• 2019-05-09 10:40:31
  • សុខភាព

ចៃដន្យ​ហូបចំសាច់ជ្រូកដែលកើត​ជំងឺប៉េស្តជ្រូកអាហ្វ្រិក អ្នក​ហូបមាន​បញ្ហា​សុខភាពទេ?​

  • 2019-05-09 10:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ជំងឺប៉េស្តជ្រូកអាហ្វ្រិក​បាន​កើត​មាននៅ​ប្រ​ទេសចិន វៀតណាម និង​នៅ​ក្នុងខេត្ត​រតនគិរី​នៃប្រ​ទេស​កម្ពុជា​ផង​ដែរ។ ទោះយ៉ាងណា​ជំងឺ​នេះ​ត្រូវបានអ្នកជំនាញ​អះអាងថា​មិន​បង្កផល​ប៉ះពាល់​ដល់​ខុសភាព​មនុស្ស​នោះទេ ប៉ុន្តែ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម ។​

នៅថ្ងៃទី០៩ ខែឧសភានេះ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំ​កម្មវិធី​សិក្ខា​សិលា​ពីជំងឺប៉េស្តជ្រូក​អាហ្រិ្វកក្រោម​ប្រធានបទ «ចិញ្ចឹមជ្រូកបាន បើយល់ដឹងពី ជំងឺប៉េស្ត​ជ្រូក​អាហ្រិ្វក (ASF)» ​នៅសណ្ឋាគារ​ហ្គោដិន ស៊ីធី ភ្នំពេញ ក្នុង​គោល​បំណង​ផ្សព្វផ្សាយលើការយល់ដឹង​ពី​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្រិ្វក (ASF) ផលប៉ះ​ពាល់ ការប្រុងប្រយ័ត្ន និងការការពារការ​រាតត្បាតពីជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក។

កម្វិធី​នេះ​មាន​អ្នក​ចូល​រួម​ដូច​ជាមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ អង្គការស្បៀងអាហារនិងកសិកម្ម(FAO) ​ព្រឹទ្ធបុរសមហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សត្វ នៃសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn)ប្រទេស​ថៃ​ ម្ចាស់​​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឯកជន​ ​កសិករ​មកពីខេត្តនានា និងដៃគូអាជីវកម្មដែល​សហការ​ជាមួយក្រុមហ៊ុន​ស៊ី.ភី ខេមបូឌាជាដើម។

លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សត្វ នៃសា​កលវិទ្យាល័យ​ជូឡាឡុងកន ​មាន​ប្រសាសន៍​​​ថាជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវ​បានរាតត្បាតពីប្រទេសអាហ្វ្រិក ទៅ​ដល់អឺរ៉ុប និងអាស៊ី ហើយ​ជំងឺនេះអាចបង្ករជាបញ្ហា​ចោទ​លើ​ផ្នែក​​​សេដ្ឋកិច្ច​ និង​សង្គម ​ប្រសិន​បើគ្មាន​ការទប់ស្កាត់​ទាន់ពេល​វេលា​។ លោក​បន្តថា​ជំងឺនេះ ជាជំងឺ​ដែល​បង្ក​ដោយ​​​វីរុស​ដែល​ធន់នឹង​បរិយាកាស​ខាងក្រៅ​ វានៅក្នុងលាមកសត្វ កាកសំនល់អាហារ​ សម្លៀកបំ​ពាក់ និង​អាចជាប់​នៅ​នឹង​យាន​យន្តជាដើម។

(លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរសមហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សត្វ នៃសា​កលវិទ្យាល័យ​ជូឡាឡុងកន ​កំពុង​ធ្វើ​បទបង្ហាញ​ក្នុង​សិក្ខាសាលា)​

លោក​ឲ្យដឹងដែរថា​ស្ថានភាពជំងឺ​នេះ​មាន​​រាត​ត្បាត​នៅ​ប្រ​ទេស​ចិន និង​ប្រទេស​វៀត​ណាម​ជាដើម។ សម្រាប់​នៅ​កម្ពុជា​វិញ​ក្រ​សួង​កសិកម្ម​បាន​ឲ្យ​ដឹង​កន្លង​មកថាជំងឺនេះ​ក៏មាន​កើត​នៅ​ខេត្ត​រតនគិរីដែរ។ ការ​រកឃើញនេះគឺ​មាន​កើត​នៅលើជ្រូកដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ប៉ុន្តែទាំងស្ថាប័នរដ្ឋនិងអង្គភាពឯកជនបានគ្រប់គ្រងស្ថានភាពជំងឺនេះទាន់ពេលវេលា។

បើ​តាម​លោក​វេជ្ជបណ្ឌិត ក្នុង​ករណី​ចៃ​ដន្យ​ណាមួយ​ប្រ​ជា​ពល​រដ្ឋបាន​ទទួលទាន​ប៉ះសាច់ជ្រូក​ដែល​ជាជ្រូក​កើត​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​នេះ​ក៏​មិន​មាន​បញ្ហា​សុខភាព​ដែរ ដោយ​ថា​ជំងឺនេះ​មិន​ចម្លង​មក​មនុស្ស​ទេ​។ លោក​ឲ្យ​ដឹងថា​បើ​មនុស្ស​ទទួលទាន​ចំណីអាហារណាមាន​ផ្ទុក​មេរោគជំងឺនេះវាមិន​ប៉ះពាល់​ខុសភាពមនុស្សទេ តែ​កាល​សំណល់អាហារទាំងនោះនឹង​ចម្លងជំងឺទៅជ្រូក​បើកជ្រូក​បាន​ស៊ី ឬ​ប៉ះជាមួយ​កាកសំណល់អាហារនោះ។​

លោក​វេជ្ជបណ្ឌិត​ Roongroje ក៏បាន​លើកឡើងថា៖ «ខ្ញុំសូម​លើក​ទឹកចិត្ត​ឱ្យអ្នក​ពាក់ព័ន្ធ ទាំង​ មន្រ្តី​ជំនាញ​ក្នុងជួរដ្ឋាភិបាល​ ស្ថាប័ន​ឯកជន ​ម្ចាស់កសិដ្ឋាន​ និងកសិករ​ទាំងអស់​ ចូលរួម​ទប់ស្កាត់ និង​កម្ចាត់​ការរាល​ដាលពីជំងឺប៉េស្ត​ជ្រូកអាហ្រិ្វក (African Swine Fever) នេះ ហើយ​ចូលរួម​ផងដែរ ក្នុង​រាយ​ការណ៍​លើការ​សង្ស័យណា​មួយនៃជំងឺទៅ​មន្ត្រីជំនាញ ​នៅស្ថាប័នរដ្ឋ ​អង្គការ និង ឯក​ជន​ដែល​កំពុងធ្វើការលើបញ្ហានេះ»។

(លោក គុជ សុខគ្រុយ ជាម្ចាស់កសិដ្ឋាន​ចិញ្ចឹមជ្រូក​នៅខេត្ត​កណ្តាល​)

សម្រាប់​​លោក គុជ សុខគ្រុយ ជាម្ចាស់កសិដ្ឋាន​ចិញ្ចឹមជ្រូក​នៅខេត្ត​កណ្តាល​បាននិយាយថា សិក្ខាសាលា​​នេះ​បាន​ផ្តល់ចំណេះ​ដឹងពីជំងឺប៉េស្តជ្រូកអាហ្រិ្វក (ASF) និង​វិធីបង្ការ​មេរោគនេះ​កុំ​ឱ្យ​ឆ្លង​រាល​ដាល​ពី​ជ្រូក​មួយទៅ​ជ្រូកមួយទៀត។ ទោះបី​ជាមានជំងឺនេះ ​កើតមាន​ឡើងនៅ​លើសត្វជ្រូក ប៉ុន្តែ​លោក​ថា​​វា​មិន​អាច​ចម្លង​ដល់មនុស្ស​ទេ​ ដែលជាហេតុ​ធ្វើឱ្យរូបលោក​នៅតែ​បន្តការចិញ្ចឹម​សត្វជ្រូក និង​លើក​ទឹក​ចិត្ត​ដល់​កសិករដទៃ​ទៀត​បន្តចិញ្ចឹម។   ជាមួយគ្នា​នេះដែរ លោក ​និន បូរ៉ា ជាម្ចាស់​កសិដ្ឋាន​នៅខេត្តតាកែ​វ បានឲ្យដឹងថា៖ «ខ្ញុំទទួល​បាន​ចំណេះដឹង​ស៊ីជម្រៅ​ជាងមុន​អំពីជំងឺ​ប៉េស្តជ្រូក​អាហ្រិ្វកនេះ ​និងបាន​ស្រាយចម្ងល់​មួយ​ចំនួន​ និង​ទទួល​បាន​ចំណេះ​ដឹង​ក្នុងការ​សង្កេតមើលស្ថាន​ភាពជំងឺ​ និងវិធីបង្ការ​ជាដើម​»។​

(លោក ​និន បូរ៉ា ជាម្ចាស់​កសិដ្ឋាន​នៅខេត្តតាកែ​វ )

ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយ​មេរោគ​នេះ​រស់​នៅ​ជុំវិញ​បរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈការ​ប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹក​នោម ​និងលាមកជ្រូកមានជំងឺ តាមរយៈ​ការដកដង្ហើមចូលដែល​មាន​មេរោគ​​ក្នុងខ្យល់ ការស៊ី​ចំណី​ដែល​ជាកាក​សំណល់ផ្ទះបាយដែលមានមេរោគ ​ហើយ​​ជ្រូក​ព្រៃ​ក៏ជាភ្នាក់ងារ​ចម្លងជំងឺ​បាន ​តែវាមិន​បង្ហាញ​អាការៈ​ជំងឺឲ្យ​ឃើញនោះទេ​។ ជាមួយគ្នានេះ ដែរ​មេរោគនេះ​ក៏អាច​តោងជាប់​នៅ​ជាមួយ​​យានយន្ត​ សម្លៀកបំពាក់​ដែល​បាន​ប្រើ​ប្រាក់​ក្នុង​តំបន់​មាន​មេរោគនេះ​។

លោកវេជ្ជបណ្ឌិត Roongroje បានបន្ថែម​​​ថា មធ្យោបាយ​ដ៏ល្អបំ​ផុតក្នុងការបង្ការជំងឺនេះ ប្រ​ជា​ជន​ត្រូវ​ស្វែង​យល់ឲ្យបាន​ច្បាស់​ពីការ​គ្រប់គ្រង​ផ្នែក​បច្ចេកទេស ដឹង​ពីរបៀប​បង្ការ​ក្នុង​ការ​អនុវត្ត​តាម​ជី​វៈ​សុវត្ថិភាព​របស់​កសិដ្ឋាន និង​សហការ​ផ្តល់ព័ត៌មាន​ដល់ភ្នាក់​ងារសុខ​ភាពសត្វ។​

ចំពោះ​​អាការៈជំងឺនេះគឺ​​ ជ្រូកមាន​កម្តៅខ្ពស់ ស្បែក​ឡើងក្រហម​មានកន្ទួល​ឈាម​ហើយ​មាន​ស្នាម​ជាំ​លើ​ស្លឹក​ត្រ​ចៀក​ ពោះ​ និងជើងក្រោយ ​មាន​អាការៈ​ពិបាក​ក្នុង​ការ​ដកដង្ហើម បញ្ហារ​​ខាង​ប្រព័ន្ធ​រំ​លាយ​​អាហារ លា​មក​រាក​មានលាយឈាម ជ្រូក​មាន​ការ​រលូតកូន ឬកូន​កើត​មក​ភ្លាម​ងាប់ភ្លាម និង​​​ជ្រូក​អាច​ងាប់​ភ្លាម​ៗ​ដោយ​មិនមាន​រោគសញ្ញា​អ្វីទំាងអស់។

គួរបញ្ជាក់ដែរថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក ​នឹងធ្វើឱ្យសត្វជ្រូកងាប់​ជាច្រើន​(អាចនឹង​មាន​អាត្រា​ងាប់១០០ភាគរយ) ដែល​ជំងឺនេះ​មិនទាន់​មានវ៉ាក់សាំង​ និងវិធីព្យាបាល​នៅ​ឡើយ​ទេ ប៉ុន្តែវា​ជាជំងឺ​ដែល​មិន​ឆ្លងទៅមនុស្ស៕

អត្ថបទ៖ ទូច សុខា

មតិយោបល់