• 2019-02-11 07:24:50
  • ការអប់រំ

អ្នកខ្លះចំអកឡកឡឺយ ខ្លះរិះគន់ជាន់ពន្លិច តែម្ចាស់មីល្ពៅអត់ខឹង ហើយឆ្លើយតបបែបនេះវិញ

  • 2019-02-11 07:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា ម្ចាស់​មី​ល្ពៅ​បដិសេធ​មិន​ទទួល​ការ​វិនិយោគ​ឡើយ។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​បាន​បញ្ចេញ​ឡើង អ្នក​ខ្លះ​រិះគន់​ទាំង​គ្មាន​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច អ្នក​ខ្លះ​ទៀត​បញ្ចេញ​យោបល់​ប្រៀប​ដូចជា​មាន​វិញ្ញាណ​ក្នុង​ខ្លួន​គេ ខ្លះ​ទៀត​ថា​គេ​ល្ងង់ ថា​គេ​មិន​ឆ្លាត។ តែ​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​មតិ​ល្អៗ ក្នុង​ន័យ​ជួយ​ផ្ដល់​ជា​គំនិត និង​ប្រកប​ដោយ​ការ​យល់​ដឹង មាន​ក្រម​សីលធម៌​ដូច​គ្នា។

យុវជន គិប វ៉ាង

សំណួរ​មួយ​ដែល​ Sabay បាន​សួរ​ហាក់​ចាក់​ដោត​ទៅ​លើ​យុវជន គិប វ៉ាង ជា​អ្នក​មាន​គំនិត​បង្កើត​មី​ល្ពៅ​ថា តើ​រូប​លោក​មាន​អ្វី​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ដែល​រិះគន់​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​រូប​លោក​យ៉ាង​ដូច​ម្ដេច​ដែរ? កូន​កសិករ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​បាន​ខឹង​អាក់​អន់​ស្រពន់​ចិត្ត​អ្វី​ទេ​បង ព្រោះ​មនុស្ស​មាន​គំនិត​ខុស​គ្នា មាន​យុទ្ធសាស្ត្រ​ខុសៗ​គ្នា​បង»។

គិប វ៉ាង ឆ្លើយ​តប​ទាំង​ចិត្ត​ត្រជាក់​ល្ហឹម​ទៀត​ថា ប្រសិន​បើ​យោបល់​នោះ​ល្អ​គឺ​លោក​នឹង​ទទួល​យក តែ​បើ​គិត​ថា​វា​មិន​ល្អ​ស្ដាប់​ហើយ​នាំ​ឲ្យ​កើត​ទុក្ខ នាំ​ឲ្យ​បាក់​ទឹក​ចិត្ត គឺ​លោក​គ្រវាត់​ចោល​ជា​ការ​ស្រេច។ យុវជន​វ័យ​២៥​ឆ្នាំ​រូប​នេះ​បន្ត​ថា មនុស្ស​គួរ​រៀន​ធ្វើ​អ្វី​ដែល​ថ្មី រៀន​សាក​ល្បង​ដើរ​គន្លង​ថ្មី កុំ​ដើរ​តាម​គន្លង​ចាស់​ដដែលៗ​គ្មាន​អ្វី​រីក​ចម្រើន​នោះ​ទេ។

បច្ចុប្បន្ន​នេះ​គិប វ៉ាង ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​សិប្បកម្ម​លោក​អាច​ផលិត​មីល្ពៅ​បាន​ចន្លោះ​ពី​២០ ទៅ​៣០​ថង់​ក្នុង​មួយ​ថ្ងៃ ដោយ​មួយ​ថង់​មាន​១០​ដុំ។ ក្នុង​នោះ​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​១០​ម៉ឺន​រៀល​ជា​រៀង​រាល់​ថ្ងៃ។ ទៅ​អនាគត​រូប​គេ​នឹង​ពង្រីក​សិប្បកម្ម​នេះ​ឲ្យ​កាន់​តែ​ធំ​ឡើង ដើម្បី​ជួយ​ប្រមូល​ទិញ​ផល​ល្ពៅ​ពី​ប្រជា​កសិករ​បាន​កាន់​តែ​ច្រើន។ យ៉ាង​ណា​ក្ដី​យុវជន​រូប​នេះ ប្រាប់​ថា ប្រមូល​ទិញ​ល្ពៅ​ណា​ដែល​ប្រើប្រាស់​តែ​ជីធម្មជាតិ​ប៉ុណ្ណោះ មិន​ទទួល​ទិញ​ល្ពៅ​ដាក់​គីមី​ឡើយ។

គិប វ៉ាង ជា​កូន​កសិករ​ម្នាក់​មាន​ប្អូន​៤​នាក់ មាន​ឪពុក​ជា​កសិករ និង​ម្ដាយ​ជា​មេផ្ទះ។ ដោយ​សារ​ជីវភាព​ខ្វះ​ខាត​រូប​គេ​ខិតខំ​រៀន​សូត្រ​រហូត​បាន​ទទួល​ជោគជ័យ ហើយ​បាន​យក​តម្រិះ​វិជ្ជា​ដែល​ខ្លួន​មាន​មក​ច្នៃ​ឲ្យ​ចេញ​ជា​រូប​រាង ដែល​អាច​ជួយ​ដល់​គ្រួសារ ហើយ​ថែម​ទាំង​ជួយ​ដល់​ប្រជាកសិករ​ដែល​ដាំ​បន្លែ​គ្មាន​ទីផ្សារ​ទៀត​ផង៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់