- 2019-04-25 03:11:08
- ស្នេហា
តើត្រូវធ្វើដូចម្ដេច ដើម្បីទាញចិត្ត Crush របស់យើងបាន?
- 2019-04-25 03:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវធ្វើដូចម្ដេច ដើម្បីទាញចិត្ត Crush របស់យើងបាន?
ចន្លោះមិនឃើញ
មិនមែនមធ្យោបាយទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះទេ ប៉ុន្តែ ថ្ងៃនេះ យុវជន បីរូប បានបង្ហាញបទពិសោធន៍ តាមរយៈ Sabay ដោយប្រាប់ពីវិធីសាស្ត្រជោគជ័យ ដើម្បីទាក់ទាញចិត្តមនុស្ស ដែលយើងលួចស្រឡាញ់ ឲ្យមកចូលចិត្តយើងបាន។ តើត្រូវធ្វើដូចម្ដេច ដើម្បីទាញចិត្ត Crush របស់យើងបាន?
សូមចុចអាន៖ វិធីសាស្ត្រ៩យ៉ាង ដើម្បីយកឈ្នះបេះដូង Crush របស់អ្នក
សុភាព វ័យ ២៥ ឆ្នាំ បានបង្ហាញពីបទពិសោធន៍ថា "កាលខ្ញុំតាមស្រឡាញ់សង្សារខ្ញុំបានដោយជោគជ័យ កាលពី ៣ ឆ្នាំ មុននោះ គឺខ្ញុំប្រើវិធីស្វែងយល់ចិត្តគេមុនសិន"។សុភាព ដែលធ្វើការផ្នែកទីផ្សារ បាននិយាយថា មិនថា រកស៊ី ឬ តាមស្រឡាញ់ស្រីទេ គឺដូចគ្នា គឺអ្នកគ្រប់គ្នាត្រូវស្វែងយល់ពីដៃគូ ជាមុនសិន៖
១. ទម្លាប់របស់គេ
២. កម្រិតវប្បធម៌
៣. អត្តចរិត
៤. ស្ថានភាពគ្រួសារ
៥. ចំណង់ចំណូលចិត្ត និង ការកាន់សាសនាផ្សេងៗ ជាដើម។
ក្រោយយល់ចិត្ត និង ការបង្ហាញសកម្មភាព
បន្ថែមពីលើ សុភាព យុវជន មករា បានលើកឡើងដែរថា ក្រៅពីការស្វែងយល់ចំណង់ចំណូលចិត្តរបស់ដៃគូរួចហើយ ដូច្នេះ កត្តាសំខាន់នោះ គឺត្រូវបង្ហាញសកម្មភាព ទៅតាមអ្វីដែលមនុស្សយើងលួចស្រឡាញ់។ "ខ្ញុំលើកឧទាហរណ៍ កាលខ្ញុំតាមស្រឡាញ់សង្សារខ្ញុំ កាលពីជាង ១ ឆ្នាំ មុន គឺនាងចូលចិត្តតុក្កតា ដូច្នេះ ពេលមានពិធីធំៗ ខ្ញុំបានទិញជាវត្ថុអនុស្សាវរីយ៍ឲ្យនាង ហើយមួយទៀត ខ្ញុំដឹងថា នាងមិនសូវចេះ ភាសាអង់គ្លេសនោះទេ ម៉្លោះរាល់ការផ្ញើសារ ខ្ញុំព្យាយាមសរសេរជាពាក្យខ្មែរ តាមឆាតហ្វេសបុក"។
វិចិត្រ និស្សិតឆ្នាំទី ៣ ផ្នែកច្បាប់ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច បានបញ្ចេញយោបល់ដែរថា ប្រសិនបើយើងអាចដឹងអំពីប្រវត្តិនាងបានច្រើន គឺល្អ ហើយមួយទៀតបើនាងធ្លាប់មានសង្សារតែបែកគ្នាវិញ យើងត្រូវដឹងអំពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ដៃគូមុន ដូច្នេះ យើងអាចបំពេញតែចន្លោះខ្វះខាត ដែលសង្សារមុនមិនបានធ្វើ មានន័យថា យើងអាចធ្វើផ្ទុយពីសកម្មភាពសង្សារមុន។
“ខ្ញុំមិនប្រកាន់រឿងអតីតនោះទេ សម័យនេះ មនុស្សភាគច្រើនសុទ្ធតែមានសង្សារ ប៉ុន្ដែ បើយើងព្រមទទួលនាងហើយ យើងត្រូវរៀនទទួលស្គាល់អ្វីៗដែលនាងមាន។ ខ្ញុំមិនលាក់លាម សង្សារខ្ញុំសព្វថ្ងៃ គឺធ្លាប់មានសង្សារពីមុនមក ហើយនាងស្អប់បុរសនោះ រឿងផឹកស៊ី និង ការមិនសូវយកចិត្តទុកដាក់នាង ដូច្នេះ ខ្ញុំអាចបំពេញចន្លោះនេះបាន ខណៈខ្ញុំក៏មិនមែនជាមនុស្សចូលចិត្តផឹកស៊ី (គ្រឿងស្រវឹង) ដែរ ហើយមួយទៀតខ្ញុំព្យាយាមយកចិត្តទុកដាក់នឹងនាង គ្រប់បែបយ៉ាង តាំងពីការស្លៀកពាក់ ហូបចុក ដែលធ្វើឲ្យទំនាក់ទំនងខ្ញុំល្អ បានរយៈពេល ជិត ៣ ឆ្នាំហើយ"។
លោក វិចិត្រ បានលើកឡើងថា ការដឹងអំពីចំណង់ចំណូលចិត្ត crush របស់យើង គឺសំខាន់ណាស់ ព្រោះសកម្មភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់របស់យើងទៅដៃគូ ដូច្នេះ ចង់មិនចង់ មនុស្សដែលយើងលួចស្រឡាញ់ (Crush) នឹងអាចងាកចិត្តមករកយើងខ្លះៗ ឬ អាចស្រឡាញ់យើងវិញមិនខានឡើង៕