- 2019-04-18 12:00:00
- ការអប់រំ
សុខចិត្តចាយខ្លួនឯងរៀនសិន ដើម្បីចំណេញឱកាសមាសនៅអាមេរិក (មានវីដេអូ)
- 2019-04-18 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខចិត្តចាយខ្លួនឯងរៀនសិន ដើម្បីចំណេញឱកាសមាសនៅអាមេរិក (មានវីដេអូ)
ចន្លោះមិនឃើញ
លោក ហ៊ួត ពិទូរ្យ ជានិស្សិតខ្មែរមួយរូបក្នុងចំណោមបញ្ញវន្តខ្មែរជាច្រើនទៀត ដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក។ លោកបានប្រាប់ពីបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់ ជម្នះបញ្ហានានា ទម្រាំមានថ្ងៃនេះ ដើម្បីចែករំលែកដល់យុវជនខ្មែរ ដែលមានបំណងចង់មករៀននៅបរទេស ពិសេសមកកាន់សហរដ្ឋអាមេរិក។
អ្វីដែលកាន់តែពិសេស ក្រោយពេលរៀនចប់ និស្សិតខ្មែររូបនេះ មានបំណងចង់ត្រលប់មកនៅប្រទេសកម្ពុជាវិញ ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា។
ចុចត្រង់នេះដើម្បីមើលវីដេអូសម្ភាសលោក ហ៊ួត ពិទូរ្យ ជានិស្សិតខ្មែរលម្អិតពីការសិក្សានៅអាមេរិក។
ក្នុងបទសម្ភាសន៍ជាមួយ Sabay យុវជនរូបនេះបានបញ្ជាក់ទៅកាន់យុវជនខ្មែរមួយចំនួន សូមស្វះស្វែងចាប់ឱកាស ដើម្បីអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងជាមុន ដើម្បីត្រៀមខ្លួនចូលទីផ្សារសកលនាពេលអនាគត។ មករៀនអាមេរិកតាមរយៈអាហារូបករណ៍ពិតជារឿងល្អ ប៉ុន្តែក៏សូមដឹងមុនដែរថា អ្នកជាប់មួយៗ គឺមិនមែនងាយស្រួលទេ ដោយហេតុថាសាលាទាំងអស់មានលក្ខខណ្ឌកំណត់ខ្ពស់ៗណាស់។ បើបានរៀនហើយ តែយើងរៀនមិនពូកែ អាហារូបករណ៍ក៏អាចរបូតវិញដែរ។
លោក ហ៊ួត ពិទូរ្យ បន្តទៀតថា ការមករៀននៅទីនេះបាន សូមកុំចាំបាច់តែអាហារូបករណ៍ ព្រោះថាអាមេរិកមានសាលាច្រើន និងជម្រើសផ្សេងទៀតដែលយើងគួរដឹង ជាក់ស្ដែងមហាវិទ្យាល័យសហគមន៍នៅតាមរដ្ឋនិមួយៗ មានតម្លៃសមរម្យ គុណភាពសិក្សាល្អ ប៉ុន្តែមិនសូវមានអ្នកដឹង។
នេះបើតាមលោក ហ៊ួត ពិទូរ្យ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ឬភាសាអង់គ្លេសហៅថា (Information System) នៃសកលវិទ្យាល័យសហគមន៍ Santa Fe ក្នុងទីក្រុង Gainesville នៃរដ្ឋ Florida។ លោកបានផ្លាស់មករស់នៅអាមេរិកជាមួយក្រុមគ្រួសារ អស់រយៈពេល៤ឆ្នាំមកហើយ ក្នុងជីវភាពរស់នៅមធ្យម (សម្រាប់អ្នកនៅអាមេរិក)។
ទោះបើកើតក្នុងជីវភាពគ្រួសារល្អយ៉ាងនេះក្ដី តាំងពីបានចូលរៀននៅទីនេះមក លោក ហ៊ួត ពិទូរ្យ បានបញ្ជាក់ថា ខ្លួនមិនដែលពឹងពាក់លុយគ្រួសារជួយទេ។ លោក សុខចិត្តហត់បន្តិច រៀនផង ចេញធ្វើការផងទោះកំប៉ិកកំប៉ុក ក្នុងនាមជានិស្សិតថ្នាក់បង់ថ្លៃសិក្សា ដែលចង់ចេះ ចង់ដឹងចំណេះដឹងថ្មីនៅបរទេស។
កាលទើបមករៀនថ្មីថ្មោង និស្សិតខ្មែររូបនេះបានរំលឹកថា ពេលខ្លះជួបបញ្ហាបាក់ទឹកចិត្តដែរ ព្រោះមានរឿងពិបាកច្រើន ដែលមិនធ្លាប់ជួបពីមុនមក។ ទោះយ៉ាងនេះក្ដី ដោយសារចិត្តស្រលាញ់ការសិក្សា ទើបលោកនៅតែព្យាយាម សួរនាំគេឯងក្នុងថ្នាក់ ឬគ្រូៗនៅក្នុងសាលា ជាហេតុលោកអាចកែប្រែស្ថានភាពលំបាក ទៅជាឱកាសល្អៗដើម្បីរៀនបន្ត។ បន្ទាប់មកដោយសារការខិតខំប្រែង រៀនសូត្រ មិនដែលអវត្តមាន ទីបំផុតលោកបានលទ្ធផលសិក្សាល្អ ហើយសាលាក៏បានសម្រេចផ្ដល់បានជំនួយហិរញ្ញវត្ថុជួយដល់ការសិក្សាមួយផ្នែកធំ បង្កលក្ខណៈងាយស្រួលក្នុងការរៀនបន្ត។