ហុងស៊ុយ​ឲ្យ​កាន់​តែ​ប្រសើរ ៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

មតិយោបល់