- 2019-06-20 09:32:27
- ស្នេហា
ក្រោយរៀបការរួច មានផ្ទះរស់នៅខ្លួនឯង ឫនៅជាមួយឪពុកម្ដាយ តើមួយណាល្អជាង?
- 2019-06-20 09:32:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរៀបការរួច មានផ្ទះរស់នៅខ្លួនឯង ឫនៅជាមួយឪពុកម្ដាយ តើមួយណាល្អជាង?
ចន្លោះមិនឃើញ
ក្រោយពីរៀបការ ការព្រួយបារម្ភពីបញ្ហាកន្លែងរស់នៅមិនមែនជាបញ្ហាមនុស្សតែម្នាក់នោះឡើយ វាជាបញ្ហាចម្បងដែលគូស្វាមីភរិយាវ័យក្មេងជាច្រើន ត្រូវគិត និងរួមគ្នាដោះស្រាយ គ្រាន់តែវិធីដែលពួកគេដោះស្រាយ មានលក្ខណៈខុសៗគ្នាវាអាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុ និងជីវភាពរបស់គ្រួសារពួកគេតែប៉ុណ្ណោះ។
ជាគណនេយ្យករម្នាក់ដែលទើបនឹងរៀបការរួចកាលពីខែមេសា ឆ្នាំនេះ អ្នកនាង ជា សុជាតិ បានរៀបរាប់ថា ក្រោយពីរៀបការរួចបើតាមចិត្តរបស់គ្រួសារ (ស្វាមី) ខ្ញុំគាត់ចង់បានផ្ទះមួយនៅឯស្រុក ដែលល្មមអាចឲ្យពួកយើងរស់នៅបាន តែសម្រាប់ខ្ញុំគឺខ្ញុំគិតថា ចង់រកទិញផ្ទះណាល្មមធូរថ្លៃមួយនៅភ្នំពេញ។ ដូច្នេះពេលនេះពួកយើងកំពុងគិត និងពិចារណាសិន តែបើតាមចិត្តគាត់ (ស្វាមី) គឺគាត់តាមខ្ញុំច្រើនជាង។
នៅពេលសួរថា ចុះហេតុអ្វីមិនរស់នៅជាមួយឪពុកម្ដាយតែម្ដងទៅ? អ្នកនាង សុជាតិ បានលើកឡើងថា ការរស់នៅផ្ទះជាមួយឪពុកម្ដាយក្រោយរៀបការរួច វាមិនមានបញ្ហាអ្វីធំដុំទេ ក៏ប៉ុន្តែយើងមិនអាចរស់នៅបែបនេះរហូតបានទេ ព្រោះបន្តិចទៀតយើងនឹងមានកូន ហើយពេលគេធំឡើងគេត្រូវការបន្ទប់ខ្លួនឯង។ ដូច្នេះវាចាំបាច់ណាស់ដែលយើងត្រូវមានផ្ទះខ្លួនឯង។
អ្នកនាង សុជាតិ បន្តថា ការរស់នៅជុំគ្នាជាមួយឪពុក-ម្តាយក្មេក ឫ ឪពុកម្តាយបង្កើត ក្រោយពីរៀបការរួច ដំបូងវាអាចមិនមានបញ្ហាអ្វីធំដុំទេ តែយូរៗទៅវាអាចនឹងមានបញ្ហា ទាស់ទែងក៏ដូចជាការរស់នៅមិនចុះសម្រុង មើលមុខគ្នាមិនចំ ព្រោះយើងមិនប្រាកដថា ប្ដីរបស់យើងគាត់អាចរស់នៅចុះសម្រុងជាមួយឪពុកម្ដាយក្មេក ហើយយើងខ្លួនឯងក៏ មិនប្រាកដថាអាចរស់នៅចុះសម្រុងជាមួយឪពុក ម្តាយខាងប្តីដែរ។
ការរស់ផ្ទះដោយឡែកពី ឪពុក-ម្តាយ ធ្វើឲ្យយើងមានភាពទទួលខុសត្រូវចំពោះគ្រួសារ ចេះពឹងពាក់លើសមត្ថភាពខ្លួនឯង រស់នៅប្រកបដោយភាពសុខដុមរមនា រវាងប្ដី និងប្រពន្ធ មានអីហូបនឹង ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ចេះអធ្យាស្រ័យយោគយល់គ្នា ដឹងពីសុខទុក្ខគ្នា បើមានចំណុចខ្វះខាតត្រូវបំពេញឲ្យគ្នា នេះទើបជាការចាប់ផ្ដើមកសាងជីវិតគ្រួសារមួយដ៏ល្អ។ ការមានផ្ទះផ្ទាល់ខ្លួនក្រោយពីរៀបការរួចវាជាជម្រើសល្អបំផុតសម្រាប់គូស្វាមីភរិយាវ័យក្មេង ដែលត្រូវការជាចាំបាច់នូវជម្រកមួយសម្រាប់ការកសាងសុភមង្គលគ្រួសារថ្មី និងជៀសវាងនូវការទាស់ទែងនានា ក៏ដូចជាការរស់នៅមិនចុះសម្រុង មើលមុខគ្នាមិនចំ ដែលអាចកើតមានឡើងនៅពេលទៅនៅជាមួយឪពុកម្ដាយក្មេក ឫ ឪពុកម្ដាយបង្កើត៕