• 2019-06-13 00:28:33
  • ការអប់រំ

គ្រូ​បារម្ភ​ពី​ការ​ប្រើ​ទូរស័ព្ទ​ទំនើប​របស់​សិស្ស​មិន​ត្រឹមត្រូវ នាំ​ឲ្យ​រំខាន​ការ​រៀន​សូត្រ

  • 2019-06-13 00:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​សិស្ស​នៅ​ទីក្រុង​ទេ សូម្បី​សិស្ស​នៅ​ទី​ជនបទ​ឆ្ងាយៗ ក៏​មាន Smartphone ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Internet ដើម្បី​ប្រើប្រាស់​ដែរ​។ ប៉ុន្តែ​ការ​ប្រើប្រាស់​របស់​ពួក​គេ ធ្វើ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ព្រួយ​បារម្ភ​ខ្លាំង ពី​បញ្ហា​ដែល​អាច​នាំ​ឲ្យ​រំខាន​ដល់​ការ​សិក្សា​។ ព្រោះ​បើ​តាម​ការ​សង្កេត​មើល​របស់​ពួក​គាត់​ផ្ទាល់​ឃើញ​ថា សិស្សានុសិស្ស​ដែល​មាន Smartphone ប្រើ ភាគ​ច្រើន​ប្រើ​សម្រាប់​តែ​ការ​កម្សាន្ត ដូច​ជា​លេង ហ្គេម ស្ដាប់​តន្ត្រី លេងFacebook Chat ជាដើម ច្រើន​ជាង​ការ​ប្រើ​ដើម្បី​ស្រាវជ្រាវ​មេរៀន ឯកសារ តាមដាន​ដំណឹង​ដែល​ពាក់ព័ន្ធ​ការ​សិក្សា និង​មុខងារ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​។

សិស្សវិទ្យាល័យកាន់ទូរស័ព្ទដៃ

លោក​គ្រូ​ចេង ស៊ីថា គ្រូ​បង្រៀន​មុខវិជ្ជា​រូបសាស្ត្រ និង​គីមី​សាស្ត្រ នៃ​វិទ្យាល័យ​ព្រៃ​ឃ្លៃ នា​ស្រុក​ជុំ​គិរី ខេត្ត​កំពត​លើក​ឡើង​ថា ក្នុង​ចំណោម​សិស្ស ២៥ ទៅ ៣០ នាក់ សិស្ស​ដែល​មាន​ទូរស័ព្ទ​ទំនើប​ប្រើ យ៉ាង​ហោច​ណាស់​ពី ៨០ ភាគរយ​ទៅ ៩០ ភាគរយ សម្រាប់​សិស្ស​នៅ​ជនបទ តួយ៉ាង​សាលា​របស់​លោក​គ្រូ​។ ការ​ប្រើប្រាស់​របស់​ពួក​គេ​មិន​បាន​បម្រើ​ឲ្យ​ការ​សិក្សា​នោះ​ទេ​។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូ ស៊ីថា លោក​គ្រូ​អ្នក​គ្រូ​បន្ទុក​ថ្នាក់ ក៏​ដូចជា​គ្រូ​គ្រប់​មុខវិជ្ជា តែង​តែ​ណែនាំ​ជា​រឿយៗ​ទៅ​កាន់​សិស្ស​ពី​ផល​អវិជ្ជមាន​ដោយសារ​ការ​ប្រើ Smartphone មិន​បម្រើ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​។

លោកគ្រូចេង ស៊ីថា និងអ្នកគ្រូកែវ មីលី

អ្នក​គ្រូ​កែវ មីលី ជា​បណ្ណារក្ស និង​ជា​គ្រូ​បង្រៀន​មុខវិជ្ជា​ភាសាខ្មែរ​ប្រាប់​ថា សមត្ថភាព​នៃ​ការ​ប្រើប្រាស់ និង​ការ​យល់​ដឹង​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​គ្រូៗ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​មាន​កម្រិត ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​ពន្យល់​ទៅ​កាន់​សិស្សានុសិស្ស​ពី​ផល​ប៉ះពាល់ និង​អត្ថប្រយោជន៍​នៃ​ឧបករណ៍​ទាំង​នោះ​។ អ្វី​ដែល​បារម្ភ​ជាង​គេ គឺ​សិស្ស​ថ្នាក់​ទី ១២ ដែល​ត្រូវ​ប្រលង​នា​ពេល​ខាង​មុខ​នេះ​។ ពួក​គេ​មាន​ទូរស័ព្ទ​ទំនើប​ប្រើ​គ្រប់​ដៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​គ្រូ​ស៊ីថា​។ គាត់​ថា នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ពួក​គេ​ដែល​មាន​របស់​ទំនើប​ប្រើ បើ​ពួក​គេ​ប្រើ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ស្វែងរក​ឯកសារ និង​តាមដាន​ដំណឹង​ដែល​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​។ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ប្រើ​ដើម្បី​កម្សាន្ត​ច្រើន​លើសលប់​ទៅ​វិញ​។

លោក​គ្រូ​ស៊ីថា​ ក៏​ដូចជា​អ្នក​គ្រូ មីលី បាន​មាន​ប្រសាសន៍​ដាស់​តឿន​សិស្សានុសិស្ស​ទាំងឡាយ ជា​ពិសេស​សិស្ស​ដែល​ត្រូវ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ខាង​មុខ​នេះ ឲ្យ​ប្រុង​ស្មារតី កុំ​ធ្វេស​ប្រហែស ខិតខំ​រៀន​សូត្រ កុំ​កម្សាន្ត​ជា​មួយ​ទូរស័ព្ទ​ច្រើន​លើសលប់​ពេក សូម​ប្រើ​វា​ឲ្យ​ត្រឹមត្រូវ​មាន​ប្រយោជន៍ បើ​មិន​ដូច្នោះ​ទេ​វា​នឹង​បំផ្លាញ​អនាគត​យើង​មិន​ខាន​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់